ព័ត៍មានទាន់​ហេតុការណ៏
Search

ការទាមទារ​កោះត្រល់​ រ​បស់​គណបក្ស​ខ្មែរ​ក្រោក​ ជា​យុទ្ធនាការ​ “ប្រកបដោយ​គ្រោះថ្នាក់​”

យោងតាម​សេចក្តីរាយការណ៍​ របស់​សារព័ត៌មាន អ៊ី​ន​ដឺ​ផិ​ន​ដិ​ន (Independent) របស់​អង់គ្លេស បានឱ្យដឹងថា ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៨ គឺជា​ខួប​ទី​៣៦​ឆ្នាំ ចាប់តាំងពី​ប្រទេស​អា​ហ្ស​ង់​ទីន ​ដណ្តើម​កាន់កាប់​ប្រជុំ​កោះ ហ្វ​ក​លែ​ន​ដ៍ ពី​ចក្រភព​អង់គ្លេស ដែល​ជម្រុញ​ឱ្យ​ប្រទេស​អង់គ្លេស​ ចូលប្រឡូក​ក្នុង​វិវាទ​ប្រដាប់អាវុធ​ដ៏​ធំ​មួយ​ រវាង​ប្រទេស​ទាំងពីរ នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។​​

​ជាការ​ពិត ទោះបីជា​ប្រជុំ​កោះ ហ្វ​ក​លែ​ន​ដ៍ ស្ថិតនៅ​ភាគខាងត្បូង ​ទ្វីបអាមេរិក​ឡាទីន​ ក្បែរ​ប្រទេស​អា​ហ្ស​ង់​ទីន​ក្តី វា​បាន​ក្លាយជា​ផ្នែក​មួយ ​នៃ​ចក្រភព​អង់គ្លេស ចាប់តាំងពី​ឆ្នាំ​១៨៣៣​មក​។ ប៉ុន្តែ ប្រទេស​អា​ហ្ស​ង់​ទីន ​បាន​អះអាង​យ៉ាង​ជូរចត់​ យូរយារ​មកហើយ​ថា ​ប្រជុំ​កោះ​ដែលមាន​ឈ្មោះ​ ជា​ភាសា​អេស្បាញ​ថា អ៊ី​ស្លា ម៉ា​ល​វី​ណាស (Islas Malvinas) គឺជា​ដែនដី​របស់​អា​ហ្ស​ង់​ទីន ហើយ​ត្រូវបាន​អង់គ្លេស ​កាន់កាប់​ដោយ​ខុសច្បាប់​។​

​នៅក្នុង​ទសវត្សរ៍​៨០ ប្រទេស​អា​ហ្ស​ង់​ទីន ​កំពុងតែ​គ្រប់គ្រង ​ដោយ​របប​យោធា​របស់​ឧ​ត្ត​ម​សេនីយ៍ ឡេ​អូ​ប៉ូល​ដូ ហ្គា​ល​ទី​រី (Leopoldo Galtieri) ដែល​កំពុងតែ​ប្រឈមមុខ​ នឹង​កល​យុគ​ក្នុងសង្គម បណ្តាលមកពី​ឱនភាព​ផ្នែក​សេដ្ឋកិច្ច​នោះ​។​

​ឧ​ត្ត​ម​សេនីយ៍ ឡេ​អូ​ប៉ូល​ដូ ហ្គា​ល​ទី​រី ត្រូវការ​ជ័យជម្នះ ​ក្នុងការ​ទាមទារ​ប្រជុំ​កោះ អ៊ី​ស្លា ម៉ា​ល​វី​ណាស មកវិញ ដើម្បី​ទទួលបាន​នូវ​ការគាំទ្រ​ របស់​ប្រជាពលរដ្ឋ​អា​ហ្ស​ង់​ទីន​។ ពេលនោះ ឧ​ត្ត​មនា​វី ហ្ស​ក អាណា​យ៉ា (Jorge Anaya) បាន​ដឹកនាំ​ ​ការឈ្លានពាន ដោយ​មានជំនឿថា​ ​ប្រទេស​អង់គ្លេស​នឹងមិន​ឆ្លើយតប ​ដោយ​យោធា​វិញ​នោះឡើយ​។​

