ព័ត៍មានទាន់​ហេតុការណ៏
Search

​រាជរដ្ឋាភិបាល​ មិន​ភ្លាត់ស្នៀត​ទៅ​ចរចារ ​ឱ្យ​លោក សម រង្ស៊ី ថា​ជា​ «​វប្បធម៌​ស​ន្ទា​នា​ក្លែងក្លាយ​» ​ឡើយ​

យោងតាម​បទសម្ភាសន៍ ​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ីសេរី ផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​នោះ បាន​អះអាងថា ក្នុង​កិច្ចសន្ទនា ឬ​ការចរចារ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាពេល​កន្លងមក ការបង្កើត​វប្បធម៌​សន្ទនា​ជាមួយ​សម្តេច គ្រាន់តែ​ជា​ «​វប្បធម៌​សន្ទនា​ក្លែងក្លាយ​» ​តែប៉ុណ្ណោះ​។​

«​ខ្ញុំ​បាន​សាកល្បង​ច្រើនលើកច្រើនសា ​ខ្ញុំ​បាន​លេប​ថ្ម លេប​ក្រួស​ច្រើនដង​ហើយ​។ ឥឡូវនេះ​ ខ្ញុំ​បានឃើញ​ច្បាស់​ហើយ លោក ហ៊ុន សែន កែ​អត់​ឡើង​ទេ​។ និយាយ​ស្លូតៗ ​កែ​អត់​ឡើង​ទេ ទាល់តែ​ឱ្យ​អន្តរជាតិ​សំពង​ បាន​គាត់​ចេះ​កែខ្លួន​។​» លោក សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​។​

​ទន្ទឹមនឹងនេះ អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​ប្រាប់​អាស៊ីសេរី​ថា​៖ «​បងប្អូន​មើល​គាត់​ទៅ គឺ​អ្វីដែល​គាត់​ធ្វើ ខ្លួន​គាត់ ទង្វើ​របស់គាត់​ គឺ​សុទ្ធតែ​ក្លែងក្លាយ​។ អ៊ីចឹង ​យើង​មិនចាំបាច់​ចរចា​អី ​ជាមួយ​មនុស្ស​ក្លែងក្លាយ​ទេ​។ ពេលណា​យើង​មាន​សញ្ញា មាន​ភ័ស្តុតាង ប្រជារាស្ត្រ​ខ្មែរ អន្តរជាតិ​ទាំងមូល​ឃើញថា ​លោក ហ៊ុន សែន ចេះ​កែខ្លួន​ហើយ អាហ្នឹង​សឹម​យើង​ចរចា​។​»

​លើសពីនេះទៅទៀត​នោះ លោក​ សម រង្ស៊ី បានចាត់ទុក​ស្ថានការណ៍​នយោបាយ​ ដែល​មិនមាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ រហូតមកដល់​ឆ្នាំ​២០១៨ ថា​ជា​ស្ថានការណ៍​ល្អ​បំផុត ​ដោយ​លោក​ហៅ​ការរំលាយ​បក្សប្រឆាំង​ថា​ ជាការ​ភ្លាត់ស្នៀត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ​។​

«​ហ៊ុន សែន ភ្លាត់ស្នៀត​ធំៗ ២ ផ្ទួនៗ​គ្នា ភ្លាត់ស្នៀត​ទី ១ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ភ្លាត់ស្នៀត​ទី ២ បោះឆ្នោត​ក្លែងក្លាយ​នេះ​។ ឥឡូវនេះ គាត់​បរាជ័យ​ទាំង​ ២ ចំណុច​ហ្នឹង​។​» អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​និយាយ​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់​។​​

