ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Mnangagwa ឈ្នះ​ការបោះឆ្នោត​របស់​ប្រទេស ហ្ស៊ី​ម​បា​វ៉េ

លទ្ធផល​ បាន​បង្ហាញ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ថា ប្រធានាធិបតី​ហ្ស៊ី​ម​បា​វ៉េ​លោក​ Emmerson Mnangagwa ដែលជា​អតីត​សម្ព័ន្ធមិត្ត​របស់លោក Robert Mugabe គឺ​បានឈ្នះ​យ៉ាង​ប្រផិតប្រផើយ​សម្រាប់​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ។ លទ្ធផល​នេះ​បាន​ជំរុញ​ឲ្យ​មានការ​ចោទប្រកាន់​អំពី​ការលួចបន្លំ​។​

គណៈកម្មាធិការ​បោះឆ្នោត​ហ្សី​ម​បា​វ៉េ (ZEC) បាន​និយាយថា លោក Mnangagwa ទទួលបាន​សំឡេង​៥០,៨​ភាគរយ​នៃ​សន្លឹកឆ្នោត​នាំមុខ​លោក Nelson Chamisa នៃ​គណៈបក្សប្រឆាំង MDC ដែល​ទទួលបាន​សំឡេង​៤៤,៣​ភាគរយ។

ប្រធាន ZEC លោក Priscilla Chigumba បានប្រកាសថា “​លោក Emmerson Dambudzo Mnangagwa នៃ​គណបក្ស ZANU-PF ត្រូវបាន​ប្រកាស​យ៉ាង​ត្រឹមត្រូវ​ថា​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្ស៊ី​ម​បា​វ៉េ​”​។​

លោក Mnangagwa បានទទួល​ជ័យជំនះ​យ៉ាង​ប្រកៀក​ប្រកិត​បំផុត​បន្ទាប់ពី​ត្រូវការ​សំឡេងឆ្នោត​លើសពី​៥០​ភាគរយ​ដើម្បី​ទទួលបាន​ជ័យជំនះ​ដោយ​មិនចាំបាច់​មានការ​បោះឆ្នោត​ជុំ​ទី​ពីរ​។​

ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​ត្រូវ​ប្រឈមមុខ​នឹង​ប្រតិកម្ម​ជា​សាធារណៈ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​បន្ទាប់ពី​មានការ​បង្ក្រាប​យ៉ាង​សាហាវ​ទៅលើ​ក្រុមអ្នកតវ៉ា​។​

មនុស្ស​៦​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ពុធ​នៅពេលដែល​ទាហាន​បាន​បាញ់​គ្រាប់​ពិត​ប្រឆាំងនឹង​បាតុករ​របស់​បក្ស MDC ដែល​ចោទប្រកាន់ថា​ការបោះឆ្នោត​នេះ​ត្រូវបាន​គេ​រៀបចំ​ទុកជាមុន​។​

ទាហាន​និង​ប៉ូលិស​បាន​បោសសម្អាត​កណ្តាល​ទីក្រុង Harare មុនពេល​លទ្ធផល​បញ្ចេញ​ដោយ​ស្រែក​ដាក់​អ្នក​ថ្មើរជើង​និង​ឈ្មួញ​ឲ្យ​ចាក​ចេញពី​តំបន់​នេះ​ខណៈ​គណបក្សប្រឆាំង​គឺ​បក្ស​ចលនា​សម្រាប់​ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ (MDC) បាន​ចោទប្រកាន់​ម្តង​ហើយ​ម្តង​ទៀតថា​បក្ស ZANU-PF បាន​លួច​ការបោះឆ្នោត។

ប៉ូលិស​និង​កងទ័ព​បាន​ឈរជើង​លើផ្លូវ​នៃ​ទីក្រុង Harare នៅ​ពេលយប់​ប៉ុន្តែ​គ្មាន​ការ​តវ៉ា​ណាមួយ​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ​ហើយ​មានការ​ប្រារព្ធ​ពិធី​ជា​សាធារណៈ​មួយចំនួន​តូច​នៅ​ពេល​ដែល​លទ្ធផល​ត្រូវ​បានប្រកាស​បន្ទាប់ពី​ពាក់​កណ្ដាល​យប់។
គួរ​បញ្ជាក់​ថា អ្នក​ទៅ​បោះឆ្នោត​មាន​កម្រិត​ខ្ពស់​ជាង​៨០​ភាគរយ​នៅក្នុង​ខេត្ត​ភាគច្រើន​ក្នុងចំណោម​ខេត្ត​ទាំង​១០​របស់​ប្រទេស​នេះ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114