ព័ត៌មានជាតិ
វិសោធនកម្មរដ្ឋធម្មនុញ្ញបើកផ្លូវឱ្យអាចដកសញ្ជាតិខ្មែរបានត្រូវបានចូលជាធរមាន
វិសោធនកម្មមាត្រា៣៣ នៃធម្មនុញ្ញត្រូវបានចូលជាធរមានតាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ភ្លាមៗបន្ទាប់ពីព្រះមហាក្សត្របានឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់។ ទោះជាយ៉ាងណាព្រះរាជក្រមនៃការប្រកាសឱ្យប្រើប្រាស់នេះទើបតែត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២១ ខែកក្កដា។

វិសោធនកម្មច្បាប់កំពូលរបស់ជាតិនេះត្រូវបានប្រកាសជាការប្រញាប់ផងដែរ ដែលមានន័យថាចូលជាធរមានភ្លាមៗបន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់។
ច្បាប់ធម្មនុញ្ញវិសោធនកម្មមាត្រា៣៣នេះប្រើពេល៣ថ្ងៃនៃថ្ងៃធ្វើការគឺបន្ទាប់ពីសមាជិកសភាទាំង១២៥រូបបោះឆ្នោតអនុម័តនៅថ្ងៃទី១១ ខែកក្កដា និងបញ្ជូនទៅព្រឹទ្ធសភាបោះឆ្នោតទទួលយកនៅថ្ងៃទី១៤ ហើយព្រះមហាក្សត្របានឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់១ថ្ងៃបន្ទាប់។
ចាប់ពីពេលនេះមាត្រា៣៣នៃរដ្ឋធម្មនុញ្ញបានចែងថា៖ «ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេសឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេសត្រូវបានរដ្ឋគាំពា ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់»។
រដ្ឋធម្មនុញ្ញាថ្មីនេះបានបើកផ្លូវឱ្យមានការរៀបចំវិសោធនកម្មច្បាប់សញ្ជាតិថ្មីដើម្បីដកសញ្ជាតិខ្មែរ ខណៈច្បាប់បច្ចុប្បន្នមិនបានបើកផ្លូវឱ្យដកសញ្ជាតិនោះទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានប្រាប់កម្ពុជាថ្មីថាបច្ចុប្បន្នក្រសួងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់សញ្ជាតិថ្មីហើយ ដោយមិនទាន់អាចបញ្ជាក់លំអិតបាននៅឡើយទេដោយរង់ចាំការរៀបចំរួចរាល់សិន។
លោកសរសេរបញ្ជាក់ថា៖ «ចំពោះខ្លឹមសារនៃការធ្វើវិសោធនកម្មច្បាប់សញ្ជាតិ ទាល់តែយើងបានរៀបចំរួចរាល់ ទើបអាចប្រាកដច្បាស់ថា តើមានចំណុចអ្វីខ្លះ ដែលត្រូវកែប្រែ។ ដរាបណាមិនទាន់រួចរាល់ស្ថាពរទេ អ្វីៗអាចមានការប្រែប្រួល ដែលនេះជារឿងធម្មតា នៅក្នុងការធ្វើច្បាប់ថ្មីក៏ដោយ ឬការធ្វើវិសោធនកម្មច្បាប់ចាស់ក៏ដោយ»។
ច្បាប់សញ្ជាតិថ្មីរបស់កម្ពុជាត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៨ ដោយបាននិរាករណ៍ច្បាប់សញ្ជាតិចាស់ដែលបានធ្វើកាលពីឆ្នាំ១៩៩៦។ លោកឧបនាយករដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានបញ្ជាក់ថារហូតមកដល់ពេលនេះច្បាប់សញ្ជាតិបានបើកច្រកសម្រាប់ការចូលសញ្ជាតិដោយគ្មានការដកសញ្ជាតិបាននោះទេ ដែលជាចំណុចខ្វះខាតមួយត្រូវ។ លោកបញ្ជាក់ថាការធ្វើច្បាប់មួយដែលអនុញ្ញាតឱ្យជាតិអាចដកចេញនូវពលរដ្ឋដែលក្បត់ជាតិចេញពីជាតិរបស់ខ្លួនគឺជារឿងសមស្របបំផុតដែលមិនមែនមានតែនៅកម្ពុជានោះទេ។
បច្ចុប្បន្នមានប្រទេសប្រមាណ១៥០នៅលើពិភពលោកមានច្បាប់ដើម្បីដកសញ្ជាតិនេះ ខណៈកម្ពុជាគឺជាប្រទេសក្រោយគេនៅអាស៊ានដែលបានរៀបចំច្បាប់នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


