ព័ត៍មានទាន់​ហេតុការណ៏
Search

​អន្តរជាតិ​ដែល​រិះគន់​កម្ពុជា​ គួរ​ងាក​មក​ធ្វើការ​ជាមួយ​ រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ​ដែល​នឹង​បង្កើត​ឡើងវិញ​

​ក្រោយពី​ការបោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ បាន​បញ្ចប់ទៅ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និង​ប្រទេស​មួយចំនួនទៀត បាន​ចេញមុខ​រិះគន់ថា ការបោះឆ្នោត​នេះ​មិនមាន​ប្រជាធិបតេយ្យ​ពេញលេញ​នោះឡើយ ដោយសារ​មិនមាន​ការចូលរួម​ រប​ស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នោះ​។​

​ទោះបីជា​យ៉ាងណាក្តី មាន​បណ្តា​ប្រទេស​ជា​មិត្ត​ជាច្រើន​ទៀត ជាពិសេស​ប្រទេស​ចិន និង​រុស្ស៊ី ដែល​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការបោះឆ្នោត ក៏ដូចជា​ដំណើរការ ​នៃ​ការកសាង​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា​។ លើសពីនេះទៅទៀត​នោះ  ប្រទេស​ចិន​ថែមទាំង​បាន​អំពាវនាវ​ ឱ្យ​បណ្តា​ប្រទេស​ទាំងអស់​ ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ​របស់​ប្រទេស​កម្ពុជា​ទៀតផង​។​

 

​នៅក្នុង​សន្និសីទ​សារព័ត៌​មាន នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​នេះ លោក ហ្គេ​ង ស្ហួ​ង (Geng Shuang) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា ការបោះឆ្នោត​ទូទៅ​នៅ​កម្ពុជា ​ជា​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​។ លោក​ក៏បាន​ប្រាប់​ឱ្យ​សហគមន៍​អន្តរជាតិ​ ឲ្យគោរព​ជម្រើស​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដើរតួនាទី​សំខាន់​​ ក្នុង​ការជួយ​រក្សា​ស្ថិរភាព​សង្គម និង​ជម្រុញ​នូវ​ការអភិវឌ្ឍ​ជាតិ​នោះ​។​

​ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​ក៏បាន​សម្តែង​នូវ​អំណរ​សាទរ​ជាថ្មី ​ចំពោះ​ជ័យជម្នះ​របស់​បក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។

«​ក្នុងនាម​ជា​អ្នកជិតខាង​ល្អ និង​មិត្តភក្តិ​ល្អ ប្រទេស​ចិន ​សូម​អបអរ​ដោយស្មោះ​ត្រង់ ​ចំពោះ​ប្រទេស​កម្ពុជា​ ដែល​បានរៀបចំ​ដោយ​ជោគជ័យ​ នូវ​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ​។​» លោក ហ្គេ​ង ស្ហួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​រដ្ឋសភា​អាណត្តិ​ថ្មី និង​រាជរដ្ឋាភិបាល​ថ្មី ប្រជាជន​កម្ពុជា​ នឹង​បង្កើត​សមិទ្ធផល​ថ្មីៗ​ ក្នុងការ​អភិវឌ្ឍ​រប​ស់​ខ្លួន ហើយ​ប្រទេស​ចិន​ត្រៀមខ្លួន​ ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង ​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ទន្ទឹមនឹងនេះ ក្រុម​អ្នកសង្កេតការណ៍​ មកពី​សហព័ន្ធរុស្ស៊ី ដែលមាន​ឈ្មោះថា «​សភា​សង្គម​ស៊ីវិល​រុស្ស៊ី​» ក៏បាន​វាយតម្លៃ​ជា​វិជ្ជមាន​ទៅលើ​ការបោះឆ្នោត ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

​ជាការ​ឆ្លើយតប​ចំពោះ​សំណួរ​ របស់​អ្នកកាសែត​ពី​រឿង​អន្តរជាតិ​ មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ ក្រុម​អ្នកសង្កេតការណ៍​រុស្ស៊ី បាន​និយាយ​ចំអក​ទៅវិញ​ថា ការបោះឆ្នោត​នេះ «​មិនមែន​ពឹង​លើ​អាមេរិក​ទទួលស្គាល់ ទើប​កម្ពុជា​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​នោះទេ​»​។​​

គួររំឭកថា សភា​សង្គម​ស៊ីវិល​រុស្ស៊ី ដែល​បានមក​ឃ្លាំមើល​ការបោះឆ្នោត​ ​នៅ​កម្ពុជា​ពេញ​មួយ​ថ្ងៃនោះ បាន​វាយតម្លៃថា ការបោះឆ្នោត​នៅ​កម្ពុជា ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​តម្លាភាព ដែល​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។

​ក្រុម​អ្នកសង្កេតការណ៍​រុស្ស៊ី បាន​លើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេសមួយ មិនមែន​កើតចេញពី​ការទទួលស្គាល់​ របស់​ប្រទេស​ណាមួយ​ឡើយ ដោយ​សភា​សង្គម​ស៊ីវិល​រុស្ស៊ី​ ចង់​និយាយ​សំដៅ​ទៅលើ​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​ ដែល​ព្រមាន​មិន​ទទួលស្គាល់ ការ​បោះឆ្នោត​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​។​

