ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ខ្មែរ​គួរតែ​ទៅ​បោះឆ្នោត ​ដើម្បី​ពង្រឹង​បាវចនា​ «​ជាតិ សាសនា ព្រះមហាក្សត្រ​»

យោងតាម​គេហទំព័រ ​ស្តីអំពី​ការបោះឆ្នោត ហៅ​កាត់​ថា រេ​ដ (R-ED) ចេញផ្សាយ​នៅ​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៧ ដែល​បាន​បង្កើតឡើង ​ដើម្បី​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ នៅក្នុង​បណ្តា​ប្រទេស​នៅ​តំបន់​ឧបទ្វីប​សាហា​រ៉ា ទ្វីបអាហ្វ្រិក ទៅ​បោះឆ្នោត គេ​បាន​ពន្យល់ថា «​ដោយសារ​លទ្ធិប្រជាធិបតេយ្យ គឺជា​ប្រភេទ​នៃ​រដ្ឋាភិបាល ​ដែល​បង្កើតឡើង​ដោយ​ប្រជាពលរដ្ឋ និង​សម្រាប់​ប្រជាពលរដ្ឋ​នោះ ប្រជាពលរដ្ឋ​ទាំងអស់ ​ចាំបាច់​នាំគ្នា​ទៅ​បោះឆ្នោត​។​»

​គេហទំព័រ រេ​ដ បាន​ពន្យល់​បន្ថែមថា ការបោះឆ្នោត​ផ្តល់នូវ​អត្ថប្រយោជន៍​ ជាច្រើន​ដល់​ប្រជាពលរដ្ឋ ដូចជា​៖

១) ការបោះឆ្នោត​ ផ្តល់​អំណាច​ដល់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ អាចធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល តាមរយៈ​ការបោះឆ្នោត ដែល​គេ​អាច​លើកឡើង​ នូវ​ទុក្ខ​កង្វល់ និង​សំណូមពរ​របស់គេ​នានា​។​

២) ការបោះឆ្នោត​​ បង្កើន​នូវ​គណនេយ្យភាព​។ ដោយសារ​ប្រជាពលរដ្ឋ​បោះឆ្នោត​ ជ្រើសរើស​រដ្ឋាភិបាល ដូច្នេះ​រដ្ឋាភិបាល​ត្រូវមាន​គណនេយ្យភាព ​ចំពោះ​ប្រជា​ពល​រដ្ឋ​។ ប្រជាពលរដ្ឋ​អាច​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី ប្រសិនបើ​រដ្ឋាភិបាល​មួយ ​មិនបាន​បំពេញការ​ងារ​​ស្របតាម​បំណងប្រាថ្នា ​របស់​ប្រជាពលរដ្ឋ​ទេនោះ​។

៣) ការបោះឆ្នោត​ បង្កើន​នូវ​ការចូលរួម​របស់​សាធារណៈ​។ ការបោះឆ្នោត គឺជា​ទម្រង់​មួយ​ នៃ​ការបញ្ចេញមតិ​ ដែល​សម្តែងឡើង​ដោយ​មនុស្ស​គ្រប់រូប ដោយ​សេរី ទោះបីជា​ទស្សនៈ​នៃ​ការគាំទ្រ​របស់គេ​ប្រភេទ​ណា​ក្តី​។ បើ​មនុស្ស​កាន់តែច្រើន​នាក់ ​បាន​ទៅ​បោះឆ្នោត វា​ក៏​ឆ្លុះបញ្ចាំង​នូវ​ទស្សនៈ​ របស់​មនុស្ស​ភាគច្រើន​ដែរ​។​

​ចំណែក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់​ ក៏បាន​ត្រៀមខ្លួន​ជា​ស្រ​ច ដើម្បី​ទៅ​បោះឆ្នោត នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះដែរ​។​

​ដូចជា​ប្រទេស​ជាច្រើន ​នៅក្នុង​សកលលោក ប្រទេស​កម្ពុជា​ ជា​ប្រទេសមួយ​ដែល​ប្រកាន់យក​ «​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​» ដែល​ជ្រក​ក្រោម​បាវចនា «​ជាតិ សាសនា ព្រះមហាក្សត្រ​»​។​

​ដូច្នេះហើយ ការបោះឆ្នោត​ មិន​គ្រាន់តែ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​នោះទេ ពោលគឺ​ការបោះឆ្នោត ​ក៏​ចូលរួមចំណែក​ក្នុងការ​ពង្រឹង ​បាវចនា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នេះដែរ​។​

​ទីមួយ ការបោះឆ្នោត គឺ​ដើម្បី ​«​ជាតិ​» ពីព្រោះ​ប្រជាពលរដ្ឋ​ទាំងអស់​ អាច​ទ្រទ្រង់​ប្រទេសជាតិ​របស់ខ្លួន ឱ្យមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ តាមរយៈ​ការបោះឆ្នោត ​ជូន​គណបក្ស​ដែលមាន​គោលនយោបាយ​បែបនេះ​ដែរ​។ ដើម្បី​រក្សា​នូវ​ជំហរ​អ​ព្យា​ក្រិ​ត្យ ​នៅ​ថ្ងៃ​បោះឆ្នោត​នេះ កាសែត​កម្ពុ​ជាថ្មី​ សុំ​មិន​បញ្ចេញ​ឈ្មោះ​គណបក្ស​ណា​ ដែល​ប្រជាពលរដ្ឋ​គួរតែ​បោះឆ្នោត​ជូន​នោះឡើយ​។ ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​អាច​យល់​ជ្រាប​ច្បាស់​ថា ​តើ​គេ​គួរ​បោះឆ្នោត​ជូន​គណបក្ស​ណាមួយ​នោះ តាមរយៈ​យុទ្ធនាការ ​បោះឆ្នោត​ដែល​ទើបតែ​បញ្ចប់ទៅ​ថ្មីៗ​នេះ​។​

