ព័ត៍មានទាន់​ហេតុការណ៏
Search

​សមាគម​ខ្មែរ​អាមេរិកាំង​ គួរ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុ​ជា តា​មគំរូ​សមាគម​ខ្មែរ​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់

យោងតាម​សេចក្តីរាយការណ៍​ របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (​វី​អូ​អេ​) ផ្សាយ​នៅ​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​អាមេរិកាំង​ នឹង​ជួបពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ ​នា​ចុង​សប្តាហ៍​នេះ​នៅ​រដ្ឋ​មី​នី​សូ​តា ផ្តោតលើ​បញ្ហា​ «​ឯកភាព​ជាតិ សន្តិភាព និរន្តរភាព និង​វិបុល​ភា​ព‍​»​ ដែល​កើតឡើង​ក្រោយ​កិច្ចព្រមព្រៀង ​សន្តិភាព​ទីក្រុង​ប៉ារីស ចាប់តាំងពី​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​១៩៩១​មក​។​

គួរ​បញ្ជាក់ថា ការជួបជុំ​នេះ គឺជា​មហាសន្និបាត​កំពូល​ប្រចាំឆ្នាំ ​លើក​ទី​ពីរ​របស់​សហគមន៍​ខ្មែរ ​នៅក្រៅ​ប្រទេស ដែល​ឆ្នាំនេះ​រៀបចំឡើង ​ស្រប​ពេលដែល​សហគមន៍​អន្តរជាតិ ​វាយតម្លៃថា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ​ថា​បាន​ «​ដើរ​មកដល់​ចំណុច​គ្រោះថ្នាក់​មួយ​» បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​ទី​២៩​ ខែកក្កដា​ កន្លងមកនេះ​។​

​ក្រុម​អ្នករៀបចំ​មហាសន្និបាត​កំពូល​នេះ បាន​បញ្ជាក់ថា​ ពួកគេ​នឹង​បន្ត​ស្វែងរក​គំនិត និង​ដំណោះស្រាយ​នានា ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ នូវ​ជីវភាព​ពលរដ្ឋ​ខ្មែរ ​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ពួកគេ​។​

​វិទ្យុ​សំឡេង​វី​អូ​អេ បាន​រាយការណ៍​ថា លោក យ័​ប គឹម​ទឹង ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែលជា​អ្នករៀបចំ​មហាសន្និបាត​នេះ​ បាន​បញ្ជាក់ថា ​បញ្ហា​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ​ទំនងជា​នឹង​គ្របដណ្តប់​លើ​មតិ ​របស់​វាគ្មិន​ដែល​នឹងត្រូវ​លើកឡើង​។​

«​ឆ្នាំនេះ ​យើង​មាន​សមាគម​ច្រើន​ផ្សេងទៀត​មក​ចូលរួម ​ពីព្រោះ​យើង​ចង់​ទាញ​មនុស្ស​ផ្សេងៗ​ទៀត​មក​ចូលរួម ដើម្បី​រក​ចម្លើយ​ដោះស្រាយ​ បញ្ហា​សង្គម​ដែល​ធ្វើឱ្យ​សមាគម​ផ្សេងទៀត​ ចាប់អារម្មណ៍​ហើយ​មក​ចូលរួម​។ ជាពិសេស យើង​ធ្វើ​ពេលនេះ​ នៅ​ចំ​ក្រោយ​ការបោះឆ្នោត ​ដែល​ពួកយើង​មួយចំនួន​ នឹង​និយាយ​គ្នា​ពី​លទ្ធផល​បោះឆ្នោត ដើម្បី​សម្រេច​កិច្ចការ​ខ្លះទៀត ​ទាក់ទង​នឹង​ខាង​ហ្នឹ​ង‍​។​» លោក យ័​ប គឹម​ទឹង បាន​និយាយ​។​

​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​រូបនេះ បាន​ចាត់ទុកថា ការបោះឆ្នោត​សកល​កន្លងមក​ថ្មីៗ​នេះ គឺជា​ការប្រកួតប្រជែង​មួយ​ដែល​មិន​សមរម្យ​ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ទេ​។​

