ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ប្រកាស​ពី​កាលបរិច្ឆេទ​ប្រជុំ​សភា​ និង​រៀបចំ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦

ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ​២០១៨ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ពី​កាលបរិច្ឆេទ​ជា​ផ្លូវការ នៃ​ការប្រជុំ​សភា និង​រៀបចំ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦។

សម្តេច​តេ​ជោ បាន​ឲ្យ​ដឹងថា​ នៅ ពេលព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ប្រជុំ​សភា​ដំបូង​ក្រោម​អធិបតីភាព​ព្រះមហាក្សត្រ។ ពេល​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ សមាជិកសភា​ស្បថ​ចូលកាន់​តំណែង។ លុះ​ពេលព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ បង្កើត​ក្បាលម៉ាស៊ីន​សភា អាណត្តិ​ទី​៦ និង​រាជរដ្ឋាភិបាល​ថ្មី។ នៅពេល​ល្ងាច​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ គណៈរដ្ឋមន្ត្រី​ថ្មី​ស្បថ​ចូលកាន់​តំណែង។ បន្ទាប់មក​នៅពេល​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​ដំបូង។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កាលពី​ថ្ងៃ​អង្គារ​សម្តេច​បាន​ចូលគាល់​ព្រះមហាក្សត្រ​ដើម្បី​សុំ​ព្រះរាជទាន​លើកយក​ការប្រជុំ​រដ្ឋសភា​លើកដំបូង​មក​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី​០៥ ខែកញ្ញា ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែកញ្ញា បង្កើត​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​រាជរដ្ឋាភិបាល ហើយ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៧ ខែកញ្ញា បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី​៦ លើកដំបូង។

សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សំណើសុំ​ព្រះរាជទាន​លើក​កាលបរិច្ឆេទ​ក្នុងការ​ប្រជុំ​លើកដំបូង​នៃ​រដ្ឋសភា ក៏ដូចជា​បង្កើត​រាជរដ្ឋាភិបាល និង​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នេះ ត្រូវបាន​ព្រះមហាក្សត្រ​រាជានុញ្ញាត​រួចរាល់​ហើយ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា តាម​ការបញ្ជាក់​របស់​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ការលើក​កាលបរិច្ឆេទ​កោះប្រជុំ​រដ្ឋសភា និង​បង្កើត​រាជរដ្ឋាភិបាល​នេះ​មិន​ខុសច្បាប់​នោះទេ។ មិន​ខុស​នោះ​ដោយយោង​លើ​សំអាង​ច្បាប់​ចំនួន​៣​រួមមាន​ ៖ កោះប្រជុំ​រដ្ឋសភា​ក្រោម​រាជាធិបតី​ព្រះមហាក្សត្រ​, ២. ការកោះប្រជុំ​នេះ​មិន​ឲ្យ​លើសពី ៦០​ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត និង​ទី​៣. កោះប្រជុំ​ក្រោយពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​បេក្ខជន​ជាប់ឆ្នោត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684