ព័ត៍មានទាន់​ហេតុការណ៏
Search

ខេមរៈ សិរីមន្ត ប្រកាស​ប្ដឹង​ តែ​ម៉ៃ សុគន្ធ ហាក់​គ្មាន​ការ​ព្រួយបារម្ភ​ ឬ​ភ័យ​ខ្លាច​ឡើយ

ភ្នំពេញ ​៖​ អតីត​តារាចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ ​និង​បច្ចុប្បន្ន​ជា​តារាចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​ហង្ស​ម្ចាស់​បទ ស្ទឹងត្រែង​បង​អើយ លោក ខេមរៈ សិរីមន្ត ក្រោយ​ទទួលរង​ការរិះគន់​របស់​តារាចម្រៀង​លោក ម៉ៃ សុគន្ធ ស្ទើរ​គ្រប់​សកម្មភាព​សិល្បៈ​នោះ ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​ចេញមុខ​ក្តៅ​ក្រហល់ក្រហាយ​ដួងចិត្ត​ដោយ​ធ្វើការ​ប្រកាស​ប្តឹង​លោក ម៉ៃ សុគន្ធ ជា​សាធារណៈ។

យោងតាម​ខ្លឹមសារ​ដែរ​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​និង​សារ​រិះគន់​ពី​សំណាក់​តារាចម្រៀង​លោក ម៉ៃ សុគន្ធ នោះ ​តារា​ប្រុស​លោក ខេមរៈ សិរីមន្ត បាន​លើកឡើងថា ​មេធាវី​របស់ខ្ញុំ​បានរៀបចំ​សំណុំបែបបទ​រួច​អស់ហើយ​ បទល្មើស​និង​ភស្តុតាង​មាន​គ្រប់គ្រាន់​អស់ហើយ​។​-​បទ​ចោទ​។ -​បទ​ញុះញង់​មាន​ជាអាទិ៍​។ -​បទ​ធ្វើ​អោយ​ប៉ះពាល់​សិទ្ធិ និង​​​ផលប្រយោជន៍​បុគ្គល​។ ​ខ្ញុំ​មិនដែល​គិត​ចង់​មាន​បញ្ហា​ជាមួយ​បុគ្គល​ម្នាក់​នេះ​ឡើយ តែ​គាត់​ចង់បាន​បែបនេះ ដូច្នេះ​ទទួលយក​អ្វី​ដែល​ខ្លួន​បាន​សាង​បទល្មើស​នេះ​ចុះ។

ស្រប​ពេល​ ដែល​មានការ​ប្រកាស​ប្តឹង​ពី​សំណាក់​តារាចម្រៀង​ ដែល​ទើប​ទម្លាយ​ដោយ​ទទួល​ស្គាល់​រឿង​មាន​ប្រពន្ធ​-​កូន​គឺ​លោក ខេមរៈ សិរីមន្ត​ខាងលើ​នេះ​ដែរ​ តារាចម្រៀង​លោក ម៉ៃ សុគន្ធ បាន​ចេញមុខ​បកស្រាយ​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា ខ្ញុំ​ចាំ​ទទួល​ដោយ​ក្តី​រីករាយ ស្គាល់​ពាក្យ​ប្រយោល​ទេ។

លោក​ម៉ៃ សុគន្ធ បាន​និយាយទៀតថា ​គ្មាន​ករណី​ធំដុំ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ឬ​ខ្លាច​នោះទេ ព្រោះ​រឿងនេះ​ត្រឹមតែ​ការរិះគន់​បែប​ប្រយោល​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​បើ​ពិនិត្យ​ទៅ​គ្មាន​អ្វីដែល​ពាក់ព័ន្ធ​លើផ្លូវ​ច្បាប់​ដែល​ធ្ងន់ធ្ងរ​អាច​នឹង​ដាក់បន្ទុក​នោះឡើយ។ លោក​បន្តថា ​រាល់​ការ​សរសេរ​នោះ​ ខ្ញុំ​ធ្វើឡើង​ត្រឹមតែ​លក្ខណៈ​ប្រយោល​ទេ ហើយក៏​គ្មាន​បញ្ជាក់​ចំ​ឈ្មោះ​បុគ្គល​ដែរ​…..។

តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ បានលើកឡើង​ទៀតថា ​គិត​តាមផ្លូវ​ច្បាប់​បើ​យើង​ខុស​ទាល់ ​តែ​ខ្ញុំ​សរសេរ​ដាក់ឈ្មោះ​គាត់ តែ​នេះ​ខ្ញុំ​គ្មាន​សរសេរ​ដាក់ឈ្មោះ​គាត់​ផង​តើ​ខុស​ដែរ​ឬ ?។ ម្យ៉ាងទៀត​គាត់​ក៏​ជា​បុគ្គល​អ្នកសិល្បៈ ​និង​ជា​មនុស្ស​របស់​មហាជន ​ដូច្នេះ​រាល់​ការរិះគន់​ខ្លះ​គឺ​គ្មានអ្វី​ខុស​ផង​ហ្នឹង កុំ​ឲ្យ​តែ​ការរិះគន់​នោះ​ជេរ​ប្រមាថ​ដល់​ម្តាយ​គេ​ទៅ​បាន​ហើយ។

លោក ម៉ៃ សុគន្ធ បាន​បន្ថែមទៀតថា ​ប្រសិនបើជា​គាត់​ប្តឹង​ក៏​គ្មាន​ទោស​ឯណា​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ​ដែរ ហើយ​បើ​លោក ខេមរៈ សិរីមន្ត គាត់​ចង់​ប្តឹង​លើ​បទ​ដូច​ការលើកឡើង​នោះ​ក៏​ប្តឹងទៅ​ខ្ញុំ​អាច​កំដរ​គាត់​បាន​គ្រប់ពេល។ គាត់​អ្នកប្តឹង​ គាត់​ជា​អ្នក​ខាត​តើ មិនមែន​ខ្ញុំ​ផង​ហ្នឹង ហើយ​ខ្ញុំ​ក៏​មាន​មេធាវី​សម្រាប់​តតាំង​ក្តី​ដូច​តែ​គ្នា​ហ្នឹង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684