ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក យ៉ង សាំង​កុមារ៖ ដោយសារ​អតីត​គណបក្សប្រឆាំង​ ទើប​គណបក្ស​ប្រជាជន​ «​ឈ្នះឆ្នោត​ដាច់​»​

​នៅក្នុង​កម្មវិធី​ពិភាក្សា​មួយ​ នៅ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៨​នេះ មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ចោទប្រកាន់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ​ជា​អ្នក​រុញច្រាន​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត ហើយ​ថែមទាំង​បាន​ចោទប្រកាន់ថា​ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​វិធី​គំរាមកំហែង និង​ទិញ​សន្លឹកឆ្នោត នៅក្នុង​អំឡុងពេល​បោះឆ្នោត​សកល នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ កន្លងមកនេះ​ទៀតផង​។​

ប្រធាន​គណៈកម្មាធិការ​នាយក និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​និយាយ​នៅក្នុង​កម្មវិធី​តុ​ពិភាក្សា​ស្ដីពី «​ទិដ្ឋភាព​ទូទៅ​មុន និង​ក្រោយ​ការបោះឆ្នោត និង​គោលជំហរ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​» ថា​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ជម្រុញ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ ទទួលបាន​អាសនៈ​ទាំង​ ១២៥ តាមរយៈ​ការ​ជម្រុញ ​ឱ្យ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត និង​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹកឆ្នោត ​មិនបាន​ត្រឹមត្រូវ ទៅជា​មិនបានការ​នោះ​។​

(រូបភាព៖ លោក យ៉ង សាំង​កុមារ​ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន)

«​យើង​ឃើញ​សន្ទុះ​អ្នកគាំទ្រ​យើង​ច្រើន​ទៅៗ ​ក៏ប៉ុន្តែ​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ ជាពិសេស​ថ្ងៃ​ ស ​គឺថា​រុញ​ទៅឱ្យ​គណបក្ស​ប្រជាជន​បាន​ ១២៥​ អាសនៈ​។ ហេតុអ្វី​បានជា​យើង​ធ្វើ​អ៊ីចឹង​? ហើយ​យើង​ធ្វើ​អ៊ីចឹង​ក្នុង​បំណង​អ្វី​? មុនដំបូង​យើង​រុញ​ប្រជាជន ​មិន​ឱ្យទៅ​បោះឆ្នោត​ដូចជា «​ដេក​ផ្ទះ​ឈ្នះ​ឯង​» ប៉ុន្តែ​បន្ទាប់មក​ យើង​រុញ​ឱ្យទៅ​បោះ និង​គូស​ចោល ​ហើយ​នៅ​ភ្នំពេញ​ គ្រាន់តែ​គូស​ចោល​ ១​សែន​សន្លឹក គឺជា​កាដូ​ជូន​គណបក្ស​ប្រជាជន​ ៣​អាសនៈ ដោយ​ស្វ័យប្រវត្តិ​។​» កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ ចេញផ្សាយ​នៅ​ថ្ងៃទី ​២​ខែសីហា​ឆ្នាំ​២០១៨ បាន​ស្រង់​សម្តី​លោក យ៉ង សាំង​កុមារ ដែល​បានលើកឡើង​ដូច្នេះ​។​

​លោក​បាន​និយាយ​បន្ថែមថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ការ​ប្រជាពលរដ្ឋ ​មិន​ឱ្យទៅ​បោះឆ្នោត​ ជូន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពីព្រោះ​គាត់​គិតថា កាលណា​មាន​តំណាង​គណបក្ស​ ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក្នុង​រដ្ឋសភា នឹង​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​ មិនសូវ​ថ្កោលទោស​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។​

«​គាត់​ចង់ឱ្យមាន​ការផ្លាស់ប្តូរ​ តាមរយៈ​អន្តរជាតិ​ដាក់​គំនាប​ លើ​រដ្ឋាភិបាល​បច្ចុប្បន្ន ​ហើយ​ដើម្បី​ធ្វើដូច្នេះបាន ​គាត់​ចង់ឃើញ​មនុស្ស​ទៅ​បោះឆ្នោត​តិច ប៉ុន្តែ​ចុងក្រោយ​គាត់​ដឹងថា​ មនុស្ស​នឹង​ទៅ​បោះឆ្នោត​ច្រើន​… ​គាត់​ក៏បាន​រុញឱ្យ​គណបក្ស​ប្រជាជន​បាន​​ ១២៥ … ​គាត់​គិតថា អន្តរជាតិ​នឹងដាក់​គំនាប​វា ​នឹង​ធ្វើឱ្យ​រដ្ឋាភិបាល ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ​ធ្វើការ​ផ្លាស់ប្តូរ​ចិត្តគំនិត ​រៀបចំ​ឱ្យមាន​ការបោះឆ្នោត​ឡើងវិញ ហើយ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​ បើ​មិន​ដូច្នេះ​ទេ ​នឹងរង​នូវ​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​។​» លោក យ៉ង សាំង​កុមារ បាន​និយាយ​បន្ត​។​

