ព័ត៍មានទាន់​ហេតុការណ៏
Search

​អន្តរជាតិ ​រិះគន់​ការបោះឆ្នោត​នៅ​កម្ពុជា ​មិន​ត្រឹមត្រូវ​ឡើយ ដូច​«​មនុស្ស​ខ្វាក់​ទៅ​ស្ទាប​ដំរី​» ​ដូច្នេះ​ដែរ​

កាសែត​កម្ពុ​ជាថ្មី សូម​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​ ដែល​ប្រទេស​មួយចំនួន ដូចជា​អូស្ត្រាលី សហរដ្ឋអាមេរិក និង​កាណាដា ដែល​បាន​រិះគន់​ដំណើរការ​បោះឆ្នោត​ ដែល​បាន​បញ្ចប់ទៅ​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ កន្លងមកនេះ​។ ​

ជាការ​ពិតណាស់ ការរិះគន់​របស់​ក្រុម​ប្រទេស​ទាំងអស់នេះ មិនបាន​ឆ្លុះបញ្ចាំង​នូវ​ការពិត និង​សភាពការណ៍​ជាក់ស្តែង ​នៅក្នុង​ប្រទេស​កម្ពុជា​នោះឡើយ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣០​ខែកក្កដា​នេះ ប្រទេស​អូស្ត្រាលី​ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ ដោយ​បង្ហាញ​នូវ​ក្តីបារម្ភ​ ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​សន្យាថា​ នឹង​លើកឡើង​ពី​ការព្រួយបារម្ភ​នេះ​ ជាមួយ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​ទៀតផង​។

«​ប្រទេស​អូស្ត្រាលី​ មានការ​អាក់អន់ចិត្ត​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា មិនអាច​ជ្រើសរើស​តំណាង​របស់ខ្លួន ​ដោយ​សេរី​នោះ​។​» អ្នកស្រី ជូ​លី ប៊ី​ស្ហ​ប់ (Julie Bishop) រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ ដោយ​បន្ថែមថា​៖ «​ប្រទេស​អូស្ត្រាលី​ នឹង​បន្ត​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា ​ចាត់វិធានការ ដើម្បី​អនុញ្ញាត​ឱ្យមាន​ការជជែក​ដេញដោល​ នយោបាយ​ដោយ​សេរី​ និង​បើកចំហ​ ដោយ​គ្មាន​អំពើហិង្សា និង​ការគំរាមកំហែង​។​»

​ទន្ទឹមនឹងនេះ លេខា​ទទួលបន្ទុក​ព័ត៌មាន​ ប្រចាំ​សេត​វិមាន​សហរដ្ឋអាមេរិក ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា សហរដ្ឋអាមេរិក​មាន​ការខកចិត្ត និង​បាន​ចាត់ទុកថា​ ការបោះឆ្នោត​ថ្មីៗ​នេះ ​មាន​កំហុសឆ្គង មិន​សេរី និង​យុត្តិធម៌ ហើយ​មិន​តំណាងឱ្យ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​។

សហរដ្ឋអាមេរិក​បាន​លើកឡើងថា ការបោះឆ្នោត​នេះ​ធ្វើឡើង​ដោយ មាន​ការរំលាយ​បក្សប្រឆាំង​សំខាន់​មួយ ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សង្គម​ស៊ីវិល ហើយ​យុទ្ធនាការ​ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការគំរាមកំហែង​ ពី​គ្រប់​លំដាប់ថ្នាក់ និង​គំរាម​ លើ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​។​

«​សហរដ្ឋអាមេរិក ​នឹង​ពិចារណា​លើ​ជំហាន​បន្ថែមទៀត​ នៅក្នុង​ការឆ្លើយតប​ទៅនឹង​ការបោះឆ្នោត​នេះ ហើយ​និង​ដំណើរ​ថយក្រោយ​ដទៃទៀត ​នៅក្នុងពេល​ថ្មីៗ​នេះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​» មន្ត្រី​ព័ត៌មាន​ប្រចាំ​សេត​វិមាន​ បាន​និយាយ ដោយ​មិន​បញ្ចេញ​ឈ្មោះ​។ ​