​នៅ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​១៩៨២ ក្រុម​ទាហានជើងទឹក​អា​ហ្ស​ង់​ទីន ​បាន​ចូលទៅ​ដោត​ទង់ជាតិ​ របស់ខ្លួន​នៅលើ​កោះ មុន​ពេលដែល​ក្រុម​កុម្ម៉ង់ដូ​ ចូល​វាយលុក​កោះ​ទាំងមូល នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​១៩៨២ ដោយ​មិន​ប្រាប់​ដំណឹង​ជាមុន ហើយ​បង្ខំ​ឱ្យ​កងទ័ពជើងទឹក​អង់គ្លេស ​ដែលមាន​ចំនួន​តែ​៨០​នាក់​ប៉ុណ្ណោះ ​កំពុង​ឈរជើង​នៅ​ទីនោះ​ ត្រូវដាក់​អាវុធ​។​

​ជាការ​ឆ្លើយតប លោកស្រី ម៉ា​ហ្គា​រេ​ដ ថាច់​ឆឺ​រ៍ (Margaret Thatcher) នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​កោះប្រជុំ​ខុទ្ទកាល័យ​យោធា  ហើយ​បង្កើត​ក្រុមការងារ​ពិសេស​មួយ នៅ​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​១៩៨២ បន្ទាប់ពី​ប្រទេស​អា​ហ្ស​ង់​ទីន ​ធ្វើ​មិនដឹងមិនឮ​ ចំពោះ​សេចក្តីសម្រេច​ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បញ្ជា​ឱ្យ​អា​ហ្ស​ង់​ទីន ​ដកទ័ព​ចេញពី​កោះ ហ្វ​ក​លែ​ន​ដ៍ ជាបន្ទាន់​នោះ​។​

​នៅពេលនោះ ចក្រភព​អង់គ្លេស បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ និង​នាវាមុជទឹក ទៅ​វាយ​ដណ្តើមយក​ប្រជុំ​កោះ ហ្វ​ក​លែ​ន​ដ៍ មកវិញ នៅ​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​១៩៨២ ដោយ​បាញ់​កំទេច​នាវាមុជទឹក​របស់​អា​ហ្ស​ង់​ទីន​ទៀតផង​។ នៅក្នុង​ការប្រឈមមុខ​ប្រដាប់អាវុធ​នៅលើ​កោះ ហ្វ​ក​លែ​ន​ដ៍ នេះ កងទ័ព​អា​ហ្ស​ង់​ទីន​ចំនួន ​៦៤៩​នាក់ និង​កងទ័ព​អង់គ្លេស​ចំនួន ​២៥៥​នាក់ និង​ជន​ស៊ីវិល​បីនាក់ ​បាន​ស្លាប់​។

​នៅ​ចម្ងាយ​ ១៦៩២៩​គីឡូ​ម៉េ​ត្រ​ ពី​ប្រទេស​អា​ហ្ស​ង់​ទីន នៅ​ប្រទេស​កម្ពុជា​ឯណេះ​វិញ បញ្ហា ​នៃ​ការទាមទារ​កោះ​ដ៏​ធំ​មួយ ​ពី​ការកាន់កាប់​ដោយ​ប្រទេស​វៀតណាម ក៏បាន​ក្លាយជា​រឿង​ក្តៅ​មួយ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ចាប់តាំងពី​របប​សាធារណរដ្ឋ​ខ្មែរ​របស់លោក​សេនាប្រមុខ លន់ ណុល ក្នុង​ទសវត្សរ៍​៧០​មក​ម្លេះ​។​

