ព័ត៍មានទាន់​ហេតុការណ៏
Search

យន្តហោះ​ចម្បាំង​អេ​ស្ប៉ា​ញ​ច្រឡំ​បាញ់​មី​ស៊ី​ល​លើ​ប្រទេស អេ​ស្តូ​នី​

ក្រសួងការពារជាតិ​អេ​ស្ប៉ា​ញ​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ទាប់ពី​យន្ដហោះ​ចម្បាំង​មួយគ្រឿង​របស់ខ្លួន​បាន​បាញ់​មី​ស៊ី​ល​ដោយ​ចៃដន្យ​លើ​ប្រទេស​អេ​ស្ដូ​នី​អំឡុងពេល​បេសកកម្ម​ហ្វឹកហ្វឺន​។​

ក្រសួង​នេះ​បាន​និយាយថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​កាលពី​រសៀល​ថ្ងៃ​អង្គារ​នៅក្នុង​តំបន់​មួយ​នៃ​ភាគ​និរតី​ប្រទេស​អេ​ស្តូ​នៀ​ដែលជា​កន្លែង​អនុញ្ញាត​សម្រាប់​ការធ្វើ​លំ​ហាត់​បែបនេះ​។​

ក្រសួង​បាន​បន្ថែមថា មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​នេះ​មិនបាន​បង្ក​ការខូចខាត​ទេ​។​
​ប៉ុន្តែ​យោធា​របស់​ប្រទេស​អេ​ស្ដូ​នី​បាន​និយាយថា ខ្លួន​កំពុងតែ​ស្វែងរក​បំណែក​មី​ស៊ី​ល​នេះ​។​

ក្រសួងការពារជាតិ​អេ​ស្ប៉ា​ញ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យន្តហោះ Eurofighter ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​លី​ទុយ​អា​នី​បាន​ច្រឡំ​បាញ់​មី​ស៊ី​ល​ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ​។ មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​នេះ​មិនបាន​វាយប្រហារ​យន្តហោះ​ណាមួយ​ទេ​។ យើង​បាន​បើក​ការស៊ើបអង្កេត​មួយ​ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ឧបទ្ទវ​ហេតុនេះ​”​។​

មី​ស៊ី​ល​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ផ្ទុក​គ្រឿងផ្ទុះ​ទម្ងន់​១០​គីឡូក្រាម​និង​ត្រូវបាន​គេ​គិតថា​បាន​ធ្លាក់​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​ទីក្រុង Tartu នៃ​ប្រទេស​អេ​ស្តូ​នី​។​

យន្ដហោះ​អេ​ស្ប៉ា​ញ​ពីរ​គ្រឿង​និង​យន្តហោះ​បារាំង​ពីរ​គ្រឿង​បាន​ចូលរួម​ក្នុង​សមយុទ្ធ​មួយ​ដែលជា​ផ្នែក​មួយ​នៃ​បេសកកម្ម Baltic Air Policing របស់​អង្គការ​ណា​តូ​នៅពេល​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​។​

នៅក្នុង​ទំព័រ Facebook នាយករដ្ឋមន្ត្រី​អេ​ស្តូ​នី​លោក Jür Ratas បាន​រៀបរាប់​ហេតុការណ៍​នោះ​ថា ជាការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​គួរ​ឲ្យ​សោកស្តាយ​បំផុត​។​

លោក​បានសរសេរថា “​នេះ​ជា​ករណី​ធ្ងន់ធ្ងរ​មួយ​ហើយ​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​រឿងនេះ​។ អរគុណ​ព្រះ​ជា​ម្ចាស់ គ្មាន​នរណាម្នាក់​ត្រូវបាន​គេ​ដឹងថា​រងរបួស​ឡើយ​ដោយសារ​ហេតុការណ៍​នេះ​”​។​

លោក​បាន​បន្ថែមថា “​ខ្ញុំ​ជឿជាក់ថា កងកម្លាំង​ការពារជាតិ​អេ​ស្តូ​នី​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មិន​មានរឿង​បែបនេះ​កើតឡើង​ម្តងទៀត​ទេ​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684