(រូបភាព៖ លោក យ៉ង សាំង​កុមារ​ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន)

​ជាការ​ពិតណាស់ ដូច​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នៅក្នុង​ការបោះឆ្នោត​សកល​នាពេល​ថ្មីៗ​នេះ ពិតជា​បានមក​ដោយសារ ​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ ​ចំពោះ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក៏ដូចជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះឯង​។ ជ័យជម្នះ​នេះ ពិតជា​មិនមែន​បានមក​ ដោយសារ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ អំពាវនាវ​មិនឱ្យ​អ្នកគាំទ្រ​របស់ខ្លួន ​មិន​ទៅ​បោះឆ្នោត​នោះឡើយ​។​​

ទន្ទឹមនឹងនេះ លោក សុខ ឥសាន បាន​អះអាងថា ​អ្នកបោះឆ្នោត​បាន​មើលឃើញថា​ គណបក្ស​ប្រជាជន​កម្ពុជា ​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ក្នុងខណៈ​ពេលដែល​ អតីត​អ្នកគាំទ្រ​អតីត​ គណបក្ស​សង្គ្រោះ​ជាតិ ​ជាច្រើន​នាក់​ទៀត​ បាន​បាត់​ជំនឿ​ទៅលើ​គណបក្សប្រឆាំង ហើយក៏​ងាក​មក​គាំទ្រ​ គណបក្ស​ប្រជាជន​កម្ពុជា​ បន្ថែមទៀត​នោះ​។​

«​គណបក្ស​ប្រជាជន​ មានការ​ភ្ញាក់រឭក​ ក្នុងការ​កែលម្អ​ចំណុច​ខ្វះខាត​របស់ខ្លួន ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​លោក​ស្វាគមន៍ និង​អបអរសាទរ ហើយ​ងាក​មក​គាំទ្រ​…​ឡើងវិញ​។ ប្រជាជន​បាន​បាត់​ជំនឿ ​ទៅលើ​គណបក្សប្រឆាំង​អស់​ទៅហើយ​។​» លោក សុខ ឥសាន បាន​និយាយប្រាប់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍​។​​

ជាមួយគ្នានេះដែរ អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​ចោទប្រកាន់​ គណបក្ស​ប្រជាជន​កម្ពុជា​ថា ​បាន​ប្រើការ​គំរាមកំហែង និង​ការទិញ​សន្លឹកឆ្នោត​ ទើបបាន​សំឡេង​រហូតដល់ ​១២៥​អាសនៈ នៅក្នុង​ការបោះឆ្នោត​កន្ល​ង​មកនេះ​។​

​លោក សាម អ៊ី​ន អ្នកនាំពាក្យ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​និយាយថា «​ដោយសារតែ​ការ​សម្លុត គំរាម និង​ទិញ​សន្លឹកឆ្នោត ​នៅ​កើតមាន​យ៉ាងច្រើន ​នៅក្នុង​សង្គម​កម្ពុជា​» ស្អី​គេ​នោះ ទើប​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ដូច្នេះ​។​​

(រូបភាព៖​ លោក សាម អ៊ី​ន អ្នកនាំពាក្យ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន)

ទោះបីជា​យ៉ាងណា ប្រសិនបើ​មានការ​គំរាមកំហែង និង​ទិញ​សន្លឹកឆ្នោត​បែបនេះ​មែន​នោះ គណបក្សនយោបាយ​ ជិត ​២០​គណបក្ស​ទៀត​ មិន​នៅ​ស្ងៀម​ឡើយ ហើយ​ពួកគេ​នឹង​ប្រឆាំង​តវ៉ា​ជាមិនខាន ពីព្រោះ​គ្រប់​គណបក្ស​ទាំងអស់​ សុទ្ធតែ​បាន​ចំណាយធនធាន​ច្រើន ហើយ​ចង់បាន​ការបោះឆ្នោត​មួយ​ ដែល​ដំណើរការ​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ​។​

