ព័ត៍មានទាន់​ហេតុការណ៏
Search

សិក្ខាកាម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល Samsung Tech Institute ជំនា​ន់ទី​៥​ ទទួលសម្ភារៈ​សិក្សាពីក្រុមហ៊ុន​ សាមសុង

​ភ្នំពេញ៖ ក្រុមហ៊ុន​សាម​សុង បាន​នាំយក​សម្ភារៈ​សិក្សា ​ទៅជូន​ដល់​សិក្ខាកាម​ទាំង​៨០​នាក់​ ក្នុងវគ្គ​បណ្ដុះបណ្ដាល Samsung Tech Institute ជំនា​ន់ទី​៥ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ដែលជា​ការបន្ថែម​ការ​ជួយ​គាំទ្រ ​ដ៏​មាន​សារៈសំខាន់ និង​ចាំបាច់​ដល់​សិក្ខាកាម​ទាំងអស់ ខណៈពេលដែល​ពួកគាត់​ កំពុងតែ​ទទួល​ការបណ្ដុះបណ្ដាល​ជំនាញ ​ដែល​ពួកគេ​ស្រឡាញ់​ កាលពីថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨កន្លងទៅនេះ។

ការឧបត្ថម្ភ​នេះ ធ្វើឡើង​បន្ថែម​ទៅលើ​វគ្គ​បណ្ដុះបណ្ដាល​ជំនា​ន់ទី​៥ ដែល​សាម​សុង​សហការ ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា និង​ផ្គត់ផ្គង់​បរិក្ខា​បច្ចេកទេស ថវិកា អាហារ​ពេញ​មួយ​វគ្គ​បណ្ដុះបណ្ដាល​នេះ​។

​ក្រៅពី​បង្កើត​វគ្គ​បណ្ដុះបណ្ដាល ​ដែល​ត្រួសត្រាយ​មាគ៌ា​ឆ្ពោះទៅរក​អនាគត ​កាន់តែ​ប្រសើរ​សម្រាប់​សិក្ខាកាម សាម​សុង​បាន​យកចិត្តទុកដាក់​ លើ​ភាពងាយស្រួល និង​ដំណោះស្រាយ​នានា ដោយ​ផ្ដល់​សម្ភារៈ​សិក្សា​បន្ថែម ​ដែល​នឹង​ជួយ​ដោះស្រាយ និង​បន្ធូរ​បន្ទុក​​យ៉ាងច្រើន​សម្រាប់​ពួកគេ​។ ការផ្ដល់​ឱកាស និង​ការបង្ក​លក្ខ​ខណៈ​ងាយស្រួល ជាមួយ​ការឧបត្ថម្ភ​ពេញលេញ​នេះ នឹង​ធានាបាន​នូវ​ភាពជោគជ័យ​ សម្រាប់​សិក្ខាកាម​ក្នុងការ​សិក្សា ហ្វឹកហាត់​ជំនាញ​របស់ខ្លួន​។

​ថ្លែង​ក្នុងឱកាស​ប្រគល់​សម្ភារៈ​សិក្ខា​ដល់​សិក្ខាកាម លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​សាម​សុង​កម្ពុជា​ បាន​មានប្រសាសន៍ថា “​យើង​ចង់​ជួយ និង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​ ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​ធានាថា​ពួកគាត់​អាច​ទទួល​ការបណ្ដុះបណ្ដាល ជាមួយ​ការយកចិត្តទុកដាក់​ខ្ពស់ និង​អស់ពី​លទ្ធភាព​ដោយ​គ្មាន​បញ្ហា​ផ្សេងៗ​មក​រំខាន​។​” លោក​បាន​បន្ថែមទៀតថា “​យើង​ឃើញ​គាត់​ទទួលបាន​ជោគជ័យ និង​សម្រេច​ក្ដី​សុបិន​របស់​ពួកគាត់​។​”

 

​កញ្ញា អ៊ា វួ​ច​លីម ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក ទូរគមនាគមន៍ ដែល​កំពុង​រៀន​នៅក្នុង​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute ជំនា​ន់ទី​៥ ផ្នែក​ជួសជុល​ទូរស័ព្ទ​បាន​ឲ្យ​ដឹងថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង ​ដល់​ក្រុមហ៊ុន​សាម​សុង ​ដែល​បាន​បង្កើត​វគ្គប​ណ្តុះ​បណ្តា​នេះ​ឡើង ​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​យល់ដឹង​​ ពី​បច្ចេកវិទ្យា​ទំនើបៗ​របស់​សាម​សុង ​ក៏ដូចជា​ផ្តល់​ចំណេះដឹង​ដ៏​ល្អ​ដល់​យើងទាំងអស់គ្នា​ ហើយ​ថ្ងៃនេះ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ ដែល​ក្រុម​សាម​សុង​បាន​នាំយក​ នូវ​សម្ភារៈ​សិក្សា​ជូន​ដល់​ពួក​ខ្ញុំ ​ដើម្បី​ងាយស្រួល​ដល់​ការសិក្សា ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា ​វគ្គប​ណ្ដុះ​បណ្ដាល Samsung Tech Institute ជំនា​ន់ទី​៥ ត្រូវបាន​បើក​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន​៨០​នាក់​។ វគ្គ​បណ្ដុះបណ្ដាល​នេះ ផ្ដួចផ្ដើម​ដោយ​ក្រុមហ៊ុន​សាម​សុង ​ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ ពហុបច្ចេកទេស​កម្ពុជា ដើម្បី​ផ្ដល់ឱកាស​ឲ្យ​យុវជន​កម្ពុជា ​ក្នុង​ការបញ្ចេញ​សក្តានុពល​ផ្នែក​បច្ចេកវិទ្យា និង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​វិស្វករ​ អេ​ឡិ​ក​ត្រូ​និក​នៅ​ប្រទេស​កម្ពុជា ដូចជា​ការជួសជុល និង​ការថែទាំ​ផលិតផល​អេ​ឡិ​ក​ត្រូ​និក​ ដែល​រួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូរស័ព្ទដៃ​ជា​ដើម​។

​គួររំលឹកថា Samsung Tech Institute ត្រូវបាន​បង្កើតឡើង​ចំនួន ៤ ជំនាន់​រួចមកហើយ តាំងពី​ឆ្នាំ ២០១៤ ដោយបាន​បណ្ដុះបណ្ដាល​សិក្ខាកាម​សរុប​ជិត 300​នាក់ ហើយ​ដែល សិក្ខាកាម​ទាំងនេះ​បាននិងកំពុង​បន្ត ​ចែកចាយ​ចំណេះដឹង​របស់គាត់ ​ដល់​ប្រជាជន​កម្ពុជា​រាប់ពាន់នាក់​ តាម​ការបង្ហាត់​បង្ហាញ​ក្រៅ​សាលា។ ដោយឡែក​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​៥​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​៨០​នាក់​ ដើម្បី​សិក្សា​លើ​ជំនាញ​ជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូរស័ព្ទដៃ ក្នុង​រយៈពេល​៣​ខែ។

គួរ​កត់សម្គាល់ថា Samsung Tech Institute នេះ​គឺជា​វគ្គ​បណ្ដុះបណ្ដាល​មួយ ​ដែល​ពិសេស​និង​ទំនើប​ជាងគេ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រោះ​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ ព្រមទាំង​ទទួល​នូវ​ការប្រឹក្សា​យោបល់​ ពី​អ្នកជំនាញ​របស់​សាម​សុង​ផងដែរ​៕​