​ជាការ​ពិតណាស់ កោះ​ដ៏​ធំ​មួយ​នេះ ដែល​កាលពី​អតីតកាល​ជា​ផ្នែក​មួយ​នៃ​ទឹកដី​កម្ពុជា​នោះ គឺ​មិនមែន​កោះ​ណា​ក្រៅ​អំពី​កោះត្រល់​នោះឡើយ​។​

(រូបភាព៖ កោះត្រល់)

​ទន្ទឹមនឹងនេះ បញ្ហា​នៃ​ការទាមទារ​កោះត្រល់​មក​វិញ​នេះ​ ក៏​ត្រូវបាន​គណបក្សនយោបាយ​ជាច្រើន ​បាន​យកមក​ធ្វើជា​យុទ្ធនាការ​បោះឆ្នោត​ជា​បន្តបន្ទាប់ ចាប់តាំងពី​ការបោះឆ្នោត​អាណត្តិ​ទី​១ នៅ​ឆ្នាំ​១៩៩៣​មក​។

​អ្វីដែល​មិន​គួរឱ្យភ្ញាក់ផ្អើល​នោះ ក្នុងពេល​ថ្មីៗ​នេះ បន្ទាប់ពី​ការបោះឆ្នោត​ជា​សកល​ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ គណបក្ស​ខ្មែរ​ក្រោក ក៏​កំពុង​ប្រកាស​ប្រមូល​ស្នាម​មេដៃ​ របស់​ពលរដ្ឋ ដើម្បី​ទាមទារ​កោះត្រល់​ដែរ​។

​ទោះបីជា​យ៉ាងណា ក្រសួងមហាផ្ទៃ​ បាន​ព្រលយ​សម្ដី​ដោយ​ប្រយោល​ ទៅ​គណបក្ស​មួយ​នេះ ដើម្បីឱ្យ​ប្រុងប្រយ័ត្ន ​ចំពោះ​ផែនការ​ខ្លួន​។

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​និយាយថា​​ ទង្វើ​ដែល​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ចង់​ប្រមូល «​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» នេះ គឺជា​ចលនា​បំផុសបំផុល​ ឱ្យ​កម្ពុជា​មានទំនាស់​ជាមួយ ​ប្រទេស​វៀតណាម​តែប៉ុណ្ណោះ​។​

​លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ «​ថ្មីៗ​» ចេញផ្សាយ​នៅ​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨ និង​បាន​រំឭក​ពី​បញ្ហា​ប្រឈម​របស់​គណបក្ស​ខ្មែរ​ក្រោក ដោយ​ធៀប​ទៅនឹង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​៖ «​ចលនា​នេះ​មិន​ខុស​អ្វី​ពី​ចលនា សម រង្ស៊ី​នោះទេ ហើយ​វា​ក៏​បរាជ័យ​ដូច​ចលនា សម រង្ស៊ី​ដែរ​»​។​

(រូបភាព៖ កោះត្រល់)

​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​និយាយថា​៖ «​ចំពោះ​បញ្ហា​ប្រទេសជាតិ បញ្ហា​ទឹកដី គឺជា​រឿង​សំខាន់​ណាស់ បើទោះជា​ប្រៀបធៀប​ជីវិត​យើង​មួយ វា​គ្មាន​តម្លៃ​ស្មើ​ទឹកដី​ទេ ដូច្នេះ​យើង​នៅតែ​បន្ត​។ បើ​យើង​អ្នកដឹកនាំ​គេ យើង​មាន​ភាព​ខ្លាចរអា ​យើង​មិន​អាចធ្វើ​ថ្នាក់ដឹកនាំ​គេ​បានទេ​។​»

​យោងតាម​សារព័ត៌មាន ​«​ថ្មីៗ​» កម្ពុជា​បាន​បាត់បង់​កោះត្រល់​របស់ខ្លួន ​នៅ​ឆ្នាំ​១៩៣៩ ក្រោយពី​ទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង ដោយ​លោក ប្រេ​វី​យេ បានដាក់​កោះត្រល់ ឱ្យ​ស្ថិតក្នុង​ការគ្រប់គ្រង រ​បស់​ដែនកម្ពុជា​ក្រោម ឬ​តំបន់​កូ​សាំង​សី​ន​។