«​អ្នក​ថា​សហរដ្ឋអាមេរិក ​ជា​ប្រទេស​ប្រជាធិបតេយ្យ តែ​អាមេរិក​មាន​បក្ស​តែ​២​ប៉ុណ្ណោះ​។ ឯ​ការបោះឆ្នោត​នៅ​កម្ពុ​ជា មាន​បក្ស​រហូតដល់​ទៅ​២០​បក្ស ។ ដូច្នេះ​ហេតុអ្វី បានជា​មិន​ប្រជាធិបតេយ្យ​? មិនមែន​ទាល់តែ​អាមេរិក​ថា ​ប្រជាធិបតេយ្យ​ ទើប​ប្រជាធិបតេយ្យ​នោះទេ តែ​ប្រជាធិបតេយ្យ គឺជា​ការកំណត់​របស់​ពលរដ្ឋ​ក្នុងប្រទេស​។​» តំណាង​ក្រុម​អ្នកសង្កេតការណ៍​រុស្ស៊ី បាន​និយាយ​ ក្រោយពី​ការបោះឆ្នោត​កន្លងមក​។​

​ជាការ​ពិតណាស់ ក្រៅ​អំពី​អ្នក​អង្កេត​ការណ៍​រុស្ស៊ី ក៏មាន​អ្នកសង្កេតការណ៍​ អន្តរជាតិ​ជាច្រើន​ទៀត ដែល​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ការបោះឆ្នោត​នៅកម្ពុជា​ផងដែរ ដោយ​ពួកគេ​បាន​លើកឡើងថា ការបោះឆ្នោត​នៅ​កម្ពុជា​ បាន​ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ហើយ​ពួកគេ​បាន​អះអាងថា «​អាស៊ី​គួរតែ​យក​គំ​រូ ពី​ការបោះឆ្នោត​នៅ​កម្ពុជា​» ទៀតផង​។​

​កាសែត​កម្ពុ​ជាថ្មី យល់ឃើញថា ​ការវាយតម្លៃ​របស់​អ្នកនាំពាក្យ ​ក្រសួងការបរទេស​ចិន និង​ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​មកពី​ប្រទេស​រុស្ស៊ី ក៏ដូចជា​ប្រទេស​មួយចំនួនទៀត គឺជា​សក្ខីភាព​បញ្ចាក់ ​នូវ​តម្លាភាព​នៃ​ការបោះឆ្នោត ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ ដែល​ប្រកបដោយ​ភាពត្រឹមត្រូវ សេរីភាព និង​ភាពយុត្តិធម៌​នោះ​។​

​ជាការ​ពិតណាស់ ជាជាង​ធ្វើការ​វាយតម្លៃ​ ក្នុង​លក្ខណៈ​អវិជ្ជមាន ​ចំពោះ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​នោះ សហរដ្ឋអាមេរិក​ អូស្ត្រាលី កាណាដា និង​ប្រទេស​មួយចំនួនទៀត គួរតែ​នៅ​ស្ងៀម​ដូចជា​ប្រទេស​ជប៉ុន​ ដែល​មិនបាន​បញ្ជូន​អ្នកសង្កេតការណ៍​ មក​ចូលរួម​ត្រួតពិនិត្យ ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៩​ខែកក្កដា កន្លងមកនេះ​។​

​គួរ​បញ្ជាក់ថា លោក យ៉ូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្គា (Yoshihide Suga) នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន បាន​បដិសេធ​នូវ​រាល់​សំណួរ​ របស់​អ្នកសារព័ត៌មាន ដែល​ចង់ឱ្យ​ជប៉ុន​បង្ហាញ​ពី​ជំហរ​របស់ខ្លួន ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបាន​ជ័យជម្នះ នៅក្នុង​ការបោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នេះ​។​

​«​ខ្ញុំ​មិន​ផ្តល់​មតិយោបល់​ណាមួយ​ឡើយ ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​។​» នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន​រូបនេះ បាន​និយាយ​។ ​

​នៅ​ចុងបញ្ចប់ កាសែត​កម្ពុ​ជាថ្មី​ សូម​អំពាវនាវ​ដល់​សហ​រដ្ឋ​អាមេរិក អូស្ត្រាលី កាណាដា ក៏ដូចជា​ប្រទេស​ដទៃទៀត ឱ្យ​ឈប់​រិះគន់ និង​វាយប្រហារ​ ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​តទៅទៀត​។ ផ្ទុយទៅវិញ ពួកគេ​គួរតែ​ងាក​មក​ធ្វើការ​ ជាមួយ​កម្ពុជា ក្នុងខណៈ​ពេលដែល​រដ្ឋ​សភា​កម្ពុជា ​ត្រៀម​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី​នោះ​៕ (បទ​វិចារណកថា​​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684