ព័ត៍មានទាន់​ហេតុការណ៏
Search

ខាំ ខ្លា​នាង សាក​កណ្តាប់ដៃ​ជាមួយ Phat Ek នៅ​SEATV

ខ្លាំ ខ្លា​នាង អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹង​ត្រូវ​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ផ្គូផ្គង​អោយ​ជួប​សាក​កណ្តាប់​ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ Phat Ek នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៥ ខែ​​សីហា​ឆ្នាំ​២០១៨ នៅ​លើ​សង្វៀន​Boostrong Fighter On Fire របស់​SEA-TV។

ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ Phat Ek ដែល​ខាំ ខ្លា​នាង ត្រូវ​តស៊ូ​ជាមួយ​នោះ ជា​ជើង​ខ្លាំង​ទម្ងន់​៥១​គ​.​ក្រ​នៅ​ស្រុកថៃ ហើយ​គេ​ធ្លាប់​វាយ​ឈ្នះ​ចាញ់​ជាមួយ​ហ៊ឹម សេរី​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ ។ ប៉ុន្តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់មាន​ប្រវត្តិ​ជួប​ជាមួយ​ខាំ ខ្លា​នាង នោះទេ។​

Phat Ek មាន​ប្រវត្តិ​ប្រកួត​៦៧​លើក ឈ្នះ​៥៥​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ និង​ធ្លាប់​ផ្តូ​ល​គូប្រកួត​អោយ​សន្លប់​១០ លើក ។ ជា​លើក​ទី​៧ របស់​ខាំ ខ្លា​នាង ដែល​បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។ ក្នុង​៦​លើក​ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ ខ្លា​នាង វាយ​ឈ្នះ​៣​លើក​និង​ចាញ់​៣​លើក។​

ខាំ ខ្លា​នាង មានកំនត់​ត្រា​ប្រកួត​ចំនួន​៧០​លើក ឈ្នះ​៥៣​លើក ចាញ់​១៥​លើក និង ស្មើ​០២​លើក ។ ការប្រកួត​នៅក្នុង​ស្រុក ខ្លា​នាង វាយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ សឹងតែ​អស់​ទៅហើយ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​នេះ តែ​ការប្រកួត​ចុងក្រោយ​នេះ គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Nok Krachieb ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​៣០​មិថុនា​២០១៨​កន្លងមកនេះ។

ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​ខាំ ខ្លា​នាង និង Phat Ek នេះ​ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ព្រោះថា​ការប្រកួត​គ្នា​លើក​នេះ ខាំ ខ្លា​នាង មិន​ប្រាកដថា​ឈ្នះ Phat Ek បាន​នោះទេ​?​ព្រោះ​អ្នក​ប្រដាល់​ថៃ​នេះ​វាយ​ច្បាស់​ណាស់ ហើយ​មួយទៀត​អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​ជើង​ខ្លាំង​នៅ​ប្រទេស​ថៃ​ផង​នោះ ដូច្នេះ​មិន​ងាយស្រួល​អោយ​ខ្លា​នាង​យកឈ្នះ​នោះទេ ។ ចាំមើល ខាំ ខ្លា​នាង អាច​យកឈ្នះ Phat Ek បាន​ឬ​អត់ ?។​

ចំពោះ​គូប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឡុង រ៉ា​មី អ្នក​ប្រដាល់​មកពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដែរនោះ នឹង​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​ពុទ្ធ ម៉ា​ណូយ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា។ ពីរ​នាក់​ជួបគ្នា​ក្នុង​ទម្ងន់ ៥៧​គីឡូក្រាម ។ ពួកគេ​ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​គ្នា​កន្លងមក ។

ឡុង រ៉ា​មី នេះ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដែរ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​វាយ​ខ្លាំង ។ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍​ដោយ​ពិន្ទុ ។​

ពុទ្ធ ម៉ា​ណូយ គេ​ក៏​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដែរ។ អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ ក៏​វាយ​ខ្លាំង​គួរសម​ដែរ គ្រាន់តែ​មានចិត្ត​ប្រដាល់​មិនសូវ​ធំ​ប៉ុណ្ណោះ​។ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​ម៉ឺន មេ​ឃា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ។ ចាំមើល រវាង​ឡុង រ៉ា​មី និង ពុទ្ធ ម៉ា​ណូយ តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ?។​

រឿន សុខលី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​គឿ​ម សុវណ្ណ​ឌឿ​ត អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរកត​គុន​ខ្មែរ​ខេត្តបាត់ដំបង ។​ពួកគេ​ទាំងពីរ​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។ ចំណែក អេ​លី​ត ប៊ុន​សិទ្ធ ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ​ប្រាក់ ឌី​ណា អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114