ព័ត៍មានទាន់​ហេតុការណ៏
Search

ជុំ លី​ណូ ស្ពាយ​ភាព​ជោគជ័យ​ពី​ទឹកដី​អាមេរិក​មក​ស្រុក​ខ្មែរ​វិញ

ភ្នំពេញ ​៖ ​បន្ទាប់ពី​ចំណាយពេល​ចេញទៅ​ច្រៀង ​និង​សម្តែង​នៅលើ​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​មាន​រយៈពេល​ប្រមាណ​៣​ខែ​ ដែល​រួម​ដំណើរ​ពី​សំណាក់​តារា​ប្រុស​-​ស្រី​ល្បីៗ​ចំនួន​៣​ឬ​៤​នាក់​ឯទៀត​នោះ ​តារាចម្រៀង​ប្រុស​ចូលចិត្ត​ការប្រើ​ស្ទីល​ក្រមិចក្រមើម​លោក​ជុំ លី​ណូ ពេលនេះ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មកដល់​ទឹកដី​កំណើត​កម្ពុជា​វិញ​ហើយ។

ការហោះហើរ​ឆ្លង​ទ្វីប​មកកាន់​ប្រទេស​កំណើត​របស់​តារាចម្រៀង​លោក ជុំ លី​ណូ បានមក​ដល់​កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ ខណៈ​បច្ចុប្បន្ន​លោក​ក៏​កំពុងមាន​វត្តមាន​នៅលើ​ទឹកដី​ស្រុកកំណើត​ជាមួយ​ស្នាមញញឹម​ និង​​​ភាព​ជោគជ័យ​អំឡុងពេល​ចេញទៅ​ស្នាក់នៅ​ច្រៀង​និង​សម្តែង​លើ​ប្រទេស​សម្បូរ​ប្រាក់​ដុល្លារ​ផង​នោះ។

លោក​ជុំ លី​ណូ​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុងជំនួប​ផ្ទាល់​កាលពី​ថ្មីៗ​នេះ​ថា​ លោក​ពិតជា​បាន​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​តាម​ការកំណត់​ដែល​មាន​រយៈពេល​ចំនួន​៣​ខែ​ក្នុង​ការ​ចេញទៅ​ច្រៀង​និង​សម្តែង​នៅ​សហរដ្ឋអាមេរិក​។ ​ប៉ុន្តែ​ដោយសារ​លោក​មានធុរៈ​ប្រ​ញាប់ ​និង​ចាំបាច់​ដោយសារ​លោកឪពុក​មាន​ជំងឺ​ធ្ងន់​នៅ​ឯ​ស្រុកកំណើត​ខេត្តកំពង់ឆ្នាំង​នោះ​ ទើប​ដំណើរ​នេះ​លោក​ពុំបាន​ប្រាប់​មិត្តភក្តិ​ឬ​នរ​ណា​ឲ្យ​បានដឹង​ច្រើន​នោះទេ​។​

តារាចម្រៀង​លោក ជុំ លី​ណូ បាន​បញ្ជាក់ថា​ ដំណើរ​ចេញទៅ​ច្រៀង​និង​សម្តែង​នៅលើ​សហរដ្ឋអាមេរិក​ចំនួន​៣​ខែ​កន្លងមកនេះ​គឺ​ទទួលបាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តី​ពី​សំណាក់​បងប្អូន​អាណិកជន​ខ្មែរ​ ដែល​កំពុង​រស់នៅ​ទីនោះ​។​ នេះ​អាច​ចាត់ទុកថា​ជា​ភាព​ជោគជ័យ​លើកដំបូង​របស់​លោក​រួម​ជាមួយ​តារា​ប្រុស​-​ស្រី​ខ្មែរ​ដែល​រួម​ដំណើរ​ឯទៀត​។​

ក្រៅពីនេះ​តារា​រូប​សង្ហា​លោក ជុំ លី​ណូ​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​ផងដែរ​ខណៈពេលដែល​តា​រា​សិល្បៈ​របស់​ខ្មែរ​ចេញទៅ​ច្រៀង​នៅ​អាមេរិក​តែង​ទទួលបាន​ការគាំទ្រ​និង​ការទទួល​រាក់ទាក់​ពី​បងប្អូន​ខ្មែរ​នៅ​ទីនោះ​។​ ម្យ៉ាងទៀត​លោក ជុំ លី​ណូ ក៏​មិន​ភ្លេច​អរគុណ​ចំពោះ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​ដែល​ផ្តល់​ដោយ​ម្ចាស់​ស្ព​ន​ស័​រ​ព្រមទាំង​អ្នកគាំទ្រ​ជាច្រើន​ទៀត​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684