ព័ត៍មានទាន់​ហេតុការណ៏
Search

សូម​សរសេរ​ទឹកចិត្ត! អ៊ឹម ជីវ៉ា រៀបចំ​អាហារ​ចែក​ជូន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ​រុស្ស៊ី​៣៥៧​នាក់

ភ្នំពេញ ​៖​ លោក​អ៊ឹម ជីវ៉ា ដែល​មហាជន​ស្គាល់​គ្រប់គ្នា​ជាតា​រា​សម្ដែង ​និង​តែង​លេច​វត្តមាន​តាមរយៈ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត ​និង​អ្នក​សិល្បៈ​មាន​ជំងឺ​ ឬ​បាត់បង់​សមត្ថភាព​នោះ​ នា​ព្រឹក​ថ្ងៃទី​០២ ​ខែសីហា ឆ្នាំ​២០១៨​ បាន​រៀបចំ​អាហារ​យក​ទៅ​ចែក​ជូន​ដល់​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​(​រុស្ស៊ី)។

លោក​អ៊ឹម ជីវ៉ា បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ចុះ​ចែក​អាហារ​ដល់​បងប្អូន​អ្នកជំងឺ​ក៏ដូចជា​អ្នក​ដែល​មក​កំដរ​ចាំ​មើលថែ​ក្រុម​គ្រួសារ​របស់​ពួកគាត់​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទី​រពេទ្យរុស្ស៊ី​នេះ​ក៏​ព្រោះតែ​មើលឃើញ​ពី​ការ​អាណិត​ដល់​ពួកគាត់​។​ ម្យ៉ាងទៀត​តាមរយៈ​សកម្មភាព​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់ ​និង​ភាព​កក់ក្តៅ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។

តារា​ប្រុស​រូប​សង្ហា​លោក អ៊ឹម ជីវ៉ា បញ្ជាក់​ថា​ អាហារ​ ដែល​ក្រុមការងារ​របស់ខ្ញុំ​បាន​រៀបចំ​យក​មក​ចែក​ជូន​ពួកគាត់​នា​ព្រឹក​នេះ ​មាន​ដូចជា ​៖​ គុយទាវ ,​ទឹក​សុទ្ធ ,​ទឹកក្រូច និង​បង្អែម​ជាដើម។ លោក​ថា​នេះ​ ពុំ​មែន​ទើប​ជា​លើកទីមួយ​ទេ​ សម្រាប់​ខ្ញុំ​ ព្រោះ​កន្លងមក​មិន​ថា​អ្នកជំងឺ​មក​សម្រាក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​នេះ​ទេ ​គឺ​មាន​បងប្អូន​ជាច្រើន​មក​ហើយ ដែល​ខ្ញុំ​តែងតែ​ចំណាយ​ពេលវេលា​ ឬ​ថវិកា​ផ្ទាល់ខ្លួន​មួយចំនួន​ដើម្បី​ទិញ​សម្ភារៈ​ឬ​គ្រឿង​បរិភោគ​ចែក​ជូន​ដល់​ពួកគាត់។

ជា​ការ​កត់សម្គាល់​តារា​សម្តែង​លោក​ អ៊ឹម ជីវ៉ា កន្លងមក​ថ្វីត្បិតតែ​មាន​ភាព​មមាញឹក​លើ​អាជីព​សិល្បៈ ឬ ការងារ​ផ្ទាល់ខ្លួន​ជាច្រើន​ក៏​ពិតមែន​ ប៉ុន្តែ​តារា​ប្រុស​រូប​នេះ​ តែងតែ​បង្វែរ​ពេល​វេលា​ ដែល​នៅ​ទំនេរ​មួយចំនួន​ងាក​មក​ធ្វើ​ការងារ​មនុស្សធម៌​ជួយ​ដល់​សង្គម​ជា​បន្តបន្ទាប់។ ត្រង់ចំណុច​នេះហើយ​ទើប​លោក អ៊ឹម ជីវ៉ា នូវតែ​បន្ត​រក្សា​បាន​ការ​គាំទ្រ​ និង​ប្រជាប្រិយភាព​ពី​សំណាក់​មហាជន មិនតែប៉ុណ្ណោះ​ជារឿយៗ​លោក អ៊ឹម ជីវ៉ា ក៏​ទទួល​បាន​ការ​លើក​សរសើរ​ចំពោះ​ទឹកចិត្ត​ល្អ​ក្នុង​ការ​ចែករំលែក​ក្តី​ស្រឡាញ់​ជួយ​ដល់​អ្នក​ខ្វះខាត​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114