ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ប្រជាជន​កម្ពុជា ​ឈ្នះឆ្នោត​ដាច់​គ្មានអ្វី​ចម្លែក ហើយ​ត្រូវបង្កើត​រដ្ឋាភិបាល​ថ្មី​ តាម​ការគ្រោងទុក​

យោងតាម​សព្ទ​វចនាធិប្បាយ វី​ឃី​ភី​ឌា នៅក្នុង​ការបោះឆ្នោត​សភា​លើក​ទី​៥១​ ប្រចាំខេត្ត ញូ ប្រាន់​ស្វី​ក (New Brunswick) ប្រទេស​កាណាដា នៅ​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​១៩៨៧ គណបក្ស​សេរីនិយម (Liberal Party)​ ​បានឈ្នះ​ឆ្នោត ​ភ្លូកទឹកភ្លូកដី​ ដោយ​ទទួលបាន​អាសនៈ​ទាំងអស់​ សរុប ​៥៨ នៅក្នុង​រដ្ឋសភា​ប្រចាំខេត្ត ញូ ប្រាន់​ស្វី​ក​។​

​ជ័យជម្នះ​របស់​គណបក្ស​សេរីនិយម​ បានមក​ដោយ​ផ្តួល​គណបក្ស អភិរក្ស​ជឿនលឿន (Progressive Conservative) ដឹកនាំ​ដោយ​លោក រី​ឆាត ហ៊ែ​ដ​ហ្វ៊ីល​ដ៍ (Richard Hatfield) ដែលមាន​អាស្រូវ​ដ៏​ធំ​មួយ​។ នៅ​ឆ្នាំ​១៩៨៤ នៅពេល​ព្រះមហាក្សត្រី អេ​លី​ហ្ស​បេ​តទី​២ (Queen Elizabeth II) របស់​ចក្រភព​អង់គ្លេស​ ទៅ​ទស្សនកិច្ច​ប្រទេស​កាណាដា ភ្នាក់ងារនគរបាល​ការពារ ​ព្រះមហាក្សត្រី​បាន​រកឃើញ​កញ្ឆា​លាក់​ នៅក្នុង​វ៉ា​លី​របស់លោក រី​ឆាត ហើយ​ធ្វើឱ្យ​ប្រជាប្រិយភាព​របស់លោក ​ចាប់ផ្តើម​ធ្លាក់​តែម្តង​។​

​ទោះបីជា​យ៉ាងណា នៅក្នុង​ប្រទេស​កាណាដា ជ័យជម្នះ​របស់​គណបក្ស​សេរីនិយម​ ដែល​បាន​ដណ្តើម​អាសនៈ​ទាំងអស់ ​នៅក្នុង​សភា​ប្រចាំខេត្ត ញូ ប្រាន់​ស្វី​ក មិនមែនជា​រឿង​ថ្មី​នោះទេ​។​

​នៅ​ឆ្នាំ​១៩៣៥ គណបក្ស​អភិរក្ស (Conservative Party) បាន​ជាប់ឆ្នោត និង​ដណ្តើមយក​អាសនៈ​ ទាំង​ ៣០ ​នៅក្នុង​សភា ប្រចាំខេត្ត ព្រី​នស៍ អិដ​វើដ អាយ​លែ​ន​ដ៍ (Prince Edward Island) ពី​គណបក្ស​សេរីនិយម ក្នុងខណៈ​ពេលដែល​ វិបត្តិ​សេដ្ឋកិច្ច​កំពុង​រួមរឹត ​ប្រទេស​កាណាដា អង់គ្លេស និង​សហរដ្ឋអាមេរិក ចា​បើ​ពី​ឆ្នាំ​១៩៣១​មក​។​​

នៅ​ចម្ងាយ​ប្រមាណ​ជា ១៣៨៥៤ គីឡូម៉ែត្រ ភាគ​និរតី​នៃ​ប្រទេស​កាណាដា នៅ​ប្រទេស​កម្ពុជា​ឯណេះ​វិញ កាបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​តំណាងរាស្ត្រ ក៏ដូចជា​ការបោះឆ្នោត​ឃុំ​សង្កាត់​កន្លងមក ហាក់ដូចជា​មិនមាន​គណបក្សនយោបាយ​ណាមួយ​ ទទួល​ជ័យជម្នះ​ដាច់​គេ ​ដោយ​ទទួលបាន​អាសនៈ​ ទាំងអស់​នោះឡើយ ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។​