ទន្ទឹមនឹងនេះ លោក រស់ សា​រ៉ុ​ម ដែល​ប្រធាន​សមាគម​ ជយលាភី​បញ្ញាជន​កម្ពុជា ដែលមិន​សូវ​មាន​គេ​ស្គាល់​នោះ បាន​និយាយ​ចាក់បណ្តោយ​តាម​លោក សម រង្ស៊ី ថា បើ​មិនមាន​ការចរចា ដើម្បី​រក​ច្រក​ផ្សះផ្សា​ជាតិ​ទេ គណបក្សកាន់អំណាច​ ដែល​ឈ្នះឆ្នោត​តាម​តួលេខ​ ពលរដ្ឋ​ទៅ​បោះឆ្នោត​មិន​ពិតប្រាកដ​នោះ នឹង​ជួប​សំណាង​មិនល្អ​។​

«​ខ្ញុំ​ត​ឱ្យ​គណបក្ស​ប្រជាជន​ ៦​ខែ​ទៀត ចាំមើល​នៅពេល​គណបក្ស​ប្រជាជន ​បង្កើត​រដ្ឋាភិបាល​ សួរថា តើ​ប្រទេស​ណាខ្លះ​ដែល​គាំទ្រ​ រដ្ឋាភិបាល​ខ្លួនឯង​ហ្នឹង ហើយ​អាច​ធ្វើការ​ជាមួយ​ សហគមន៍​អន្តរជាតិ​បានទេ​។ ថា​តើ​រដ្ឋាភិបាល​ហ្នឹង​ស្របច្បាប់​ទេ បើ​ស្របច្បាប់​ហើយ​ ចាំមើល​អូស​បាន​ប៉ុន្មាន​?» ប្រធាន​សមាគម​ជយលាភី​ស្អី​គេ​នោះ ត្រូវបាន​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍​ ដកស្រង់​សម្តី​អត់​គំរប​របស់ខ្លួន នៅ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី ក៏ដូចជា​សាធារណជន​ទូទៅ មាន​ចម្ងល់ ថា​តើ​លោក សម រង្ស៊ី ចង់​និយាយថា​ម៉េច​ ដែល​ចោទប្រកាន់ថា​ ការចរចារ​ជាមួយ​សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មកជា​ «​វប្បធម៌​សន្ទនា​ក្លែងក្លាយ​»​ នោះ​?

​ប៉ុន្តែ ប្រសិនបើ​និយាយ​បញ្ច្រាស់​ទៅវិញ​ ទើប​សម​ហេតុផល​ជាង​។ តាមពិត គឺ​លោក សម រង្ស៊ី ខ្លួនឯង​ទេ ដែល​បានធ្វើឱ្យ​វប្បធម៌​សន្ទនា ​ទៅជា​ក្លែងក្លាយ​នោះ ពីព្រោះ​នៅ​រាល់ពេល​ នៃ​ការចរចារ ឬ​សន្ទនា​ម្តងៗ លោក សម រង្ស៊ី តែងតែ​ប្រើ​ក្បាច់​ «​នាគ​វាត់​កន្ទុយ​» ​ជានិច្ច ដោយ​លួច​ប្រើ​វោហារ​សព្ទ ​វាយប្រហារ​សម្តេច ហ៊ុន សែន ពីក្រោយ​ខ្នង​ថែម​ទៀតផង​។​

​ម្យ៉ាងវិញទៀត អ្វីដែល​គួរឱ្យ​អស់សំណើច​បំផុត​នោះ គឺ​លោក សម រង្ស៊ី បែរជា​និយាយថា​ ការរំលាយចោល​អតីត​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​ការបោះឆ្នោត ​ដោយ​ជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុ​ជាថ្មីៗ​នេះ គឺជា​រឿង​ «​ភ្លាត់ស្នៀត​»​ របស់​សម្តេច ហ៊ុន សែន ទៅវិញ​។​
​ជាការ​ពិតណាស់ ប្រសិនបើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ មិនអាច​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល ឬ​ការបោះឆ្នោត​មិនអាច​ធ្វើបាន​នោះ ទើប​គេ​អាច​ចាត់ទុកថា ​ជា​រឿង​ភ្លាត់ស្នៀត​មែន​។ ប៉ុន្តែ អ្វីៗ​សុទ្ធតែ​ជោគជ័យ​ទាំងអស់​។