​ជាមួយគ្នានេះដែរ ប្រទេស​កាណាដា​ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​លើកឡើង ​នូវ​អ្វីដែល​គេ​ចោទប្រកាន់ថា​ ជាការ​គំរាមកំហែង ការ​រឹតត្បិត​សេរីភាព និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ការរំលាយ​បក្សប្រឆាំង និង​ការចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ​ជាដើម​។ ​

តាមពិត គ្មាន​អ្វីដែល​គួរឱ្យ​សង្ស័យ​នោះទេ ការរិះគន់​របស់​បណ្តា​ប្រទេស​ទាំងនេះ គឺធ្វើឡើង​ដោយ​បុរេនិច្ឆ័យ ពោលគឺ​ពួកគេ​មាន​របៀបវារៈ​នយោបាយ​ ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ក​ម្ព​ជា និង​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួចទៅហើយ​។​

​បើ​និយាយ​ទៅ ដូច​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការបោះឆ្នោត និង​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង ប្រទេស​ទាំងបី​នេះ ​គ្មាន​សិទ្ធិ និង​តួនាទី​ មក​វាយតម្លៃ​ដំណើរការ​បោះឆ្នោត​ នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ពីព្រោះ​ប្រទេស​ទាំងនេះ​ មិនបាន​បញ្ជូន​អ្នកសង្កេតការណ៍​ មក​ត្រួតពិនិត្យ​ដំណើរការ​បោះឆ្នោត នៅក្នុង​ប្រទេស​កម្ពុជា​ផង​។​

«​ជាការ​ពិត ម្សិលមិញ​អាមេរិក​ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ បដិសេធ​មិន​ទទួលស្គាល់ ហើយ​ការបដិសេធ​នេះឯង គឺ​បានចាប់ផ្តើម​ វាយតម្លៃ​តាំងពី​ដើមទី​។ ដូច្នេះ ការវាយតម្លៃ​មួយ ​ដែល​មិន​ចូលមក​ឃ្លាំមើល​ ការបោះឆ្នោត​ទាំងស្រុង និង​ការវាយតម្លៃ​មួយ ​ដោយ​ការពាក់​វ៉ែនតា​ខ្មៅ​។ ដូច្នេះ​ប្រាកដជា​មើលទៅ​ឃើញ​ខ្មៅ​។ កម្ពុជា​គោរព​ច្បាប់​កម្ពុជា ហើយ​សេចក្តីថ្លែងការណ៍​របស់​ប្រទេស​ទាំងនោះ​ មាន​ចរិត​ជា​នយោបាយ​ច្រើនជាង​។​» លោក ហង្ស ពុទ្ធា បាន​និយាយ​។​

​បន្ថែម​ពីលើ​នេះ លោក សុខ ឥសាន បាន​លើកឡើងថា​៖ «​វា​ជាការ​ចម្លែក​ណាស់ គាត់​អត់​បាន​ចាត់​តំណាង​ អ្នកសង្កេតការណ៍​មក​ផង គាត់​មក​វាយតម្លៃ ​នេះ​មានន័យថា គាត់​វាយតម្លៃ​ពី​ក្រៅ​ ​ដោយ​ប្រយោល​ ដោយ​មិនមាន​ផ្សារភ្ជាប់​នឹង​ការពិត​ជាក់ស្តែង ​ដែល​កើតឡើង​នៅ​កម្ពុជា​។ បើ​មិន​ផ្សារភ្ជាប់​នឹង​ការពិត អាហ្នឹង​គ្មាន​អ្នកណា​គេ​ជឿ​ទេ​។ បើ​អត់​ជឿ​បានន័យថា វា​អត់​មាន​ប្រសិទ្ធភាព​ដែរ​។ ដោយសារ​លម្អៀង​ខាង​នយោបាយ​ នេះហើយ​បានជា​គាត់​វាយតម្លៃ ​មិន​ផ្សារភ្ជាប់​នឹង​ការពិត​។​»

