ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​កំពូល នឹង​បើកសវនាការ​លើ​សំណុំរឿង​ស្នើ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា នា​ថ្ងៃទី​២២ សីហា ខាងមុខ​

​ភ្នំពេញ ​៖ តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ជនជាប់ចោទ កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ នេះ​បើ​យោង​តាម​លិខិត​កោះ​អញ្ជើញ​មេធាវី​របស់​លោក ឈួន ចាន់​ថា អគ្គ​ព្រះរាជអាជ្ញា​រង នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​។​

តាម​លិខិត​អញ្ជើញលោក ផាន់ ច័ន្ទ​ស័ក្តិ មេធាវី​ការពារ​លោក កឹម សុខា ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង​លេខ​២៩ ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា អាយុ​៦៤ ឆ្នាំ (​ម្ចាស់​បណ្តឹងសាទុក្ខ​) ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ សន្ទិដ្ឋភាព​ជា​មួយ​បរទេស ប្រព្រឹត្តិ​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ដូច្នេះ​ត្រូវ​ចូលទៅ​កាន់​តុលាការ​កំពូល​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ចូលរួម​សវនាការ​អំពី​ដំណើររឿង​ខាងលើ​។​

តាម​តុលាការ​កំពូល សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​នាពេលនោះ​រួមមាន លោក គង់ ស្រ៊ី​ម ប្រធាន , លោក សម សិរី​វ​ឌ្ឍ លោក អ៊ីវ គឹម​ស្រ៊ី លោកស្រី ចាំង ស៊ី​ណាត និង​លោក ច័ន្ទ រង្សី ជា​ចៅក្រម​ប្រឹក្សា នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​

លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ទិដ្ឋភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ប​សន្ទិដ្ឋភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូសរ៉ាយ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។ លោក​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧​។​

ទាក់ទង​ករណី​នេះដែរ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង ដែល​មេធាវី​លោក កឹម សុខា ប្តឹង​ប្រឆាំងនឹង​ការសម្រេច​ពន្យារពេល​ឃុំខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រោយពី​បញ្ចប់​សវនាការ លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានសម្រេច​តម្កល់​សាលដីកា របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ទុកជាបានការ​ដដែល ពោលគឺ​បន្ត​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រយៈពេល​៦​ខែ​បន្តទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114