​នៅ​ឆ្នាំ​១៩៤៩ បារាំង​បានប្រគល់​ដែនដី​កូសាំងស៊ីន ដែលជា​ទឹកដី​កម្ពុជា​ក្រោម​នេះ ទៅឱ្យ​ព្រះ​ចៅ​បៅ​ដាយ របស់​ប្រទេស​វៀតណាម​។ (​នេះ​បើតាម​ការបញ្ជាក់​ ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១២ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​។​)
​សម្ដេច ហ៊ុន សែន បាន​បន្ថែមថា មូលហេតុ​ដែលនាំឱ្យ​កោះត្រល់ ​លែង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ព្រោះ​ឯកសារ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ដាក់​កម្ក​ល់​នៅ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៦៤ បានទទួល​ស្គាល់​ខ្សែបន្ទាត់ ប្រេ​វី​យេ ដែល​កាត់​កោះត្រល់ ​ឱ្យទៅ​វៀតណាម​។​

​ជាការ​ពិតណាស់ ក្នុងនាម​ជា​ប្រជាជាតិ​មួយ ជនជាតិខ្មែរ​ទាំងអស់​ ក៏​ចង់បាន​ទឹកដី​របស់ខ្លួន​ ដែល​បាត់បង់​ដែរ ដូចជា​ជនជាតិ​អា​ហ្ស​ង់​ទីន ដែល​ចង់បាន​កោះ អ៊ី​ស្លា ម៉ា​ល​វី​ណាស ដែល​បាន​បាត់បង់​ ទៅ​ប្រទេស​អង់គ្លេស​នោះ​។

​ទោះបីជា​យ៉ាងណា បូរណភាព​នៃ​ប្រទេស​នីមួយៗ​ ត្រូវបាន​កំណត់ដោយ​ច្បាប់ ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ ដូចជា​កោះ អ៊ី​ស្លា ម៉ា​ល​វី​ណាស ឬ​កោះ ហ្វ​ក​លែ​ន​ដ៍ ដែល​អង្គការសហប្រជាជាតិ​ ទទួលស្គាល់ថា​ស្ថិតនៅក្រោម​ការគ្រប់គ្រង ​របស់​អង់គ្លេស​ដូច្នេះ​ដែរ​។​

(រូបភាព៖ កោះត្រល់)

​ការធ្វើ​ញត្តិ គឺជា​សិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ ដើម្បី​បង្ហាញ​នូវ​ក្តីកង្វល់ និង​សំណូមពរ​ទៅរ​រដ្ឋាភិបាល​។ ប៉ុន្តែ ការធ្វើ​ញត្តិ​ទាមទារ​កោះត្រល់​ពី​វៀតណាម មិនអាច​ចាត់ទុកជា​សិទ្ធិ​ស្របច្បាប់ ​របស់​គណបក្ស​ខ្មែរ​ក្រោក​នោះឡើយ ពីព្រោះ​វា​គ្រាន់តែ​ធ្វើឱ្យ​បាត់បង់​ចំណងមិត្តភាព​ ក្នុងនាម​ជា​អ្នកជិតខាង​ល្អ ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​តែប៉ុណ្ណោះ​។​​

កាសែត​កម្ពុ​ជាថ្មី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ ចៀសវាង​ផ្តិតមេដៃ​លើ​ញត្តិ «​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» របស់​គណបក្ស​ខ្មែរ​ក្រោក​នេះ ពីព្រោះ​វា​គ្រាន់តែ​ជាការ​ឃោសនា​​ ប្រជា​ភិ​ថុ​តរបស់​មេគណបក្ស​នេះ ដែល​អាច​នាំឱ្យ​ប្រទេសជាតិ ​មាន​វិវាទ និង​ប្រជាពលរដ្ឋ​រងគ្រោះ​តែប៉ុណ្ណោះ​៕​ (បទ​វិចារណកថា​​ ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684