​​ទោះបីជា​យ៉ាងណា អ្នកសង្កេតការណ៍​អន្តរជាតិ​ ដែល​មកពី​ប្រទេស​ដទៃទៀត បាន​វាយតម្លៃ​ស្ថានការណ៍​បោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា ថា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ការគំរាមកំហែង គ្មាន​អំពើហិង្សា និង​មាន​សន្តិសុខ ​សុ​វត្ថ​ភាព ល្អប្រសើរ ជាពិសេស​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​ ៨២​ភាគរយ បាន​ចេញទៅ​បោះឆ្នោត ដើម្បី​បង្ហាញ​ឆន្ទៈរ​​បស់​ខ្លួន ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ ​ដែល​ខ្លួន​ពេញចិត្ត​។​

​ក្រៅពីនេះ សមាគម​ចំនួន​៦ ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ បានចេញ​សេចក្តី​ថ្លែ​ង​ការណ៍​ នៅ​ថ្ងៃទី​៣១​ខែកក្កដា​នេះ ដោយបាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ​ចំពោះ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត ដែល​បាន​ខិតខំ​រៀបចំ​ ដំណើរការ​បោះឆ្នោត ​ប្រព្រឹត្ត​ទៅដោយ​រលូន ស្ថិតក្នុង​បរិយាកាស​ល្អប្រសើរ ទាំង​ពេល​យុទ្ធនាការ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ដោយ​គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។

«​ក្នុងនាម​ជា​អ្នកសង្កេតការណ៍​អន្តរជាតិ សូម​សម្តែង​នូវ​ការអបអរសាទរ ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​បាន​ចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ​នៅក្នុង​ប្រទេស​ខ្លួន តាមរយៈ​ការចូលរួម​បោះឆ្នោត ​ប្រមាណ​ជាង ​៨២% នៃ​ចំនួន​អ្នកមាន​ឈ្មោះ​បោះឆ្នោត​សរុប និង​ស្ថិតក្រោម​ក្រសែភ្នែក ​មនុស្ស​ជាច្រើន​នាក់​ ដែលជា​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​ភ្នាក់ងារ​គណបក្ស អ្នក​សារ​ព័​ត៍​មាន​ជាតិ និង​អន្តរជាតិ ដែល​មកពី​បណ្តា​ប្រទេស ​ជាង​ ៥០​ លើ​ពិភពលោក ឃ្លាំមើល​នូវ​ដំណើរការ ​បោះឆ្នោត​នៅ​កម្ពុជា​។​» សេចក្តី​ថ្លែង​ង​ការណ៍​បានលើកឡើង​។​

​សរុបមក កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា​ សាធារណជន​មិនគួរ​យកចិត្តទុកដាក់​ ចំពោះ​ការវាយតម្លៃ​របស់​ប្រទេស​អូស្ត្រាលី  សហរដ្ឋអាមេរិក និង​កាណាដា ដែល​មិនមាន​អ្នកសង្កេតការណ៍ ​ចាំ​ត្រួតពិនិត្យ​ដំណើរការ​បោះឆ្នោត ​នៅក្នុង​ប្រទេស​កម្ពុជា​កន្ល​ង​មកនេះ ឱ្យដឹងថា ​ការពិត​វា​យ៉ាងណា​នោះឡើយ​។​

​ជាការ​ពិតណាស់ សូម្បីតែ​មនុស្ស​ខ្វាក់​បួន​នាក់ ​ដែល​បាន​ទៅ​ស្ទាប​ដំរី​ផ្ទាល់ នៅក្នុង​រឿងព្រេង​និទាន​ខ្មែរ នៅតែ​ឆ្លើយ​ខុសៗ​គ្នា​ថា ​ដំរី​មាន​រូបរាង​យ៉ាងណា​នោះ ចុះ​ទម្រាំ​ប្រទេស​ទាំ​បី​នេះ ​ដែល​មិនមាន​វត្តមាន ​អ្នកសង្កេតការណ៍​នៅតាម​មណ្ឌលបោះឆ្នោត​ផង​នោះ តើ​ធ្វើ​ម៉េច​ដឹងថា ​ការបោះឆ្នោត​នៅ​កម្ពុ​ជាថ្មីៗ​នេះ វា​ដំណើរការ​ទៅ​យ៉ាងណា​នោះ​? (បទ​វិចារណកថា​​ ដោយ កាសែត​កម្ពុ​ជាថ្មី​)

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684