​ទី​ពីរ ការបោះឆ្នោត គឺ​ដើម្បី​«​សាសនា​»​។ ជាការ​ពិតណាស់ ការបោះឆ្នោត​ខុស តាមរយៈ​ការជ្រើសរើស​គណបក្ស​ ដែលមាន​គោលនយោបាយ​ ប្រឆាំងនឹង​សាសនា អាច​បង្ក​គ្រោះថ្នាក់​ដល់​សង្គម និ​អ្នក​ដែលមាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ក៏ដូចជា​សាសនា​ដទៃ​នោះ​។ ឧទាហរណ៍ នៅក្នុង​ការបោះឆ្នោត​ នៅ​ប្រទេស​អាល្លឺម៉ង់ នៅ​ឆ្នាំ​១៩៣១ គណបក្ស​«​ណា​ហ្ស៊ី​»​របស់ អា​ដុល​ហ្វ ហ៊ី​ត្លែរ (Adolf Hitler) បាន​ជាប់ឆ្នោត ហើយ​បាន​លុបបំបាត់​សាសនា​ជ្វី​ហ្វ និង​សម្លាប់​អ្នក​កាន់សាសនា​នេះ​ចោល ​រហូតដល់​៦​លាន​នាក់ទៀត​ផង​។​

​ទី​បី ការបោះឆ្នោត គឺ​ដើម្បី​ទ្រទ្រង់​ស្ថាប័ន ​«​ព្រះមហាក្សត្រ​» ​នេះឯង​។ ដូចជា​ការបោះឆ្នោត ​ដើម្បី​ទ្រទ្រង់​«​ជាតិ​» និង​«​សាសនា​» ការបោះឆ្នោត ក៏​អាចជួយ​ឱ្យ​អ្នកបោះឆ្នោត ​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុង​ការជួយ​ទ្រទ្រង់​ស្ថាប័ន​ «​ព្រះមហាក្សត្រ​» ​ផងដែរ​។ ជាការ​ពិតណាស់ ការបោះឆ្នោត​ជ្រើសរើស​គណបក្ស ​ដែលមាន​និន្នាការ​ប្រឆាំង​រាជានិយម ប្រៀបដូចជា​ការបោះឆ្នោត ​រំលាយ​ស្ថាប័ន ​«​ព្រះមហាក្សត្រ​» ​ចោល​ដូច្នេះ​ដែរ​។​

​លើសពីនេះទៅទៀត​នោះ កាលពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៨ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះ​មហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថែមទាំង​បានចេញ​ព្រះរាជសារ ​ផ្ញើជូន​ជនរួមជាតិ ដោយ​ព្រះអង្គ​បាន​អំពាវនាវ ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ ដែលមាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត ​ឱ្យបាន​គ្រប់ៗ​គ្នា​ផងដែរ​។​

​ក្នុង​ព្រះរាជសារ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​មានបន្ទូលថា​៖ «​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃអាទិត្យ​ ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ខាងមុខនេះ​។ ក្នុងឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ជា​ឱឡារិក ​ជូន​ជនរួមជាតិ​ អ្នកមាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ ឱ្យបាន​គ្រប់ៗ​គ្នា ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ ដើម្បី​ការអភិវឌ្ឍ និង​ការរីកចម្រើន​រុងរឿង ​ថ្កើ​ន​ថ្កាន ​លើ​គ្រប់​វិស័យ​។​»

​ព្រះរាជសារ​ដដែល​បាន​បន្តថា​៖ «​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ គឺជា​ការបោះឆ្នោត​ជាទូទៅ ជាស​កល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្របតាម​គោលការណ៍​ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ដូចនេះ សូមកុំ​ឱ្យមាន​ការព្រួយបារម្ភ ​ពី​ការគាបសង្កត់ ការគំរាមកំហែង ឬ​សម្លុត​ពី​ជនណាម្នាក់ ឬ​បក្សនយោបាយ​ណាមួយ​ឱ្យសោះ​។​»

​ព្រះករុណា បាន​គូសបញ្ជាក់​ក្នុង​ព្រះរាជសារ​ថា​៖ «​ខ្ញុំ​សូម​ជូនពរ​រួម​ជាតិ​ទាំងអស់ មេត្តា​ប្រើ​សិទ្ធិសេរីភាព​បោះឆ្នោត ទៅតាម​សិត​សម្បជញ្ញៈ​របស់ខ្លួន​ម្នាក់ៗ ដែលមាន​ទំនុកចិត្ត ​ទៅលើ​បេក្ខជន​ណា​ម្នាក់ គណបក្ស​ន​យោ​​បាយ​ណាមួយ ដោយ​សេរី​។​»​

ព្រោះ​ហេតុដូច្នេះ ប្រជាពលរដ្ឋ​ខ្មែរ ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​សរុប​ជាង​៨​លាន​៣​សែន​នាក់ ចាំបាច់​អញ្ជើញ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​នេះ ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​អាណត្តិ​ទី​៦ តាម​ឆន្ទៈ​រៀងៗ​ខ្លួន​។​

​ជាការ​ពិតណាស់ ការ​ទៅ​ចូលរួម​បោះឆ្នោត ក៏​ជាការ​ឆ្លើយតប​យ៉ាង​ថ្លៃថ្នូរ​ ទៅនឹង​សេចក្តីអំពាវនាវ​របស់​ អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​នៃ​យើង ក៏ដូចជា​ជួយ​ពង្រឹង​នូវ​បាវចនា ​«​ជាតិ សាសនា ព្រះមហាក្សត្រ​» នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684