ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ផ្តល់​សិទ្ធិ​អំណាច​ដល់​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ​រៀបចំ​ការប្រឡង​ឌី​ប្លូ​ម​ដោយ​ខ្លួនឯង

ភ្នំពេញ ​៖​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បានផ្តល់​សិទ្ធិអំណាច​ដល់​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ​ដែលមាន​អនុវិទ្យាល័យ​និង​វិទ្យាល័យ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ឬ​ប្រឡង​ឌី​ប្លូ​ម​ដោយ​ខ្លួនឯង​ដើម្បី​កែទម្រង់​ការ​ប្រឡង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

លោក​រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​៧​ខែសីហា ​ឆ្នាំ​២០១៨​ថា​ ការប្រគល់​សិទ្ធិ​អំណាច និង​ការទទួលខុសត្រូវ​ទាំងស្រុង​ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ​ក្នុង​ការរៀបចំ​ការប្រឡង​ឌី​ប្លូ​ម​នេះ​គឺ​ចាប់តាំងពី​ការរៀបចំ​ប្រធាន​វិញ្ញាសា ដំណើរការ​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ​និង​ការប្រកាស​លទ្ធផល​ប្រឡង​ជាដើម។​

លោក​បាន​បន្តថា​ ការផ្លាស់ប្តូរ​ប្រឡង​ពី​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត​មក​ឲ្យ​សាលា​នីមួយៗ​ជា​អ្នករៀបចំ​ដោយ​ខ្លួនឯង​វិញ​នេះ ​បាន​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ថវិកា​បាន​យ៉ាងច្រើន​ប្រមាណ​១០​ពាន់​លាន​រៀល ​ខណៈ​ជា​រៀង​រាល់ឆ្នាំ​ក្រសួង​ត្រូវ​ចំណាយ​លើ​ការរៀប ចំ​ប្រលង​ឌី​ប្លូ​ម​នេះ​ប្រមាណ​១៥​ពាន់​លាន​រៀល​។​

លោកបាន​បន្ថែមទៀតថា​ ថវិកា​ដែល​សន្សំ​បាន​ពី​ការប្រលង​ឌី​ប្លូ​ម​នេះ​ក្រសួង​នឹង​យកទៅ​ចំណាយ​លើ​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​វិញ​ដែល​ចំណាយ​ក្នុង​១​ឆ្នាំៗ​ប្រមាណ​ពី​៤​ទៅ​៥​លាន​ដុល្លា​អាមេរិក​។​

លោក បាន​បន្ថែមទៀត ថា ​ទន្ទឹមនឹងនេះ​ក្រសួង​ក៏បាន​បណ្តុះបណ្តាល​និង​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលា​និង​គ្រូ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​បង្កើន​ចំណេះដឹង​និង​សមត្ថភាព​ក្នុង​ការរៀបចំ​ការប្រឡង​ឌី​ប្លូ​ម​ឲ្យ​កាន់តែ​ល្អប្រសើរ​មានការ​ទទួលខុសត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ជាមួយគ្នានេះដែរ​អ្នកនាំពាក្យ​រូបនោះ​បាន​ឲ្យ​ដឹងថា​ក្រសួង​បាន​ណែនាំ​ឲ្យ​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​ប​ញ្ជូន​មន្ត្រី​ការិយាល័យ​ជំនាញ​ចុះ​ត្រួតពិនិត្យ​តាម​មណ្ឌល​ប្រឡង​មួយចំនួន​ក្នុងករណី​ចាំបាច់​និង​ចេញ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ដល់​បេក្ខជន​ទាំងអស់​ដែល​បាន​ប្រឡង​ជាប់​។​

គួរ​បញ្ជាក់ថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ឬ​ឌី​ប្លូ​ម​ឆ្នាំនេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៦​និង​៧​សីហា​នេះ​ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១៨២៣៧៥​ចែកជា​១៦៥៨ មណ្ឌល​កើន​ជាង​ឆ្នាំមុន​ជាង​២​ម៉ឺន​នាក់​។​

ចំពោះមុខ​វិជ្ជា​ប្រឡង មាន​ចំនួន ១០​មុខវិជ្ជា ត្រូវជា ១១ វិញ្ញាសា រួមមាន​តែងសេចក្ដី .​គីមីវិទ្យា .​ផែនដី​និង​បរិស្ថានវិទ្យា .​រូបវិទ្យា .​ភូមិវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា​គណិតវិទ្យា ការសរសេរ​តាម​អាន ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។ ចំពោះ​លទ្ធផល​ប្រឡង​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៨​ខាងមុខនេះ។

របប​ពិន្ទុ​ដែល​បេក្ខជន​ទទួល​បានជា​អតិបរមា​មាន​ចំនួន​៤៤៥​ពិន្ទុ​និង​របប​ពិន្ទុ​ប្រចាំឆ្នាំ​១០០​ពិន្ទុសរុប​ពិន្ទុ​ទាំងអស់​៥៤៥​ពិន្ទុ​។ ប៉ុន្តែ​ដោយសារ​ភាសាបរទេស​ជា​វិញ្ញាសា​ស្ម័គ្រ​ដូចនេះ​ពិន្ទុ​ប្រលង​ជាប់​គឺ​៥៤៥​ដក​២៥​ ​រួច​ចែក​នឹង​២​ស្មើនឹង​២៦០​ពិន្ទុ​សំរាប់​បេក្ខជន​ចំណេះ​ទូទៅ​និង​បំពេញ​វិ​ជ្ជា​។​ចំពោះ​បេក្ខជនស្វ័យរិន​ពិន្ទុ​ជាប់​៤៤៥​ដក​២៥​ចែក​នឹង​២​ស្មើនឹង​២១០​ពិន្ទុ​។​

ពិន្ទុ​ដែល​ទទួលបាន​និទ្ទេស​មធ្យម​គឺ​ចាប់ពី​២៦០​ដល់​៣៣៧​ពិន្ទុ និទ្ទេស​ល្អ​បង្គួរ​ចាប់ពី​៣៣៨​ដល់​៤១៥​ពិន្ទុ​និង​និទ្ទេស​ល្អ​ចាប់​៤១៦​ពិន្ទុ​ឡើងទៅ​សម្រាប់​បេក្ខជន​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​។​ចំពោះ​បេក្ខជនស្វ័យរិន​ពិន្ទុ​ចាប់ពី​២១០​ដល់​២៧២​ទទួល​និទ្ទេស​មធ្យម​។​ពិន្ទុ​ចាប់ពី​២៧៣​ដល់​៣៣៥​ទទួលបាន​និទ្ទេស​ល្អ​បង្គួរ​និង​ពិ​ន្ទូ​ចាប់ពី​៣៣៦​ឡើងទៅ​ទទួលបាន​និទ្ទេស​ល្អ៕

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114