ព័ត៍មានទាន់​ហេតុការណ៏
Search

កាត់ទោស​ស្ត្រី​អាមេរិក ថៃ និង​បុរស​នីហ្សេរីយ៉ា​៣​នាក់​ ករណី​នាំ​គ្រឿងញៀន​ឆ្លងកាត់​កម្ពុជា

ភ្នំពេញ ៖ បន្ទាប់ពី​បាន​ឃុំខ្លួន​អស់​មួយឆ្នាំ​នៅក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទល្មើស​ដឹកជញ្ជូន រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន មាន​ជនបរទេស​៣​នាក់​ក្នុងនោះ​មាន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់ និង​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ត្រូវបាន​​បញ្ជូន​មក​កាត់ទោស​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ជនជាប់ចោទ​ទី​១ ឈ្មោះ FORTUNE EGWUONWU ភេទ​ប្រុស ជនជាតិ​នី​ហ្សេ​រី​យ៉ា កើត ១៤ ខែវិច្ឆិកា ឆ្នាំ​១៩៨៤ ជា​បក្សពួក​/​អ្នកផ្សំគំនិត​ ជនជាប់ចោទ​ទី​២-​ឈ្មោះ TIPPARAT MUEANCHAN ភេទ​ស្រី ជនជាតិ​ថៃ កើត ០៥ ខែធ្នូ ឆ្នាំ​១៩៨៧ ជា​អ្នក​ដឹកជញ្ជូន​ពី​កម្ពុជា​ទៅ​ថៃ និង​ជនជាប់ចោទ​ទី​៣​ឈ្មោះ Meyer Nancy Lela ភេទ​ស្រី ជនជាតិ​អាមេរិក កើត ០៧ ខែមិថុនា ឆ្នាំ​១៩៨៥ ជា​អ្នក​ដឹកជញ្ជូន​ពី​ប្រេ​ស៊ី​ល​មក​កម្ពុជា។

នៅក្នុង​អង្គ​សវនាការ​នា​សាលាដំបូង​រាជធានី​ភ្នំពេញ តុលាការ​បាន​សាកសួរ​តែ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ប៉ុណ្ណោះ​ដែលជា​អ្នក​មេគំនិត​នៅក្នុង​ការដឹកជញ្ជូន​គ្រឿងញៀន​នេះ។

ជនជាប់ចោទ​បានត្រឹមតែ​ឆ្លើយថា ​ពួកគេ​ស៊ីឈ្នួល​អ្នកដទៃ​ក្នុង​ការ​នាំ​គ្រឿងញៀន​ទាំងនេះ​ឆ្លងកាត់​កម្ពុជា ហើយ​មាន​គោលដៅ​ទៅ​ប្រទេស​ថៃឡង់។ ចំណែក​ស្ត្រី​ជនជាតិ​ថៃ និង​ស្ត្រី​ជនជាតិ​អាមេ​រិ​ក តុលាការ​នៅ​មិនទាន់បាន​សាកសួរ​ទេ ហើយ​ចៅក្រម​បាន​ពន្យារ​សវនាការ​ដោយ​មិន​កំណត់។​

គួរ​រំលឹក​ថា​ ចាប់ពី​ថ្ងៃទី​៣១ ខែសីហា ដល់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង ជំនាញ​ការិយាល័យ​រដ្ឋ​បាល​-​សរុប​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​គយ ​កម្លាំង​នគរបាល​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹកជញ្ជូន​ឆ្លងដែន​ដោយ​ខុសច្បាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល​មក​កម្ពុជា ឆ្លងកាត់ ABABA, និង HONG KONG គោលដៅ​ចុងក្រោយ​ទៅ​ប្រទេស​ថៃ នៅ​ចំណុច​ច្រក​ដំណើរ​មកដល់ នៃ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅ​ចំណុច​មុខ​សណ្ឋាគារ​សំណាងល្អ​ភ្នំពេញ ផ្លូវ​លេខ​៣០៤ ស្ថិតក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន រាជធានី​ភ្នំពេញ លទ្ធផល​: បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ និង​ចាប់យក​វត្ថុតាង ម្សៅ​សារ ធាតុ​ញៀន​ប្រភេទ​កូកាអ៊ីន​(Cocaine ទម្ងន់ ១២៣៧.៥​ក្រាម ដែល​លាក់​បង្កប់​ក្នុង​ឆ្អឹង​និង​បាត​វ៉ាលិស ចំនួន ១​វ៉ាលិស និង​សម្ភារៈ​មួយ​ចំនួន​ទៀត។

ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ទី​១-​ឈ្មោះ FORTUNE EGWUONWU ភេទ​ប្រុស ជនជាតិ​នី​ហ្សេ​រី​យ៉ា កើត ១៤ ខែវិច្ឆិកា ឆ្នាំ​១៩៨៤ ជា​បក្សពួក​/​អ្នកផ្សំគំនិត ទី​២-​ឈ្មោះ TIPPARAT MUEANCHAN ភេទ​ស្រី ជនជាតិ​ថៃ កើត ០៥ ខែធ្នូ ឆ្នាំ​១៩៨៧ ជា​អ្នក​ដឹកជញ្ជូន​ពី​កម្ពុជា​ទៅ​ថៃ និង​៣-​ឈ្មោះ Meyer Nancy Lela ភេទ​ស្រី ជនជាតិ​អាមេរិក កើត ០៧ ខែមិថុនា ឆ្នាំ​១៩៨៥ ជា​អ្នក​ដឹកជញ្ជូន​ពី​ប្រេ​ស៊ី​ល​មក​កម្ពុជា។

ចៅក្រមស៊ើប​សួរ​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នៅក្នុង​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​មកហើយ​ ទើបតែ​នាំមក​កាត់ទោស​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684