ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល​មាន​សមត្ថភាព​ចាប់​ទិន្នន័យ​ហ្វេ​ស​ប៊ុ​កដោយ​ប្រើពេល​ត្រឹម​៨​នាទី

កំពង់ស្ពឺ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ជា​ការ​ព្រមាន​ចំពោះ​ជន​មួយចំនួន​ដែល​បាន​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជេរប្រមាថ និង​លាប​ពណ៌​ទៅលើ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ក៏ដូចជា​គណបក្ស​នយោបាយ​ដទៃ​ផងដែរ​ថា រាជរដ្ឋាភិបាល​មាន​សមត្ថភាព អាច​ចាប់បាន​រាល់​ទិន្នន័យ​ដែល​បង្ហោះ​ចេញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទោះ​អ្នកឯង​នៅ​ចំណុច​ណាក៏ដោយ គឺ​ប្រើ​ពេល​តែ ៨​នាទី​ប៉ុណ្ណោះ នឹង​រក​ឃើញ​ទីតាំង​ឈរជើង​របស់​អ្នកឯង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​ព្រមាន​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង​និយោជិត​ប្រមាណ​ជិត ២ ម៉ឺន​នាក់​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃទី ៨ ខែ សីហា​នេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចាត់​ទុក​ការ​ជេរប្រមាថ និង​លាប​ពណ៌​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កវា​គឺជា​ឆ្នួន​ផ្ទុះ​នៃ​ភ្លើងសង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​និង​ការ​បែកបាក់​របស់​ជាតិខ្មែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើង​ថា ការ​លេង Facebook នឹងមាន​ប្រយោជន៍​ប្រសិនបើ​ប្រើ​វា​ត្រឹមត្រូវ តែ​វា​នឹង​បង្ក​ទុក្ខទោស​ផង​ដែរ ​ប្រសិនបើ​ប្រើ​វា​ខុស​។ ត្រង់​ចំណុច​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការ​ចូល​ចិត្ត​ប្រើ​វប្បធម៌​ជេរប្រមាថ និង​ការ​លាប​ពណ៌​ផ្សេងៗ​ពី​សកម្មជន និង​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​មួយចំនួន មកលើ​សកម្មជន​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ដទៃទៀត​។

​សម្តេច​បន្ត​ថា បើ​ពួក​អា​ចង្រៃ​នេះ​នៅ​សង្គ្រាម​វា​នឹង​ផ្ទុះឡើង​ចង្រៃ​មែន​បើ​មិន​អប់រំ​កូនចៅ​អ្នកឯង​ឲ្យ​មាន​សីល​ធម៌​ត្រឹមត្រូវ​ទេ ពួក​នេះ​នៅតែ​ជា​អ្នក​បង្កហេតុ បំផ្លាញ​សេចក្តីសុខ​និង​សាមគ្គីភាព​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​។

​ជា​ការ​ក្រើនរំឭក​ជាថ្មី​ដល់​អ្នកប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ​លើ​រាជរដ្ឋាភិបាល តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហើប​ថា​ រាជរដ្ឋាភិបាល​អាច​ក្តាប់បាន​រាល់​ទិន្នន័យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​គ្រប់​ទីកន្លែង ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​ណាក៏ដោយ នៅ​ក្រៅប្រទេស​ក៏ដោយ​។ វា​គ្មានអ្វី​ពិបាក​សម្រាប់​រាជរដ្ឋាភិបាល​ទេ​ក្នុង​ការកំណត់​មុខសញ្ញា ឬ​ទីតាំង​ឈរជើង​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នោះទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​បើ​គេ​តាមរក​រឿង​ងាយ​ទេ ក្មួយ​អើយ ត្រូវ​ដឹង​បច្ចេកវិទ្យា​បច្ចុប្បន្ន​មិន​ឲ្យ​លើស​៨ នាទី​ទេ រក​ឃើញ​ទីតាំង​ឈរជើង​របស់​អ្នក Comment ចូល​ហើយ ទោះបី​អ្នកឯង​ដាក់ឈ្មោះ​អ្វី​ក៏​ដោយ​ចុះ ដាក់ឈ្មោះ​អាច​ក់ អា​ចែម ក៏​ដោយ​ចុះ ប៉ុន្តែ​យូរ​បំផុត ៨ នាទី​រក​ឃើញ​ទីតាំង​ឈរជើង​ហើយ​ត្រូវ​ចាំ​បច្ចេកវិទ្យា​បច្ចុប្បន្ន​។ សូម្បីតែ​អ្នកលេង​តាម WhatsApp, Telegram, Line ក៏​គេ​ចាប់​យក​បាន​ទាំងអស់​ដែរ ​ត្រូវ​ចាំ​មិនមែន​ត្រឹមតែ SMS នោះទេ​”​។ សូម​ប្រាប់​ឲ្យ​ហើយ សុំ​កុំ​ព្រហើន ជាមួយ​បច្ចេកវិទ្យា​បច្ចុប្បន្ន ព្រោះ​ការ​គ្រប់​គ្រង់​រដ្ឋ គ្រប់គ្រង​សន្តិសុខ​ជាតិ ត្រូវ​មាន​បច្ចេកវិទ្យា​មាំទាំ អ្នកឯង​ចេញ​ក្រឹប​មក​យើង​ដឹង​ភ្លាម សូម្បី​បង្ហោះ​ចេញពី​ទីក្រុង​បាងកក​ក៏​យើង​អាច​ដឹក​ទីតាំង​ឈរ ជើង​របស់​អ្នកឯង​ដែរ​។

ជា​ការ​កត់សម្គាល់​នៅ​លើ​បណ្តាញ​សង្គម Facebook នាពេល​បច្ចុប្បន្ននេះ​ក្រៅពី​ការ​ជេរ​បញ្ចោរ​គ្នា ព្រោះ​តែ​មាន​និន្នាការ​នយោបាយ​ខុសគ្នា​នោះ គេ​ក៏​សង្កេតឃើញ​ផងដែរ​ពី​ការជេរប្រមាថ​របស់​ជ​ន​មួយចំនួន​តូច​ក៏​ចូលចិត្ត​ប្រើ​វប្បធម៌​ជេរ​បញ្ចោរ​គ្នា​ដោយ​ឥត​ខ្មាសអៀន​ផង​ដែរ​នៅពេល​មានទំនាស់​នឹង​គ្នា​។

​គួរ​បញ្ជាក់​ថា ​កន្លងមក​សមត្ថកិច្ច​ធ្លាប់​ឃាត់ខ្លួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែល​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ និង សកម្មភាព​មិន​សមរម្យ លើ​រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ហើយ​បង្ហោះ​ជា​សាធារណៈ​ដោយ​សេរីភាព​គ្មាន​ដែន​កំណត់៕