«​យើង​ចង់ឃើញ​ការបោះឆ្នោត​ដោយ​សេរី ប្រជាជន​ចង់​ជ្រើសរើស​ អ្នកណា​ជ្រើសរើស​ចុះ ប្រសិន​បោះឆ្នោត​ហើយ​ត្រឹមត្រូវ​ប្រជាជន​ជ្រើសរើស ​លោក​ ហ៊ុន សែន​ តទៅទៀត យើង​នឹង​គោរព​លោក ហ៊ុន សែន ប៉ុន្តែ​ការប្រកួតប្រជែង​ ដូច​ថ្ងៃអាទិត្យ​មុន​យើង​គិតថា​ មិនជា​ការគួរ​ឱ្យ​សរសើរ​ទ‍េ​។​» លោក យ័​ប គឹម​ទឹង បាន​និយាយ​បន្ថែម​។​

​នៅក្នុង​មហាសន្និបាត​នេះ គេ​រំពឹងថា​ វាគ្មិន​ដែល​នឹងចូលរួម​ពិភាក្សា​ មានដូចជា​លោក កំ​ផា សិត នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​រដ្ឋ​អ៊ី​លីណ​យ លោក វ៉ាន់ ស ប្រធាន​មូលនិធិ​មិត្តភាព​ខ្មែរ​អាមេរិកាំង​ នៅរដ្ឋ​វ៉ាស៊ីនតោន​ស្តេត និង​ «​សកម្មជន​សិទ្ធិមនុស្ស​ដ៏​ឆ្នើម​» គឺ​លោក ប្រែ​ដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​។​

​ជាការ​ពិតណាស់ គ្រាន់តែ​ឮឈ្មោះ​លោក ប្រែ​ដ អាដាម ដែល​គេ​ចាត់ទុកថា​ ជា​ «​សកម្មជន​សិទ្ធិមនុស្ស​ដ៏​ឆ្នើម​» ​ស្អី​គេ​នោះ​ភ្លាម យើង​ក៏​ដឹង​ភ្លាម​ដែរ ​អំពី​របៀបវារៈ​នយោបាយ​ នៃ​មហាសន្និបាត​របស់​សមា​គម​ខ្មែរ ​នៅ​សហរដ្ឋអាមេរិក​នេះ ពីព្រោះ​សម្រាប់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា នាយក​ប្រចាំ​តំបន់​អាស៊ី ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​រូបនេះ គឺជា​ «​សកម្មជន​គួរឱ្យ​ឆ្អើម​បំផុត​» ពោលគឺ​មិនមែនជា​ «​សកម្មជន​សិទ្ធិមនុស្ស​ដ៏​ឆ្នើម​» ដូច​វិទ្យុ​វី​អូ​អេ​អះអាង​នោះឡើយ​។​

​ដូចគ្នានេះដែរ ក្រុម​ជនជាតិខ្មែរ​អាមេរិកាំង និង​សមាគម​ខ្មែរ​អាមេរិកាំង ​ដែលមាន​ទំនាក់ទំនង​ជាមួយ ​បុរស​អាមេរិកាំង​រូបនេះ ក៏មាន​របៀបវារៈ​នយោបាយ​ មិន​ខុសពី​រូបលោក​ម្នាក់​នេះដែរ​។​

​ជាក់ស្តែង ដូចជា លោក យ៉ែម ឫទ្ធិពល ប្រធាន​សមាគម​សង្គហប្រយោជន៍​ជាតិ​យើង ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ហាក់ដូចជា​ចម្លង​តាម​គោលជំហរ ​របស់​នាយក​ប្រចាំ​តំបន់​អាស៊ី​ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​រូបនេះ​។​

​លោក យ៉ែម ឫទ្ធិពល បាន​រិះគន់​ប្រាប់​វី​អូ​អេ​ថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ បាន​​ «​ដើរ​ថយក្រោយ​ខុស ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង ​នៅ​ទីក្រុង​ប៉ារីស​» ដែល​ធានាឱ្យមាន​ប្រព័ន្ធ​នយោបាយ​ សេរី​ពហុបក្ស​នោះ​។​

