ព័ត៍មានទាន់​ហេតុការណ៏
Search

ចំនួន​អ្នកបោះឆ្នោត និង​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បង្ហាញ​នូវ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​

​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ បាន​បញ្ចប់ទៅ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ដើម្បី​សម្តែង​សេចក្តីសោមនស្ស​រីករាយ ក្រោយ​ពេលដែល​អត្រា​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ​កើនឡើង​ខ្ពស់​រហូតដល់​៨២.១៧​ភាគរយ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា ប្រព័ន្ធ​នយោបាយ​សេរី ពហុបក្ស គឺជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ​ទន្ទឹមនឹងនេះ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​កោតសរសើរ ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​ ជាស​កល​ប្រកបដោយ​សេរី យុត្តិធម៌ និង​តម្លាភាព​។​

«​គណបក្ស​ប្រជាជន​កម្ពុជា សូម​ថ្លែងអំណរគុណ​ចំពោះ​ភ្នាក់ងារ​គណបក្សនយោបាយ អ្នកសង្កេតការណ៍​បោះឆ្នោតជាតិ និង​អន្តរជាតិ ​មកពី​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ និង​បណ្តាញ​គណបក្សនយោបាយ​អន្តរជាតិ មកពី​ប្រទេស​ចំនួន ​៥២ ជុំវិញ​ពិភពលោក ដើម្បី​ធ្វើជា​សាក្សី នៃ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​។​» គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​យប់​ថ្ងៃ​បោះឆ្នោត​ទី​២៩​ខែ​ក្កដា​នេះ​។​

​គួរ​បញ្ជាក់ថា យោងតាម​ការប្រកាស​ប​ណ្តោះ​អាសន្ន ​នៃ​លទ្ធផល​បោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ​បានទទួល​អ​សនៈ​ចំនួន​១១៤ គណបក្ស​ហ៊ុនស៊ិនប៉ិច​ បានទទួល​អ​សនៈ​ចំនួន​៦ ចំណែក​គណបក្ស​សម្ព័ន្ធ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ បានទទួល​អ​សនៈ​ចំនួន​៥​។​

​កាសែត​កម្ពុ​ជាថ្មី សូម​សម្តែង​នូវ​ការអបអរសាទរ​ ចំពោះ​ជ័យជម្នះ​ដ៏​ធំធេង​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅពេលនេះ​។

​ជាការ​ពិតណាស់ ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ពិតជា​ឆ្លុះបញ្ចាំង​នូវ​ការ​គ្រាំ ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន ​ដែល​បានបង្ហាញ​នូវ​សុ​ឆន្ទៈ​របស់​ពួកគេ ដែល​ចង់បាន​សុខសន្តិភាព​ស្ថេរភាព និង​ការអភិវឌ្ឍ ស្របទៅតាម​គោលនយោបាយ​ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បានប្រកាស នៅក្នុង​យុទ្ធនាការ​នៅ​ការបោះឆ្នោត​។​

​កាសែត​កម្ពុ​ជាថ្មី សូម​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ បន្ត​រួមរស់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​សន្តិភាព សុភមង្គល និង​សុខដុមរមនា តទៅទៀត បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា អស់​រយៈពេល​៣៩​ឆ្នាំ​កន្លងមកនេះ ក្រោយពី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​មក​។​

​លើសពីនេះទៅទៀត​នោះ ដូច​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បានប្រកាស​ថា លទ្ធផល​នៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី​២៩ ​ខែ​ក្កដា ​ឆ្នាំ​២០១៨​ នេះ ជាការ​ឆ្លើយតប​យ៉ាង​សមស្រប​​ ចំពោះ​ចលនា​របស់​អតីត​គណបក្សប្រឆាំង​ នៅក្រៅ​ប្រទេស ដែល​បាន​ប្រឹងប្រែង​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​អំពាវនាវ​ពលរដ្ឋ​កុំឱ្យ​ទៅ​បោះឆ្នោត​។​

​លទ្ធផល​បឋម​នៃ​ចំនួន​ អ្នក​ទៅ​បោះឆ្នោត​នៅ​ទូទាំងប្រទេស មាន​ចំនួន​រហូតដល់​ជាង​ ៦ ​លាន​នាក់ ដែល​ស្មើនឹង​ ៨២,១៧​ភាគរយ​ នៃ​អ្នក​ដែលមាន​ឈ្មោះ​បោះឆ្នោត​សរុប​។​