​ទោះបីជា​យ៉ាងណា នៅក្នុង​ការបោះឆ្នោត​សកល ​អាណត្តិ​ទី​៦​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កន្លងផុតទៅ​ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី ដែល​អាច​ទទួលបាន​អាសនៈ​ទាំង​ ១២៥ ​នៅក្នុង​រដ្ឋសភា ដោយ​រង់ចាំ​លទ្ធផល​ជា​ផ្លូវ​ការ ដែល​នឹងត្រូវ​ប្រកាស ​ដោយ​គណកម្មាធិកា​រ​ជាតិ​ រៀបចំ​ការបោះឆ្នោត នៅពេល​ឆាប់​នេះៗ​។​

​ប៉ុន្តែ អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ ក្រុម​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ បែរជា​ចោទប្រកាន់ថា​ ការបោះឆ្នោត​នេះ​ជា ​«​ការបោះឆ្នោត​ក្លែងក្លាយ​» ​ទៅវិញ ដោយនិយាយ​ថា​ វា​គឺជា​ការរៀបចំ​ របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច​នោះ​។ ទន្ទឹមនឹងនេះ សូម្បីតែ​ប្រទេស​កាណាដា ដែល​ការបោះឆ្នោត​ប្រចាំ​តំបន់​មួយចំនួន​ របស់ខ្លួន​ក៏មាន​គណបក្ស​ឈ្នះឆ្នោត​ដាច់​ដែរនោះ ក៏បាន​រិះគន់​ចំពោះ​ការបោះឆ្នោត​ នៅក្នុង​ប្រទេស​កម្ពុជា និង​ជ័យជម្នះ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។​

​កាសែត​កម្ពុ​ជាថ្មី​យល់ថា ជ័យជម្នះ​ដាច់​គេ​ ១០០​ភាគរយ ​របស់​គណបក្ស​នយោបាយ​មួយ​ មិនមែនជា​រឿង​ធម្មតា​នោះទេ​។ ប៉ុន្តែ វា​ក៏​មិនមែនជា​រឿង​ចម្លែក​នោះដែរ ដូចជា​ការបោះឆ្នោត​ ប្រចាំ​តំបន់​នៅក្នុង​ប្រទេស​កាណាដា​កន្ល​ង​មក​នោះ​។​

​ព្រោះ​ហេតុដូច្នេះ ទាំង​គណបក្សនយោបាយ​ទាំង​ ១៩ និង​សហគមន៍​អន្តរជាតិ មិនគួរ​រិះគន់ និង​ប្រឆាំង​តវ៉ា​ចំពោះ​ការបោះឆ្នោត​ នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០៩១៨ កន្លងមក​នេះដែរ ហើយ​អនុញាតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​រៀបចំ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី ទៅតាម​ការគ្រោងទុក​នោះ​។​​

គួរ​បញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យមាន​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី​ ក្នុង​ខែសីហា​នេះ​បើ​អាចធ្វើ​បាន ដើម្បី​បើកផ្លូវ​ជា​ផ្លូវ​ការ ឱ្យ​សម្តេច​កមាន​ឱកាស​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​សន្និបាត​ អង្គការសហប្រជាជាតិ ​នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

«​ប្រសិនបើ​គណៈរដ្ឋមន្ត្រី​របស់​យើង​ អាចបង្កើត​បាន​ក្នុង​ខែសីហា​នេះ ក៏​បង្កើត បើសិនជា​វា​មិន​ខ្ទាស់​ទៅលើ​ផ្លូវច្បាប់ បញ្ហា​ហ្នឹង ព្រោះ​ឮថា​វា ​ដូចជា​គ្មាន​រឿងរ៉ាវ ​ទៅដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះទេ​។ ដូច្នេះ បើ​បង្កើត​ក្នុង​ខែសីហា​បាន ក៏​បង្កើត ដើម្បី​ពេល​ហ្នឹង ​ខ្ញុំ​នឹង​ទៅ​អង្គការសហប្រជាជាតិ ខ្ញុំ​មានឱកាស​ទៅ​អង្គការសហប្រជាជាតិ​ ទៅ​ថ្លែងការណ៍​នៅ​អង្គការសហប្រជាជាតិ​ដើម្បីឱ្យ​អ្នកឯង​មើល​។​» សម្តេច​តេ​ជោ បាន​ថ្លែង​ទៅកាន់​ក្រុម​កីឡាករ​កីឡាការិនី​កម្ពុជា​ ដែល​នឹងចូលរួម​ការប្រកួត​កីឡា​តំបន់​អាស៊ី​លើក​ទី ១៨ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​៦​ខែសីហា​នេះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ​បាន​មានប្រសាសន៍ថា ការងាយស្រួល​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​នេះ គឺ​ដោយសារ​មានតែ​មន្ត្រីជាន់ខ្ពស់​តែ​ ៣០​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​ចូលកាន់​ក្រសួង​ទាំង​ ២៨ និង​លេខាធិការដ្ឋាន​១ និង​តំណែង​នាយករដ្ឋមន្ត្រី​នោះ​។​

