ព័ត៍មានទាន់​ហេតុការណ៏
Search

សូម​នាំ​អារម្មណ៍​លោកអ្នក​មក​កម្សាន្ត ​និង ​ប្រវត្តិ​នៃ​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន

សៀមរាប ៖ ​ថ្ងៃនេះ​សូម​នាំ​អារម្មណ៍​លោកអ្នក​មក​កម្សាន្ត​នៅ​ភ្នំ​គូលែន នៃ​ខេត្តសៀមរាប ភ្នំគូលែន​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រ​វ​ត្ដិ​សាស្ដ្រ​ជាច្រើន​ដូចជា តំបន់​ទឹកធ្លាក់ ព្រះអង្គ​ធំ វាល​ស្ដេច​គម្លង់ វាល​ព្រះ​សព ព្រះ​ក្រាល សំពៅ​ធា្ល​យ និង​មាន​ប្រាសាទ តូចៗ​ធ្វើ​អំពី​ឥដ្ឋ​ជាច្រើន​ទៀត ដែល​ជា​កេរដំណែល​ស្នា​ព្រះ​ហ​ស្ថ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ កសាងឡើង។

តំបន់​ទឹកធ្លាក់ គឺជា​ប្រភព​ដើម​កំណើត​របស់​ស្ទឹង​សៀមរាប ហូរ​កាត់​កណ្ដាល​ទីរួមខេត្ដ​ចាក់​ឆ្ពោះ​ទៅ​កាន់​បឹង​ទន្លេសាប មាន​ទឹក​ថ្លាយង់​ជាទី​ពេញនិយម​របស់​ងូត​លេង​កម្សាន្ត ។ ទឹកជ្រោះ​ធ្លាក់​សំយុង​ទៅ​ប៉ះ​នឹង​ថ្មដា​បែក​ផ្កាត្រែង​គួរ​ឲ្យ​ចង់​ទស្សនា។

នៅក្បែរ​ទឹកជ្រោះ​ធ្លាក់ មាន​ប្រាសាទ​២ ធ្វើ​អំពី​ថ្មបាយក្រៀម​សង់​អម​សងខាង​មាត់​អូរ ដែល​គេ​ឲ្យ​ឈ្មោះថា (​ក្រាល​រមាស​)​ប៉ុន្ដែ​នៅ​ប៉ែក​ខាងលិច​ត្រូវ​ដួលរលំ និង​បាត់​ថ្ម​អស់​មួយចំនួនធំ​នៅ​សល់តែ​ខឿន​ជញ្ជាំង​បន្ដិចបន្ដួច​ប៉ុណ្ណោះ។

ចំណែកឯ​ស្រះ​ដំរី​វិញ​មាន​បណ្ដោយ​១៥០​ម៉ែត្រ និង​ទទឹង​៧០​ម៉ែត្រ ជម្រៅ​៣​ម៉ែត្រ ដែលមាន​រូប​ដំរី តោ ខ្លា ហើយ​រូប​ទាំងអស់នោះ​សុទ្ធសឹងតែ​រចនា​ចេញពី​ថ្មភ្នំ​ទាំងអស់។

ស្ដេច​គម្លង់ តាម​ចាស់ៗ​តំណាល​ថា ស្ដេច​តម​ថ្នាំ​ព្រោះ​នៅ​ទីនោះ​មាន ឆ្នាំង​ថ្នាំ និង​វត្ថុ​តាង ផ្សេងៗ​ទៀត​រាប់មិនអស់។ វាល​នោះ​ក្រាល​ថ្ម ទំហំ​ធំ ហើយ​ចំ​កណ្ដាល​មាន​អូរ​ហូរ​កាត់ អាង​១ សម្រាប់​មនុស្ស​ពីរ​ទៅ​បី​នាក់​អង្គុយ និង​អាង​១​ទៀត​សម្រាប់​មនុស្ស​ម្នាក់​ចុះ​ងូតទឹក។

វាល​ព្រះ​សព ជា​វាល​ក្រាល​ថ្ម​ទំហំ​ធំ ។ នៅលើ​វាល​នោះ​មាន​ព្រះវិហារ​១​តូច​កសាងឡើង​ប្រហែល​ក្នុង​សតវត្ស​ទី​១៩ ធ្វើ​អំពី​ឈើ​ប្រក់​ឈើ។

ព្រះ​ក្រាល ទីនោះ​មាន​ទំហំ​ធំ​ណាស់ ដែលមាន​ពើង​ថ្ម​ពីរ ពើង​មួយ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ មាន​រូបចម្លាក់​ដាប់ថ្ម​ពើង និយាយ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នា​សម័យ​នោះ រីឯ​ពើង​មួយទៀត​មាន​ដាប់​ឆ្លាក់​រូប​មនុស្ស​៥​នាក់ ត្រឹម​ពាក់កណ្ដាល​ខ្លួន​មកលើ។

សំពៅ​ធ្លាយ ជា​ផ្លូវ​បុរាណ​តែ​មើល​ពី​ចម្ងាយ រាងដូចជា​សំពៅ ។ ចាស់ៗ​តំណាល​ថា ស្ដេច​ចិន​យក​សួយ​សា​អាករ​មក​ថ្វាយ​ស្ដេច​ខ្មែរ ហើយក៏​ជល់​សំពៅ​ធ្លាយ​នៅ​ទីនោះ​ដោយ​សំអាង​ថា នៅ​ទីនោះ មាន​ដើម​ថ្នាំ​ចិន ម្រេច និង​គូលែន។ រាង​របស់​សំពៅ​នោះ​មាន​បណ្ដោយ​១​គីឡូម៉ែត្រ ទទឹង​៧០​ម៉ែត្រ កម្ពស់​៧០​ម៉ែត្រ ។ នៅ​តំបន់​សំពៅ​ធ្លាយ​មាន​ប្រាសាទ​ជាច្រើន​ទៀត ដែល​បច្នុប្បន្ន​នៅ​សេសសល់ ខ្លះៗ ។ ទឹកផុស​ចេញពី​ក្នុង​ដី​តែ​ពុំ​ក្ដៅ​ឡើយ រួម​នឹង​រូបចម្លាក់​លិង្គ និង​ព្រះ​វិស្ណុ​ជាច្រើន​ក្នុង​បាត​ស្ទឹង។

ក្នុងភូមិ​សាស្ដ្រ​តំបន់ភ្នំ​គូលែន​នៅ​មាន​ប្រាសាទ​ជាច្រើន​ទៀត ជា​ប្រាសាទ តូចៗ​ធ្វើ​អំពី​ឥដ្ឋ​ព្រោះ​ទីនោះ​នា​អតីតកាល ព្រះបាទ​ជ័យវរ្ម័ន​ទី​២ បាន​តាំង​ធានី ហើយ​បាន​បន្សល់ទុក​កេរដំណែល ជាច្រើន​រហូតមកដល់​សព្វថ្ងៃនេះ។

​រមណីយដ្ឋាន​ដែល​មាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​នេះ​ទាក់ទាញ អ្នកទេសចរ​ទាំង​ខ្មែរ​និង​បរទេស​ទៅ​កម្សាន្ត​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​របស់​ខេត្ដ​សៀមរាប​៕