ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​កោះប្រជុំ​សភា​លើកដំបូង​នៅ​ថ្ងៃទី ៥​កញ្ញា ហើយ​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី៦ នឹង​ប្រកាស​ឡើង​នៅ​ថ្ងៃទី ៦​កញ្ញា

កំពង់ស្ពឺ ​៖ ឆ្លងតាម​ការសិក្សា​ផ្លូវច្បាប់ និង​តាមរយៈ​ការ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​ប្ដូរ​ថ្ងៃ​ប្រជុំ​សភា​និង​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​៥ និង​ទី ៦ កញ្ញា វិញ ដែល​កាលបរិច្ឆេទ​ផ្លូវការ​ថ្មី​នេះ មាន​ភាព​ច្បាស់លាស់ ពុំបាន​ខុស​ទៅ​នឹង​ច្បាប់ ឬ រដ្ឋធម្មនុញ្ញ​នោះទេ។

​បើ​យោង​តាម​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ​សម្តេច​ចូល​គាល់​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​អង្គារ​ និង ​បាន​ទូល​ស្នើសុំ​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ដើម្បី​កោះ​ប្រជុំ​សមាជិក​គណបក្ស​ឈ្នះ​ឆ្នោត​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​៥ កញ្ញា និង​សមាជិក​ទាំងនោះ​នឹង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​សភា​នៅ​ល្ងាច​ថ្ងៃ​ដដែល​។

លុះ​ព្រឹក​ថ្ងៃទី៦ ខែកញ្ញា បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ហើយ​ត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅពេល​ថ្ងៃ​ដដែល។ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នឹង​ដំណើរការ។

ការកំណត់​កាលបរិច្ឆេទ​នៃ​ការប្រជុំ​សភា និង​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី​នេះ ដើម្បី​ផ្តល់ឱ​កាស​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៧៣ នៃ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ដើម្បី​បង្ហាញ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ថា សម្តេច​មាន​សិទ្ធិ​យ៉ាង​ពេញលេញ​ក្នុង​ការ​ទៅ​ថ្លែងការណ៍​នៅ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ឲ្យ​ដឹង​ថា រដ្ឋ​អធិបតេយ្យ​មួយ​ដែល​ធ្វើការ​បោះឆ្នោត តើ​មាន​តម្រូវការ​ប្រថាប់ត្រា​ពី​អ្នកណា ក្រៅពី​ព្រះមហាក្សត្រ​របស់ខ្លួន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី និយោជិត ជិត ២ ម៉ឺន​នាក់​មកពី​រោងចក្រ​ក្នុង​ខេត្តកំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃទី​៨ ខែ សីហា​នេះ។

ដំបូង​ឡើយ សម្តេច​តេ​ជោ ហ៊ុន សែន មានបំណង​កំណត់​ការប្រជុំ​សភា​លើកដំបូង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ហើយ​ល្ងាច​ថ្ងៃទី​១៩ ខែកញ្ញា សភា​ស្បថ​ចូលកាន់​តំណែង​។ ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា បង្កើត​រាជរដ្ឋាភិបាល ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា រាជរដ្ឋាភិបាល​ស្បថ​ចូលកាន់​តំណែង ហើយ​នៅ​ថ្ងៃទី​២១​កញ្ញា គណៈរដ្ឋមន្ត្រី​ប្រជុំ​លើកដំបូង។ ប៉ុន្តែ​បន្ទាប់ពី​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​កាលបរិច្ឆេទ​នេះ ត្រូវ​បាន​ប្តូរ​ដោយ​កំណត់​យក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​ប្រជុំ​សភា​លើកដំបូង​វិញ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​ព្រឹក​ថ្ងៃ​ពុធ​ទី​៥ ខែកញ្ញា សភា​នឹង​កោះប្រជុំ​លើកដំបូង​ក្រោម​ព្រះរាជអធិបតីភាព​រប​ស់​ព្រះមហាក្សត្រ​នៅ​ល្ងាច​ថ្ងៃទី​៥ កញ្ញា​សភា​នឹង​ចូល​ស្បថ​កាន់តំណែង​។ ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ខែកញ្ញា នឹង​បង្កើតឡើង​នូវ​ក្បាលម៉ាស៊ីន​រដ្ឋសភា​ក៏ដូចជា​បង្កើត​នូវ​រាជរដ្ឋាភិបាល​ថ្មី ដល់ពេល​ល្ងាច​ថ្ងៃទី​៦ ខែកញ្ញា គឺ​រាជរដ្ឋាភិបាល​នឹង​ស្បថ​ចូលកាន់​តំណែង ដល់ពេល​ព្រឹក​ថ្ងៃទី​៧ ត្រូវ​នឹង​ថ្ងៃ​សុក្រ គណៈរដ្ឋមន្ត្រី​ថ្មី​នឹង​បើក​កិច្ចប្រជុំ​លើកដំបូង»។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់​ទៀត​ថា ការបង្កើត​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​មុន​កាលកំណត់​នេះ វា​ពុំបាន​ខុស​ទៅ​នឹង​ច្បាប់ ឬ រដ្ឋធម្មនុញ្ញ​នោះ​ទេ វា​មាន​ចំណុច​បី​ដែល​មិន​ខុស​ជាមួយនឹង​ច្បាប់ គឺ​ទី​១-​សភា​បង្កើត​ឡើង​លើកដំបូង​ត្រូវ​កោះ​ប្រជុំ​ដោយ​ព្រះមហាក្សត្រ​ដូចនេះ​មិនបាន​កំណត់​ពេលវេលា​នោះ​ទេ។ ទី​២-​ក្នុង​រយៈពេល​មិន​ឲ្យ​លើស​ពី​៦០ថ្ងៃ​យ៉ាង​យូរ ដូចនេះ ព្រះមហាក្សត្រ​កោះ​ប្រជុំ​ពេលណា​ក៏បាន និង ចំណុច​ទី​៣-​ត្រូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​សមាជិកសភា ជាប់ឆ្នោត​ជា​ផ្លូវការ​សិន។

បើ​យោង​តាម​កម្មវិធី​គ្រោងទុក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​បណ្តោះ​អាសន្ន​នៅ​ថ្ងៃទី​១១ ខែសីហា និង​ប្រកាស​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃទី ១៥ ខែសីហា ។ ដូចនេះ ប្រសិនជា​មានការ​ប្តឹង​ផ្តល់ គឺ​នឹង​ធ្លាក់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្ន​សម្រេច​ដែល​យើង​គិតថា ប្រើពេល​យ៉ាងយូរ ១០ ថ្ងៃ។

សម្តេច​មានប្រសាសន៍ថា «​ដូច្នេះ ១០​ថ្ងៃ វា​គ្រប់គ្រាន់​សម្រាប់​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ ដូច្នេះ​នៅ​ដើមខែ​កញ្ញា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អាច​នឹង​ប្រកាស​លទ្ធផល​ស្ថាពរ បែងចែក​អាសនៈ និង​កំណត់​ឈ្មោះ​អ្នក​ដែល​ជាប់ឆ្នោត​។​ បន្ទាប់​មកដល់​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ដែល​ព្រះអង្គ​ត្រូវ​កោះប្រជុំ​តែម្តង​»​។

ការ​កែប្រែ​កាលបរិច្ឆេទ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​គណបក្ស​ប្រជាជន​ដែល​ត្រៀមខ្លួន​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី​មានបំណង​ទៅ​បកស្រាយ​ពី​បញ្ហា​នយោបាយ​កម្ពុជា​នៅ​ចំពោះមុខ​បណ្ដា​ប្រទេស​នានា​នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២៥ កញ្ញា ខាងមុខ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684