ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Khamenei និយាយថា អ៊ីរ៉ង់​គ្មានអ្វី​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​និយាយថា សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​គ្មានអ្វី​ត្រូវ​ព្រួយបារម្ភ​នោះទេ ​ខណៈដែល​មេដឹកនាំ​របស់​ប្រទេស​មួយ​នេះ​ ត្រូវ​ប្រឈមមុខ​នឹង​ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។

ទណ្ឌកម្ម​ដែល​ដាក់​លើ​ទីក្រុង​តេ​រ៉ង់​នៅ​សប្តាហ៍​នេះ​បាន​នាំ​ឲ្យ​ធនាគារ​និង​ក្រុមហ៊ុន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​កាត់បន្ថយ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​។ លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុមហ៊ុន​ទាំងឡាយណា​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​នឹងត្រូវ​ហាមឃាត់​ពី​សហរដ្ឋអាមេរិក​។​

គេហទំព័រ Khamenei.ir របស់គាត់​បាន​ដកស្រង់​សម្តី​របស់គាត់​ដែល​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​សប្តាហ៍​មុន​ថា “​ទាក់ទង​នឹង​ស្ថានភាព​របស់​យើង មិនមាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ទាល់តែសោះ​។ គ្មាន​នរណាម្នាក់​អាចធ្វើ​អ្វី​បានទេ​”​។​

លោក Trump បាន​បង្ហោះ Twitter កាលពី​ថ្ងៃ​អង្គា​រថា ទណ្ឌកម្ម​ថ្មី​ដែល​ត្រូវបាន​លើកលែង​ក្រោម​
កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ឆ្នាំ​២០១៥​គឺជា​ទណ្ឌកម្ម​តិច​បំផុត​ដែល​មិន​ធ្លាប់មាន​។​

អ៊ីរ៉ង់​បានប្រកាស​ថ្កោលទោស​វា​ថា​ជា “​លក្ខណៈ​ឯកតោភាគី​របស់​សហរ​ដ្ឋ​អាមេរិក​” ដែល​ដាក់ទណ្ឌកម្ម​ឡើងវិញ​ស្របតាម​ការសម្រេចចិត្ត​របស់លោក Trump ក្នុងការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

ក្រុមមន្ត្រី​អាមេរិក​បាន​និយាយ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ​ថា ពួកគេ​មានបំណង​ដាក់​សម្ពាធ​លើ​ប្រទេស​នានា​ឲ្យ​បញ្ឈប់​ការទិញ​ប្រេង​ពី​អ៊ីរ៉ង់​ក្នុង​គោលបំណង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តេ​រ៉ង់​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​និង​ការចូលរួម​នៅក្នុង​ជម្លោះ​ក្នុង​តំបន់​ដូចជា​នៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

យោងតាម​កាសែត​រដ្ឋ​អ៊ីរ៉ង់​បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ផែនការ​របស់​អាមេរិក​ដើម្បី​កាត់បន្ថយ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​ដល់​សូន្យ​គឺ​នឹងមិន​ទទួលបាន​ជោគជ័យ​នោះទេ​។​

លោក Zarif បាន​ប្រាប់​កាសែត​អ៊ីរ៉ង់​ថា ប្រសិនបើ​អាមេរិក​ចង់​រក្សា​គំនិត​សាមញ្ញ​និង​មិនអាច​ទៅរួច​នៅក្នុង​ចិត្ត​របស់​ពួកគេ​នោះ ពួកគេ​ក៏​គួរតែ​ដឹង​ពី​ផលវិបាក​របស់​វា​ផងដែរ​។​

លោក​ប្រធានាធិបតី Hassan Rouhani បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា ប្រទេស​អ៊ីរ៉ង់​អាច​បិទ​ច្រក Hormuz ដែលជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​ធំ​មួយ​ប្រសិនបើ​សហរដ្ឋអាមេរិក​ព្យាយាម​បញ្ឈប់​ការនាំចេញ​ប្រេង​របស់​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​៕