​ដូច​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង សម្ពាធ ឬ​ទណ្ឌកម្ម​ពី​អន្តរជាតិ​ ដែល​ចង់​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ​ថ​យ​ក្រោយ​មួយ​ជំហាន ដើម្បី​ងាក​ទៅរក​តុ​ចរចា​ ជាមួយ​អតីត​គណបក្សប្រឆាំង​ គឺជា​រឿង​មិនអាច​ទៅរួច​នោះឡើយ​។​

«​រឿង​ដែលថា​ សម្ពាធ​បរទេស​កាន់តែខ្លាំង​ឡើងៗ ខ្ញុំ​និយាយ​ទៅ​វា​គ្មាន​ឃើញ​ខ្លាំង​អី​ទេ​។ ខ្លាំង​តាំងពីដើម​មក​ តាំង​ពីមុន​បោះឆ្នោត​។ ខ្លាំង​ហ្នឹង ​ដើម្បី​ទប់​កុំឱ្យ​មានការ​បោះឆ្នោត ឥឡូវ​ដល់​បោះឆ្នោត​ហើយ​ រឿង​ខ្លាំង​អី​ទៀត វា​ទៅហើយ​ ទប់​វា​អត់​កើត​ទេ​ ចរន្ត​នៃ​លទ្ធិប្រជាធិបតេយ្យ ​កំពុង​រីកចម្រើន​នៅ​កម្ពុជា​ មិនអាច​មាន​ជនបរទេស ឬក៏​ពួក​ឧទ្ទាម​ក្រៅច្បាប់ ​មក​ទប់ស្កាត់បាន​ទេ​។​» លោក សុខ ឥសាន បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍​។​

​ជាពិសេស​នោះ គណបក្សកាន់អំណាច​ ប្រហែលជា​មិនអាច​ភ្លាត់ស្នៀត​ ទៅ​ចរចារ​ជាមួយ​អតីត​គណបក្សប្រឆាំង​វិញ​នោះឡើយ កុំឱ្យ​អតីត​ប្រធាន​គណបក្ស​នេះ ​ចោទប្រកាន់ថា​ ជា​«​វប្បធម៌​សន្ទនា​ក្លែងក្លាយ​»​ទៀត​។​​

ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី​ក៏មាន​ចម្ងល់​ថា តើ​ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា​ ចេះ​ធ្វើ​គ្រូទាយ​តាំងពី​ពេលណា​មក ដែលថា​ គ្មាន​ប្រទេស​ណា​គាំទ្រ​រាជរដ្ឋាភិបាល ហើយ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ មិនអាច​ធ្វើការ​ជាមួយ​សហគមន៍​ អន្តរជាតិ​បានទេ​នោះ​។​

​តើ​ពាក្យ​ថា​សហគមន៍​អន្តរជាតិ​ សំដៅលើ​ប្រទេស​តែមួយ​ដំបស្វា ​ដែល​រិះគន់​រាជរដ្ឋាភិបាល​ឬ​? ចុះ​ប្រទេស​ជាច្រើន​ទៀត ​ដែល​បាន​គាំទ្រ​រាជរដ្ឋាភិបាល ហើយ​ថែមទាំង​បាន​ជួយ​ជ្រោមជ្រែង ​ក្នុងការ​បោះឆ្នោត​កន្លងមក​នោះ មិនមែនជា​ប្រទេស​ក្នុង​សហគមន៍​អន្តរជាតិ​ទេ​ឬ​?

​ណ្ហើយចុះ កាសែត​កម្ពុ​ជាថ្មី​ សូម​ទុក​តួនាទី​នេះ​ជូនទៅ​ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ត្រៀមខ្លួន​ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវការ ដើម្បី​ត្រួស​ត្រាយផ្លូវ​ ឱ្យ​គណបក្សកាន់អំណាច និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​រាជរដ្ឋាភិបាល​ថ្មី ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ចុះ​៕ (បទ​វិចារណកថា​៖ ដោយ កាសែត​កម្ពុ​ជាថ្មី​)​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684