ព័ត៍មានទាន់​ហេតុការណ៏
Search

ការសន្យា​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ របស់​សម្តេច​តេ​ជោ ​ពោរពេញ​ដោយ​ក្តីសង្ឃឹម និង​ភាពជឿជាក់​

នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចុងក្រោយ នៅ​ថ្ងៃទី​២៧ កក្កដា​ឆ្នាំ​២០១៨​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ សម្រាប់​រដ្ឋសភា​នីតិកាល​ទី​៦ នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​ខាង​មុននេះ​។​

ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​ក៏បាន​សច្ចា​ថា ​នឹង​ការពារ​ឱ្យបាន​នូវ​សុខសន្តិភាព និង​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​ទប់ស្កាត់​មិនឱ្យ​សង្គ្រាម​កើតឡើង​ជាថ្មី នៅលើ​ទឹកដី​នៃ​មាតុភូមិ​អង្គរ ​ដ៏​ស្រ​ស់បវរ​នៃ​យើង​នោះ​។​

«​ខ្ញុំ​មិន​នាំ​បក្ស​បរាជ័យ និង​មិន​នាំ​ប្រទេស​ទៅកាន់​ថ្លុកឈាម ដូច​អតីតកាល​នោះទេ​។​» សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​យ៉ាង​ឱឡារិក​ ទៅកាន់​សមាជិក​បក្ស ​២៥​ម៉ឺន​នាក់ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចុងក្រោយ​នេះ​។​

​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី​ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ការសន្យា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​អ្នកនយោបាយ​ «​ហ៊ាន​ថា​» ហើយ «​ហ៊ាន​ធ្វើ​» ​នោះ ពិតជា​ការតាំង​ចិត្ត​ប្រកបដោយ​ភាពជឿជាក់​ សម្រាប់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ហើយក៏​ជា​ក្តីសង្ឃឹម​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​ប្រាថ្នា​ចង់​រស់នៅ​ ប្រកបដោយ​សុខសន្តិភាព​នោះដែរ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​យុទ្ធនា​ការបោះឆ្នោត​ចុងក្រោយ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំឭក​ឡើងវិញ ​អំពី​ការងារ​របស់​សម្តេច​អស់​រយៈពេល​ជាង​ ៣០​ឆ្នាំ ​កន្លងមកនេះ ក្នុង​ការជួយ​រំដោះប្រទេស​កម្ពុជា​ ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម និង​ក្នុង​ការពារ​សុខសន្តិភាព ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា កន្លងមកនេះ​។

​ដោយឡែក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចាត់ទុក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ដែល​បាន​បង្ក​ហា​នី​ភ័យ​ក្នុងសង្គម ដែល​គួរឱ្យ​ភ័យខ្លាច​បំផុត​ផងដែរ ដោយ​សម្តេច​បានលើកឡើង​ថា​៖ «​យើង​សុខចិត្ត​បង់ថ្លៃ​មួយចំនួន តែ​មិនឱ្យ​សង្គ្រាម​កើតឡើង​ឡើយ​»​។

​គួរបញ្ជាក់​ផងដែរ បន្ទាប់ពី​បញ្ចប់​ការ​ថ្លែង​សារ​នយោបាយ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​សមាជិក​បក្ស​ជាង ​២០​ម៉ឺន​នាក់ ដង្ហែរ​ក្បួន​ឃោសនា នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ក្នុងខណៈ​ពេល ដែល​គណ​បក្សនយោបាយ​ផ្សេងទៀត ​ក៏បាន​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃ​ចុងក្រោយ​នេះដែរ មុននឹង​សម្រាក​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត ស្របទៅតាម​ច្បាប់បោះឆ្នោត ​របស់​ប្រទេស​កម្ពុជា​នោះ​។​

​ទន្ទឹមនឹងនេះ អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ មាន​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ពីរ ពោលគឺ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែលមាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក និង​អង្គការ​លើកលែងទោស​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បានចេញ​សេចក្តីថ្លែងការណ៍ ​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅវិញ​។

