ព័ត៍មានទាន់​ហេតុការណ៏
Search

សង្គ្រាម​លើ​ព័ត៌មាន​ក្លែងក្លាយ ​៖ តើ​ប្រទេស​មួយចំនួន​កំពុង​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ជាមួយនឹង​ច្បាប់​ដោយ​របៀប​ណា​ទៅ

ប្រទេស​មួយ​ចំនួន​កំពុង​នាំ​យក​ច្បាប់​ដើម្បី​ប្រឆាំង​នឹង “​ព័ត៌មាន​ក្លែងក្លាយ​” ដែល​ជា​ការ​គំរាមកំហែង​ជាក់លាក់​មួយ​ក្នុងអំឡុង​ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​ដល់​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

ខាងក្រោម​នេះ​គឺជា​ស្ថានភាព​នៅក្នុង​ប្រទេស​មួយ​ចំនួន​៖
អាល្លឺម៉ង់​
​នៅ​ខែមិថុនា​ឆ្នាំ​២០១៧ រដ្ឋសភា​បានអនុម័ត​ច្បាប់​មួយ​ប្រឆាំងនឹង​ការ​បង្ហោះ​និយាយ​ស្អប់ខ្ពើម រូប​អាសអាភាស​កុមារ ធាតុ​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​និង​ព័ត៌មាន​មិន​ពិត​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។​



ក្រោម​ច្បាប់​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា Facebook និង Twitter អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន​៥០​លាន​អឺរ៉ូ (៥៨​លាន​ដុល្លារ​អាមេរិក​) ប្រសិនបើ​ពួកគេ​មិនបាន​លុបចោល​នូវ​មាតិកា​ខុសច្បាប់​បែបនេះ​។​

នាយក​របស់​ពួកគេ​ក៏​អាច​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​៥​លាន​អឺរ៉ូ​ផងដែរ​។​

បារាំង​
​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​ចំនួន​ពីរ​កំពុងស្ថិត​ក្រោម​ការ​ពិភាក្សា​នៅក្នុង​រដ្ឋសភា​បារាំង​ក្នុង​គោលបំណង​ការពារ​ប្រឆាំងនឹង “​ការរៀបចំ​ព័ត៌មាន​” ក្នុងអំឡុងពេល​បោះឆ្នោត​។​
​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​បេក្ខជន​ឬ​គណបក្សនយោបាយ​សុំ​ឲ្យ​តុលាការ​បញ្ជា​ឲ្យ​បញ្ឈប់​ការបោះ​ពុ​ម្ភ​ផ្សាយ​ពត៌មាន​ដែល​គេ​ចាត់ទុកថា​ខុសឆ្គង​ភ្លាមៗ​ក្នុង​រយៈពេល​៣​ខែ​មុន​ឈានទៅដល់​ការបោះឆ្នោតជាតិ​។​

ជាមួយនឹង​ការគាំទ្រ​ដោយ​លោក​ប្រធានាធិបតី Emmanuel Macron, សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​រិះគន់​ដោយ​សមាជិកសភា​គណបក្ស​ប្រឆាំង​ថា​ជាការ​វាយប្រហារ​លើ​សេរីភាព​បញ្ចេញមតិ​។​

ប្រេ​ស៊ី​ល​
​មាន​សេចក្តីព្រាងច្បាប់​មិនតិចជាង​១៤​ដែល​ទាក់ទង​នឹង “​ព័ត៌មាន​ក្លែងក្លាយ​” ទេ​ដែល​កំពុងស្ថិត​នៅក្រោម​កា​រ​ត្រួតពិនិត្យ​នៅក្នុង​សភា​ប្រេ​ស៊ី​ល​ខណៈដែល​ព័ត៌មាន​មិន​ពិត​កំពុងតែ​កើតមាន​នៅក្នុង​ប្រទេស​នេះ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ពោរពេញ​ដោយ​ជម្លោះ​នៅក្នុង​ខែតុលា​។​



