ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​​៥​នាក់​ក្នុងចំណោម​៦​នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម ​និង​ទទួលផល​ចោរកម្ម ​ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ

រតនគិរី ​៖​ ​ បន្ទាប់ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​អណ្តូង​មាស និង​កម្លាំង​អធិការ​នគរបាល​ស្រុក​បរ​កែវ បាន​កំណត់​មុខសញ្ញា​និង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​៣០-៣១ ខែកក្កដា ឆ្នាំ​២០១៨​ពាក់ព័ន្ធ​ករណី​លួច​គ្មាន​ស្ថាន​ទម្ងន់ទោស​(​លួច​ម៉ូតូ​)​ដែល​ជនសង្ស័យ​ទាំងនោះ​បាន​រួម​គំនិត​គ្នា​ធ្វើ​សកម្មភាព កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​ រហូតមក​ទល់នឹង​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​នេះ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក៏បាន​បំពេញ​សំណុំបែបបទ​និង​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​បន្ត។

លោក​វរសេនីយ៍ឯក មាស ពៅ​បូរ៉ា​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹងថា ជនសង្ស័យ​ទាំង​៥​នាក់​ដែល​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​បោះឆ្នោត កន្លងទៅ​ថ្មីៗ​នេះ។ ជនសង្ស័យ​បាន​លួច​ម៉ូតូ​មួយគ្រឿង​ម៉ាក វ៉េវ​ឆ្លាម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ស​(​អត់​ពន្ធ​) ដែលមាន​លេខ​តួ310850 .​លេខ​ម៉ា​ស៊ី​ន 0310886 របស់​ជនរងគ្រោះ​ឈ្មោះ ឡ​ន លី​សា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ខ​ណៈ​ដែល​ជនរងគ្រោះ​បាន​ចត​ចោល​ជាប់​ទាំង​សោ​ស្រាប់​នៅ​ចិញ្ចើម​ផ្លូវ​ ហើយ​ជនរងគ្រោះ​បាន​ចូលទៅ​ខ្ទម​ចម្ការ​ចន្ទី​ឪពុក​ឈ្មោះ ញី​ម ឡ​ន ស្ថិតនៅ​ក្នុងភូមិ ម៉ា​លិ​ក ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស។ ទើប​ជនសង្ស័យ​ឃើញ​ឱកាសល្អ​ក៏​លួច​យកទៅ​តែម្តង ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​មក​អធិការ​ស្រុក​ឲ្យ​ជួយ​វែក​មុខ​រក​ក្រុម​ជនសង្ស័យ ​និង​កំណត់​មុខសញ្ញា​ចុះ​ឃាត់​បានជា​បន្តបន្ទាប់​។​

​លោក​វរសេនីយ៍​ឯកមាស ពៅ​បូរ៉ា បន្តថា​ ជនសង្ស័យ​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​មាន​រហូតដល់​៦​នាក់​ឯណោះ ដែលមាន​ឈ្មោះ​ដូចខាង​ក្រោម​៖
​ទី​១-​ឈ្មោះ ចក ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ស្រុកកំណើត​ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​១​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ​ខេត្តរតនគិរី (​មេខ្លោង​)​ពិនិត្យ​ទឹកនោម​វិជ្ជមាន​(+)​។​

ទី​២-​ឈ្មោះ ហួរ ហុយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ស្រុកកំណើត​ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​១​ឃុំ​ឡា​មិញ​ស្រុក​បរ​កែវ​ខេត្តរតនគិរី ផ្សំគំនិត​លួច ពិនិត្យ​ទឹកនោម​វិជ្ជមាន​(+)​។​

ទី​៣-​ឈ្មោះ អោម អឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​កាចក់ មុខរបរ​កសិករ មាន​ស្រុកកំណើត​នៅ​ខេត្ត​ឧ​ត្ត​មានជ័យ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​លោម​ឃុំ​ម៉ា​លិ​ក​ស្រុក​អណ្តូង​មាស​ខេត្តរតនគិរី ផ្សំគំនិត​ពិនិត្យ​ទឹកនោម​អវិជ្ជមាន​(-)​។​

ទី​៤-​ឈ្មោះ ជុំ សុខុម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ូតូ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ​ខេត្តរតនគិរី ផ្សំគំនិត​ពិនិត្យ​ទឹកនោម​វិជ្ជមាន​(+)​។​

ទី​៥-​ឈ្មោះ ជិន ចិន្តា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ខេត្ត កំពង់ចាម ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​១​ឃុំ​ឡា​មិញ​ស្រុក​បរ​កែវ​ខេត្តរតនគិរី ផ្សំគំនិត​ពិនិត្យ​អវិជ្ជមាន​(-)​។ និង​

ទី​៦-​ឈ្មោះ សុខ សារឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទទួលផល​ចោរកម្ម​និង​មាន​ប្រពន្ធ​ឈ្មោះ ច​ន្ធូ មានកូន​បីនាក់​ស្រី​(​ពីរ​នាក់​) មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ​ ខេត្តរតនគិរី​(​រត់គេចខ្លួន​បាត់​)​។ ​​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាមរក​ចាប់ខ្លួន​ម្នាក់ទៀត​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114