​​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​មានប្រសាសន៍​ ក្នុង​កិច្ចប្រជុំ​សរុប​ព្រឹត្តិការណ៍​ទូទៅ​ នៃ​ការបោះឆ្នោត​ថ្ងៃទី​២៩​ខែកក្កដា​នេះ​ថា ចំនួន​អ្នកចូលរួម​បោះឆ្នោត​នៅពេលនេះ គឺ​បាន​ឆ្លើយតប​យ៉ាង​សាក​សម ចំពោះ​ចលនា​សង្គ្រោះ​ជាតិ​ស្អី​គេ​នោះ ដែល​បាន​ជម្រុញ ​កុំឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ដោយ​ពួកគេ​រិះគន់ថា​ ជាការ​បោះឆ្នោត​ដែល ​«​ក្លែងក្លាយ​»​ នោះ​។​

«​រឿង​ហ្នឹងឯង ​ដែល​អស់លោក​មើលឃើញ និង​កុំ​យល់ថា​មតិ​របស់​បក្សប្រឆាំង​សុទ្ធតែ​ត្រូវ​។ ត្រូវ​ឬ​មិនត្រូវ ​គ្រាន់តែ​ឃើញ​ភាគរយ​ហ្នឹងហើយ ​គឺជា​ការពិត​នៅ​កម្ពុជា​។ ឆ្លើយ​ហើយ​ចំនួន​ហ្នឹង​! តើ​ខ្មែរ​គេ​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​ទេ បានជា​លោក​ថា​ក្លែងក្លាយ​? តែ​បែរជា​គេ​មក​ចូលរួម​ លើសពី​បោះឆ្នោត​ឆ្នាំ​២០១៣​ទៀត ហ្នឹង​វា​បានបង្ហាញ​ហើយ​។ ហើយ​បន្ទាប់ពី​លទ្ធផល​នេះ​ទៅ យើង​ចាំមើល​លទ្ធផល​ពី​អន្តរជាតិ តើ​គេ​នៅ​បន្តធ្វើ​សកម្ម​មួយ​ ដែល​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ​! អស់លោក​ចាំមើល​ទៅ​។​» លោក ស៊ិ​ក ប៊ុន​ហុក បានលើកឡើង​។​

​ប៉ុន្តែ អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ គឺ​ក្រោយពី​បោះឆ្នោត​ហើយ ប្រជាពលរដ្ឋ​ខ្មែរ និង​ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នៅក្រៅ​ប្រទេស នៅ​បន្ត​ប្រមូល​ផ្ដុំគ្នា នៅតាម​បណ្ដា​ប្រទេស​មួយចំនួន ដូចជា កូរ៉េ បារាំង ស្វី​ស ជប៉ុន អូស្ដ្រាលី កាណាដា និង​សហរដ្ឋអាមេរិក ដើម្បី​ធ្វើការ​តវ៉ា​ចំពោះ​ការបោះឆ្នោត ដោយ​រិះគន់ថា​ផ្ទុយ​ពី​គោលការណ៍​ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ​។​

​កាសែត​កម្ពុ​ជាថ្មី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ​នៅក្រៅ​ប្រទេស​ទាំងអស់​ ឱ្យ​ឈប់​ជឿ​តាម​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំងអស់ ធ្វើការ​ប្រឆាំង​តវ៉ា​ ចំពោះ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា ​តទៅ​ទៀត​។​

​ជាការ​ពិតណាស់ ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​​ បានបញ្ចប់​រួចទៅហើយ​។ ទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ ​នៅក្រៅ​ប្រទេស​ទាំងនោះ​ខិតខំ​យ៉ាងណា ក៏​គ្មាន​ប្រយោជន៍​នោះដែរ​។ ពួកគេ​គួរតែ​ប្រឹងប្រែង​ធ្វើការ ដើម្បី​ចិញ្ចឹមជីវិត និង​ផ្ញើ​លុយ​មក​ឧបត្ថម្ភ​ក្រុមគ្រួសារ ​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​នោះ​។​

​គ្មាន​អ្វីដែល​ពួកគេ​ត្រូវ​ខ្វល់ខ្វាយ​នោះទេ ទោះបីជា​ពួកគេ​ជា​អ្នកគាំទ្រ ​អតីត​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា ឬ​នៅក្រៅ​ប្រទេស​ក្តី រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា មិន មានការ​រើសអើង​ចំពោះ​ពួកគេ​នោះទេ​។ ពួកគេ​គួរតែ​ចូលរួម​សម្តែង​ នូវ​ការសប្បាយរីករាយ​ដែល​ប្រទេស​កម្ពុជា​ បន្ត​រស់នៅក្នុង​សុខសន្តិភាព​តទៅទៀត ក្រោម​ការដឹកនាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​៕ ​(បទ​វិចារណកថា​​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684