​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​សរសេរ​លិខិត​ចំហ មកកាន់​គណបក្សកាន់អំណាច និង​គណបក្ស​ទាំង​១៩​ទៀត ដែល​ចូលរួម​ ក្នុងការ​បោះឆ្នោត​នា​អាណត្តិ​នេះ ដើម្បី​សុំឱ្យ​មានការ​ធានា​ នូវ​ការគោរព​សិទ្ធិមនុស្ស និង​ទាមទារ​ឱ្យ​គោរព​សិទ្ធិ ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​បញ្ចេញមតិ​ជា​សាធារណៈ និង​ការបញ្ចេញមតិ​លើ​បណ្តាញ​សង្គម​។

​រីឯ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដែលមាន​ចំណងជើង​ថា «​ការបោះឆ្នោត​នៅ​កម្ពុជា មិនមែនជា​ការបោះឆ្នោត ​ពិតប្រាកដ​នោះទេ ដោយសារតែ​គណបក្សប្រឆាំង មិនបាន​ចូលរួម​» ដោយ​អង្គការ​មួយ​នេះ​ ចោទប្រកាន់ថា ប្រជាជន​កម្ពុជា បាន​បាត់បង់​សិទ្ធិ ក្នុងការ​ជ្រើសរើស​រដ្ឋា​ភិ​បាល​ថ្មី ដែល​ពួកគេ​ចង់បាន សម្រាប់​ការបោះឆ្នោត​លើក​នេះ ។

«​បញ្ហា​ដ៏​ធ្ងន់ធ្ងរ ​ក្នុងការ​បោះឆ្នោត គឺ​ការរំលាយ​គណបក្សប្រឆាំង និង​ការឃុំខ្លួន​សមាជិក​សំខាន់ៗ ​របស់​អតីត​គណបក្សប្រឆាំង​។ រឿង​ផ្សេងទៀត ដែល​គួរឱ្យ​បារម្ភ​ដែរនោះ មានដូចជា ការមិន​ផ្តល់​ភាពស្មើគ្នា ដល់​ស្ថាប័ន​សារព័ត៌មាន ក្នុងការ​ផ្សព្វផ្សាយ ការ​រឹតត្បិត​លើ​ការបញ្ចេញមតិ និង​ការជួបជុំ ជាដើម​។​» អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​នេះ បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។

​ជាការ​ពិតណាស់ ដូច​កា​សែ​កម្ពុ​ជាថ្មី​ ធ្លាប់បាន​លើកឡើង​ នៅក្នុង​បទ​វិចារណកថា​កន្លងមក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ក៏ដូចជា​អង្គការ​ឃ្លាំមើល ​ការបោះឆ្នោត​អន្តរជាតិ​មួយចំនួនទៀត រមែង​មាន​របៀបវារៈ​នយោបាយ​របស់ខ្លួន ហើយ​តែងតែ​ធ្វើការ​រិះគន់ និង​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា ស្របទៅតាម​ទស្សនវិស័យ​ របស់​ម្ចាស់ជំនួយ​នានា ដូចជា​សហ​គន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផ្ទាល់​នោះ​។​

​កាសែត​កម្ពុ​ជាថ្មី សូម​លើកទឹកចិត្ត​ ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុ​ជា ប​ន្ត​ធ្វើការ​អត់ធ្មត់ ហើយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការបោះឆ្នោត ការកសាង​លទ្ធិប្រជាធិបតេយ្យ និង​ការការពារ​សុខសន្តិភាព ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​។​

​ជាការ​ពិតណាស់ សម្តេច​តេ​ជោ ហ៊ុន សែន មិនអាច​ធ្វើ​អ្វីៗ​ ដើម្បី​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​នោះឡើយ​។ បើ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មិន​ពេញចិត្ត ជា​រឿង​របស់គេ​។ ប៉ុន្តែ ការធ្វើ​អ្វីៗដែល​សម្តេច​យល់ថា​ត្រឹមត្រូវ និង​ផ្តល់​សុខសន្តិភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​នោះ វា​ជា​កាតព្វកិច្ច​ដ៏​ធំធេង និង​ឧត្តុង្គឧត្តម​របស់​សម្តេច​ពេក​ណាស់​ទៅហើយ​៕ (បទ​វិចារណកថា​ ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684