សេដ្ឋកិច្ច
តម្លៃពោតក្រហមនៅមានទីផ្សារល្អ ទោះថៃបិទព្រំដែន
បច្ចុប្បន្នពោតក្រហមដែលប្រជាកសិករដាំ គឺចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗហើយ ពិសេសគឺនៅតាមតំបន់ជាប់ព្រំដែនថៃ ដោយការប្រមូលផលនេះគឺសម្រាប់កសិករដែលបានដាំពីដើមខែមេសាកន្លងទៅ ដូច្នេះរយៈពេលជាង ៣ ខែប៉ុណ្ណោះគឺអាចប្រមូលផលបានហើយ។

លោក សោ សមាគម កសិកររស់នៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំដែនថៃ បានឱ្យដឹងថា បច្ចុប្បន្នលោកមានដីចម្ការល្មមអាចប្រកបមុខរបរកសិកម្មបាន ដោយលោកបានដាំដុះពោតក្រហម ហើយការដាំនេះគឺបានចាប់ផ្ដើមពីដើមខែមេសា ដូច្នេះមកទល់នឹងខែកក្កដា គឺដំណាំពោតហុចផលអាចប្រមូលបានជាបណ្ដើរៗហើយ។
លោកបានបន្តថា បច្ចុប្បន្នបើទោះបីជាព្រំដែនថៃត្រូវបិទទាំងស្រុងដែលទិន្នផលពោតមិនអាចនាំចេញទៅប្រទេសថៃបានយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នឈ្មួញកណ្ដាលចុះប្រមូលទិញគ្មានសល់ គឺមានន័យថាមានប៉ុណ្ណាគេយកប៉ុណ្ណឹង សម្រាប់ (ពោតស្នូល) ដែលកាច់ភ្លាមពីចម្ការ ហើយបកសំបកភ្លាម គេថ្លឹងយកតែម្ដងក្នុងតម្លៃ ៤៩០ រៀលក្នុងមួយគីឡូក្រាម។

លោក សុខ សំបូរ ជាឈ្មួញកណ្ដាល ចុះទិញពោតតាមស្រុកដែលនៅជាប់ព្រំដែនថៃ ដូចជាស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀងជាដើម លោកបានលើកឡើងថា ថ្វីត្បិតតែព្រំដែនត្រូវបានបិទ ក៏ទីផ្សារពោតមិនងាប់ដែរ ដោយលោកបានដើរប្រមូលទិញ យកមកលក់ឱ្យឈ្មួញធំដែលចាំទិញយកទៅផលិតធ្វើជាចំណីសត្វ នៅក្នុងស្រុកខ្មែរវិញ ដូច្នេះបើទោះបីជាថៃបិទព្រំដែនក៏ខ្មែរមិនស្លាប់ដែរ។
លោក សុខ សំបូរ បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ក៏មានការព្រួយបារម្ភអំពីទីផ្សារនៃផលិតផលកសិកម្មរបស់ខ្មែរយើងឲ្យសោះ គឺត្រូវដាំដុះដោយពុំមានការបាក់ទឹកចិត្តនោះឡើយ ព្រោះលោកចាំទទួលទិញគ្រប់ទីកន្លែងសម្រាប់ភោគ ផលកសិកម្មរបស់ខ្មែរយើង ហើយក៏មិនបានបន្ទាបតម្លៃនោះឡើយ ដោយឱ្យតម្លៃសមរម្យដែលប្រជាកសិករអាចទទួល យកបាន ព្រោះបច្ចុប្បន្នទីផ្សារចំណីសត្វនៅកម្ពុជាកំពុងត្រូវការវត្ថុធាតុដើមច្រើន ដើម្បីផលិតសម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋវិញ។

ក្រុមហ៊ុនកែច្នៃចំណីសត្វដ៏ធំ ស៊ី.ភី.ខេមបូឌា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ បានប្រកាសថា នៅតែបន្តទិញពោតសម្រាប់ផលិតចំណីសត្វ ដោយផ្អែកទៅលើគុណភាពផលិតផល ដែលក្រុមហ៊ុនបានកំណត់ និងបរិមាណសមរម្យ ស្របតាមសមត្ថភាពផ្ទុកទំនិញក្នុងរោងចក្រ។
ក្រុមហ៊ុន ស៊ី.ភី.បានរៀបចំកន្លែងទទួលទំនិញនៅទីតាំងរោងចក្រផលិតចំណីសត្វ ៣ កន្លែង គឺរោងចក្រនៅភ្នំពេញ ខេត្តកំពត និងប៉ៃលិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមបង្វែរនូវកសិផលដែលស្ថិតនៅតាមបណ្ដាខេត្តទាំង ៧ ជាប់ព្រំដែនថៃ ទៅជាធាតុចូលកសិកម្មនៃការកែច្នៃ ធ្វើផលិតកម្មចំណីសត្វក្នុងស្រុក នៅចំពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃ បន្តអូសបន្លាយ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រាជរដ្ឋាភិបាលមានដំណោះស្រាយ២ សម្រាប់រយៈពេលខ្លី និងមធ្យម ពោលគឺកម្ពុជាចាប់ផ្ដើមបង្វែរនូវកសិផលដែលដាំដុះនៅតាមខេត្តជាប់ព្រំដែន ថៃ ទៅជាធាតុចូលកសិកម្មនៃការកែច្នៃ ក្នុងស្រុក ជាពិសេសការកែច្នៃធ្វើផលិតកម្មចំណីសត្វ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានស្នើសុំឲ្យម្ចាស់សីឡូ ទទួលទិញពោតក្រហម ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ សូមជួយបន្តទិញ ពោតក្រហម ឲ្យបានកាន់តែច្រើនពីកសិករ ឱ្យអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ ជាពិសេស នៅចុងខែកក្កដាខាងមុខនេះគឺដល់ការប្រមូលផលពេញធំ។ លោកស្នើឱ្យម្ចាស់ សីឡូជួយទិញក្នុងតម្លៃពី ៥៣០ រៀល ឡើងទៅ គឺកសិករនឹងមិនខាតនោះទេ។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ពោតសម្រេចបានប្រមាណជាង ៥ ម៉ឺនតោន ធ្លាក់ចុះ ២០,៨០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។
របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ផ្ទៃដីដាំដុះពោតក្រហមបានកើនពី ២៧ ម៉ឺន ៧ ពាន់ហិកតា នៅឆ្នាំ ២០២៣ ដល់ជាង ២៨ ម៉ឺនហិកតា នៅឆ្នាំ ២០២៤៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