ដូច​លោក សុខ ឥសាន បានលើកឡើង វា​គ្រាន់តែ​ជាការ​អះអាង​ ដោយ​អត្តនោម័ត​ ដោយសារ​មុន​ឃោសនាបោះឆ្នោត  គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គិតថា​ខ្លួនគេ​មាន​ក្តីសង្ឃឹម​ដ៏​លើសលុប ហើយ​ឥឡូវ​ក្តីសង្ឃឹម​របស់គាត់​ បាន​ធ្លាក់ទឹក​ទៅហើយ រួច​ក៏​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ​បាន​ប្រើ​វិធី​គំរាមកំហែង និង​ទិញ​សន្លឹកឆ្នោត​នោះ​ទៅ​។​

«​ការលើកឡើង​នេះ គ្រាន់តែ​ជាការ​ផាត់​ក្រែ​ម​ លាបម្សៅ​មុខមាត់​គាត់ ​កុំឱ្យ​វា​ធ្លាក់​ធ្ងន់​ពេក​។​» លោក សុខ ឥសាន បាន​និយាយ​។​

​តាមពិត កាសែត​កម្ពុ​ជាថ្មី បាន​សរសេរ​នៅក្នុង​វិចារណកថា​មួយ ​នៅមុន​ការបោះឆ្នោត​រួចមកហើយ ដោយ​អំពាវនាវ​ឱ្យ​គណបក្ស នយោបាយ​នីមួយៗ​ ចៀសវាង​អួតអាង​ហួស​ពី​សមត្ថ​ភា​ របស់​ពួកគេ​ខ្លាំងពេក ពីព្រោះ​ពួកគេ​នឹង​ខកចិត្ត​​ នៅពេល​ចាញ់ឆ្នោត រហូតដល់​ចោទប្រកាន់​ គណបក្សកាន់អំណាច​ទៀតផង​។ នៅពេលនេះ អ្វីដែល​កាសែត​កម្ពុ​ជាថ្មី ​បានគិត​ទុក​នោះ វា​បាន​កើតឡើង​ដូច្នេះ​មែន​។​​

(រូបភាព៖ លោក សាម អ៊ី​ន អ្នកនាំពាក្យ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន)

ប៉ុន្តែ ណ្ហើយចុះ នៅក្នុង​ដំណើរការ​ នៃ​ការបោះឆ្នោត​ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ គ្មាន​អ្វីដែល​ស្ថិតស្ថេរ​នោះទេ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក បារាំង អង់គ្លេស ឥណ្ឌា ឬ​ជប៉ុន ក៏​ដូចគ្នា​ដែរ​។ ការ​ចាញ់ឈ្នះ គឺជា​រឿង​ធម្មតា​។ គណបក្សនយោបាយ​ណា​ មាន​គោលនយោបាយ​ល្អ ហើយ​មាន​សមត្ថភាព​ អនុវត្ត​គោលនយោបាយ​នោះ​ដោយ​ជោគជ័យ ប្រាកដជា​ទទួល​ជ័យជម្នះ ​ជាមិនខាន ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ នៅពេលនេះ​ដូច្នេះ​ដែរ​។​

​ដូច្នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏ដូចជា​គណបក្សនយោបាយ​ផ្សេងទៀត ​មិនត្រូវ​អស់សង្ឃឹម​នោះទេ ពីព្រោះ​ប្រទេស​កម្ពុជា ​នៅតែ​ជា​ប្រទេស​ប្រកាន់យក​ លទ្ធិប្រជាធិបតេយ្យ ហើយ​ការបោះឆ្នោត​ ក៏​ចេះតែ​កើត​មាន នៅ​អាណត្តិ​ក្រោយៗ​ទៀត​ដែរ​។ ប្រសិនបើ​​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ដទៃទៀត មាន​សមត្ថភាព​ លើសពី​គណបក្ស​ប្រជាជន​កម្ពុជា ពួកគេ​ប្រាកដជា ​ឈ្នះឆ្នោត​ជាមិនខាន​៕ (បទ​វិចារណកថា​ ដោយ កាសែត​កម្ពុ​ជាថ្មី​)​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684