ព័ត៍មានទាន់​ហេតុការណ៏
Search

ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ​និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដក​ហូត​បាន​ថ្នាំញៀន​៤​កញ្ចប់ ធំ​និង​តូច

ភ្នំពេញ ​៖​ ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ម្នាក់ ​ត្រូវបាន​កម្លាំង​នគរ​បាន​ខណ្ឌទួលគោក ដែល​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​និង​រឹង​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ធ្វើការ​ឃាត់ ដោយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ​និង​២​កញ្ចប់​តូច ខណៈ​ជនសង្ស័យ​រូប​នេះ​ជិះ​ម៉ូតូ​ឆ្លងកាត់ ​ហើយ​ប៉ូលិស​ឆែកឆេរ​ឃើញ​មាន​ថ្នាំញៀន​នោះ។

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ទួលគោក តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ភ​ក្ត្រ័ ចិន្តា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​សំណង់ ​ស្នាក់​នៅក្នុង​ការដ្ឋាន មាន​ស្រុកកំណើត ភូមិ​ស្វាយ​លិច ឃុំ​ស្វាយ​លិច ស្រុក​កងមាស ខេត្តកំពង់ចាម។

មន្ត្រី​ប៉ូលិស​ផ្នែក​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​គឺ ប៉ូលិស​ទួលគោក​បាន​កម្លាំង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ទប់​ស្កាត់​បទល្មើស​ផ្សេងៗ​និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ចំណុច​កើតហេតុ​ខាងលើ ខណៈ​នោះ​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​SL ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CO-3796 ឆ្លងកាត់​ដោយ​ដៅ​ទិស ពី​ជើង​ទៅ​ត្បូង​។ ខណៈ​ឃើញ​ប៉ូលិស​ដាក់​គោលដៅ​ជនសង្ស័យ ក៏បាន​យក​ថ្នាំញៀន​ ដែល​ខ្លួន​លាក់​ទុក​នៅក្នុង​កញ្ចប់​បារី​ទម្លាក់​ចោល។ តែ​ដោយ​កម្លាំង​សមត្ថកិច្ច​មាន​កា​សង្ស័យ​បាន​ហៅ​ឲ្យ​ឈប់​រួច​ដើរទៅ​រើស​កញ្ចប់​បារី មើលឃើញ​ថ្នាំញៀន​២​កញ្ចប់​ធំ​និង​២​កញ្ចប់​តូច ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​កន្លែង​ភ្លាមៗ​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុតាង​ត្រូវ​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​សួរនាំ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