«​មហាជន​ខ្មែរ​នៅក្រៅ​ប្រទេស ​អំពាវនាវ​ឱ្យអស់​លោកអ្នក​ដឹកនាំ​គណបក្ស ដឹកនាំ​ប្រទេសជាតិ​រាល់ថ្ងៃនេះ​ ទទួលស្គាល់​ការពិត ហើយ​បើកចំហ​ប្រទេសជាតិ​កម្ពុជា ​ឱ្យ​អស់លោក​អ្នកស្នេហាជាតិ​ នៅក្រៅ​ប្រទេស រួមទាំង​គណបក្ស​នី​រទេស​ខ្លួន ​សង្គ្រោះ​ជាតិ​ត្រឡប់មកវិញ​ ដើម្បី​បង្រួបបង្រួម​ខ្មែរ ​ឱ្យមាន​ឯកភាព​ជាតិ​ឡើង​វិ​ញ‍​។​» លោក យ៉ែម ឫទ្ធិពល បាន​និយាយ​។​

​កាសែត​កម្ពុ​ជាថ្មី មាន​ចម្ងល់​ថា ​តើ​ចំណុច​ណា​ដែល​បញ្ជាក់ថា ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ «​ដើរ​ថយក្រោយ​»​ នោះ ហើយ​មាន​ហេតុផល​អ្វី ដែល​សំអាងថា​ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា ​«​អ្នកស្នេហាជាតិ​»​ នោះ​?

​ប្រសិនបើ​លទ្ធិប្រជាធិបតេយ្យ ​នៅក្នុង​ប្រទេស​កម្ពុជា​ពិតជា​ «​ដើរ​ថយក្រោយ​» ​នោះ មិន​មែនមាន​គណបក្ស​នយោបាយ​ ចូលរួម​បោះឆ្នោត​ រហូតដល់​២០​គណបក្ស នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ កន្លងមកនេះ ដូចជា​ការបោះឆ្នោត​សម័យ​អ៊ុនតាក់​ឆ្នាំ​១៩៩៣ ដែលមាន​គណបក្សនយោបាយ​ ចូលរួម​ចំនួន​២០​គណបក្ស​ដែរនោះ​ទេ​។​

​​ទន្ទឹមនឹងនេះ ប្រសិនបើ​អតីតមន្ត្រី​គណបក្សប្រឆាំង​ នៅក្រៅ​ប្រទេស​ពិតជា​ «​អ្នកស្នេហាជាតិ​» ​មែន​នោះ ពួកគេ​មិនមែន​អំពាវនាវ​ឱ្យ ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ​ម​កលើ​ប្រទេស​កម្ពុជា ដោយ​បំផ្លាញ​ឆ្នាំងបាយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ ដូចជា​កម្មករ និង​កម្ម​ការ​នី​រោងចក្រ ដែល​នឹងរង​គ្រោះ​នោះឡើយ​។​​

កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ជាជាង​បង្ហាញ​នូវ​គោលជំហរ ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា សមាគម​ខ្មែរ​អាមេរិកាំង​ គួរតែ​យក​គំរូតាម​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់​វិញ ហើយ​ងាក​មក​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កើត​នូវ ​«​ឯកភាព​ជាតិ សន្តិភាព និរន្តរភាព ការអភិវឌ្ឍ និង​វិបុលភាព​» នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​កិច្ចព្រមព្រៀង​ ក្រុងប៉ារីស​ឆ្នាំ​១៩៩១​មក​។​​

តើ​ការរីកចម្រើន​គ្រប់​វិស័យ​ទាំងអស់នេះ មិនមែនជា​ស្មារតី ​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ដែល​សមាគម​ខ្មែរ​អាមេរិកាំង​ ចង់បាន​ទេ​ឬ​?

ជាការ​ពិតណាស់ ប្រសិនបើ​សមាគម​ខ្មែរ​អាមេរិកាំង​ទាំងអស់នោះ​ មើល​មក​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ក្រសែភ្នែក​វិជ្ជមាន​នោះ គេ​ប្រាកដជា​បង្ហាញ​នូវ​ការកោតសរសើរ​ចំពោះ​សម្តេច និង​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា​សមាគម​ខ្មែរ នៅ​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ ជាមិនខាន​៕ (បទ​វិចារណកថា​​ ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684