សេចក្តីព្រាងច្បាប់​មួយ​បានអនុម័ត​រួចទៅហើយ​នៅក្នុង​សភា​ជាន់ខ្ពស់​ហើយ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​៣​ឆ្នាំ​សម្រាប់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​អ៊ី​ធឺ​ណិ​ត​ទាក់ទង​នឹង​សុខភាព សន្តិសុខ សេដ្ឋកិច្ចជាតិ ដំណើរការ​បោះឆ្នោត​ឬ​ប្រធានបទ​សាធារណៈ​ដទៃទៀត​។

កាលពី​ខែមិថុនា គណបក្សនយោបាយ​ចំនួន​១០​ក្នុងចំណោម​គណបក្សនយោបាយ​ទាំង​៣៥​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អាជ្ញាធរ​បោះឆ្នោត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

ម៉ាឡេស៊ី​
​សភា​ម៉ាឡេស៊ី​កាលពី​ខែមេសា​ឆ្នាំ​២០១៨​បានអនុម័ត​ច្បាប់​មួយ​ដែល​ផ្ដន្ទាទោស​ការផ្សព្វផ្សាយ​ព័ត៌មាន​ខុសឆ្គង​តាម​ផ្នែក​ខ្លះ​ឬ​ទាំងស្រុង​ជាមួយនឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​៦​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥០០,០០០​រីង​ហ្គី​ត (១២៣,០០០​ដុល្លារ​អាមេរិក​)​។​



វា​ត្រូវបាន​រិះគន់​ដោយ​គណបក្សប្រឆាំង​និង​ក្រុម​សិទ្ធិមនុស្ស​ថា​ជាការ​ប៉ុនប៉ង​ដើម្បី​បំបិទមាត់​ការរិះគន់​រដ្ឋាភិបាល​។​

គណបក្សប្រឆាំង​បានឈ្នះ​ការបោះឆ្នោត​កាលពី​ខែឧសភា​ហើយ​នាយករដ្ឋមន្ត្រី​ថ្មី​លោក Mahathir Mohamad ដែល​ស្ថិត​ក្នុងចំណោម​អ្នក​រិះគន់​គឺ​បានធ្វើ​ឲ្យ​ប្រជាជន​ភ្ញាក់ផ្អើល​នៅពេល​គាត់​និយាយថា ច្បាប់​នេះ​នឹងត្រូវ​ពិនិត្យឡើងវិញ​ប៉ុន្តែ​មិន​លុបចោល​ទេ​។​

បន្ទាប់ពី​មានការ​រិះគន់ លោក Mahathir បាន​និយាយថា ច្បាប់​នេះ​នឹងត្រូវ​លុបចោល​នៅពេលដែល​សភា​កោះប្រជុំ​ឡើងវិញ​ក្នុង​ខែសីហា​។​

កេ​ន​យ៉ា​
​លោក​ប្រធានាធិបតី Uhuru Kenyatta កាលពី​ខែឧសភា​បាន​ចុះហត្ថលេខា​ដាក់​ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ឲ្យ​ក្លាយទៅជា​ច្បាប់​មួយ​ដែល​ចាត់ទុក​ការយាយី​តាម​អន​ឡាញ​គឺជា​រឿង​ខុសច្បាប់​ប៉ុន្តែ​ក៏មាន​គោលបំណង​បញ្ឈប់​ការរីក​រាលដាល​នៃ “​ព័ត៌មាន​ក្លែងក្លាយ​” ផងដែរ​។​
​ឃ្លា​មួយ​គឺ​ផ្តោតទៅលើ​ការបោះ​ពុ​ម្ភ​ផ្សាយ​ទិន្នន័យ​ក្លែងក្លាយ បំភាន់​ឬ​ក្លែងបន្លំ​ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៥០,០០០​ដុល្លារ​អាមេរិក​ឬ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់​២​ឆ្នាំ​ឬ​ទាំងពីរ​។​



ក្រុម​អ្នក​រិះគន់​បាន​អះអាងថា វា​អាច​រារាំង​សេរីភាព​សារព័ត៌មាន​និង​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​អាជ្ញាធរ​ដើម្បី​បញ្ឈប់​អ្នកកាសែត​ពី​ការបោះពុម្ពផ្សាយ​ព័ត៌មាន​ដែល​ពួកគេ​មិន​ចូលចិត្ត​៕ AFP