«​បើ​យោងទៅលើ​អ្វី​ដែលមាន បើ​មិន​គិតពី​ឧបនាយករដ្ឋមន្ត្រី ដែល​មិន​កាន់​ក្រសួង ទេសរដ្ឋមន្ត្រី​ ដែល​មិន​កាន់​ក្រសួង​ គឺមាន​តែ ៣០ នាក់​ទេ ព្រោះ​យើង​មានស្ថាប័ន​តែ ២៨ បូក​រដ្ឋលេខាធិការដ្ឋាន​មួយ (​ស្មើ​) ២៩ បូក​នាយករដ្ឋមន្ត្រី​ម្នាក់​​ គឺ​តែ ៣០​។ ប៉ុន្តែ​យើង​មាន​ឧបនាយករដ្ឋមន្ត្រី​ខ្លះ​ ​មិន​កាន់​ក្រសួង​ទេ និង​ទេសរដ្ឋមន្ត្រី​ខ្លះ ​មិន​កាន់​ក្រសួង​ទេ​។ ដូច្នេះ​ គឺមាន​ចំនួន​តិច​ទេ​។​» សម្តេច​តេ​ជោ​ បានលើកឡើង បាន​រាយការណ៍​បន្ត ដោយ​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ ចេញផ្សាយ​នៅ​ថ្ងៃទី​៧​ខែសីហា​នេះ ​។​

​សម្តេច​បាន​ពន្យល់ថា យោងតាម​ច្បាប់ មន្ត្រី​ដែលមាន​ឋានៈ​ ចាប់ពី​អនុរដ្ឋលេខាធិការ​ឡើង​លើ បើ​ត្រូវ​តែងតាំង​ឡើងវិញ​ គឺ​ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ថ្មី​។ ប៉ុន្តែ មន្ត្រី​ចាប់ពី​អគ្គនាយកដ្ឋាន​ចុះ អត់​មានការ​តែងតាំង​ឡើងវិញ​ទេ ចំណែក​ឋានៈ​ចាប់ពី​អគ្គ​នាយក​រង និង​ប្រធាន​នាយកដ្ឋាន ត្រូវបានតែងតាំង​តាមរយៈ​អនុក្រឹត្យ​។ ចំណែក​តំណែង​អនុប្រធាននាយកដ្ឋាន និង​ប្រធានការិយាល័យ​ ត្រូវបានតែងតាំង​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​។

​តាម​គម្រោង ការប្រជុំ​រដ្ឋសភា​លើកដំបូង​ នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ​ ហើយ​រដ្ឋសភា​ថ្មី​នឹង​ស្បថ​ ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ ដើម្បី​ចូលកាន់​តំណែង​។ ចំណែក​រាជរដ្ឋាភិបាល​ថ្មី ​នឹង​ប្រកាស​បង្កើត​នៅ​ព្រឹក​បន្ទាប់ ​គឺ​នៅ​ថ្ងៃទី​២០​ខែកញ្ញា ហើយ​ពេល​ល្ងាច​ថ្ងៃ​ដដែល ​រាជរដ្ឋាភិបាល​ថ្មី​នឹង​ស្បថ​ចូលកាន់​តំណែង ហើយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​ នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២១ ខែកញ្ញា​។​

​កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា នៅពេលនេះ​ ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា ​បានបញ្ចប់​ទៅហើយ ហើយ​គណបក្សកាន់អំណាច ​ក៏​ទទួលបាន​សំឡេង​ លើសលប់​ផងដែរ​។ ដូច្នេះ គណបក្សនយោបាយ​នានា ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ​គួរតែ​ផ្តល់ឱកាស​នេះ​ ឱ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រៀបចំ​រាជរដ្ឋាភិបាល​ថ្មី ទៅតាម​សម្រួល តាម​ការគ្រោងទុក​៕ (បទ​វិចារណកថា​៖​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684