ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋាភិបាល​លោក រូ​ឌ្រី​ហ្គោ​ឌូ​តឺ​តេ សាទរ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា

ភ្នំពេញ ៖ លោក អា​ឡាន ភី​ធ័​រ ខា​យ៉េ​តា​ណូ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ កាលពី​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​២០១៨​ ដើម្បី​អបអរសាទរ​ការបោះឆ្នោត​នៅ​កម្ពុជា​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ថា ​ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ​ខែកក្កដា​ ឆ្នាំ​២០១៨ កន្លង​ទៅ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព និង​មាន​សណ្តាប់​ធ្នាប់។

​បន្ទាប់ពី​អបអរសាទរ​លើ​ការបោះឆ្នោត ក៏បាន​បញ្ជាក់​ពី​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​ថា «​ហ្វីលីពីន​នៅតែ​ប្តេជ្ញា​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ស៊ីជម្រៅ​រវាង​ភាគី​ទាំងពីរ​ទាំង​នៅក្នុង​ថ្នាក់​តំបន់ និង​ពិភពលោក​»​។

​ក្រៅពី​ប្រទេស​ហ្វីលីពីន​ដែល​បាន​អបអរសាទរ​ការបោះឆ្នោត​នៅ​កម្ពុជា​ ក៏​មាន​បណ្តា​ប្រទេស​មួយចំនួនទៀត​រួមមាន ប្រទេស​ចិន រុ​ស្ស៊ី ឥណ្ឌា វៀតណាម ឡាវ ថៃ ស្រីលង្ការ ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត ជាដើម ក៏បាន​អបអរសាទរ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។

យ៉ាងណាក៏ដោយ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី ៨ ខែសីហា ដែល​បានឈ្នះ​ឆ្នោត​បន្ត​ទៀត​នៅក្នុង​នីតិកាល​ទី​៦ នេះ បាន​ប្រកាស​ថា​នឹង​បង្កើត​រាជរដ្ឋាភិបាល​ថ្មី តាម​ការ​គ្រោងទុក​នៅ​ថ្ងៃទី​៦ ខែកញ្ញា​នេះ​ដោយ​មិន​ខ្វល់​ពី​ការទទួលស្គាល់​ ឬ​ មិន​ទទួលស្គាល់​របស់​បរទេស​ណា​ឡើយ​។ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​បញ្ជាក់​រួចមក​ហើយ​ថា លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​មិនចាំបាច់​យក​ទៅ​ឲ្យ​អង្គការសហប្រជាជាតិ​ប្រថាប់ត្រា ឬ ប្រទេស​ណាមួយ​ទទួលស្គាល់​ទើប​យក ជា​ផ្លូវការ​នោះ​ទេ គឺ​ត្រឹមតែ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ការ​គ្រប់គ្រាន់​។

សូម​ជម្រាប​ថា ​កម្ពុជា​បាន​រៀប​ចំ​ការបោះឆ្នោត​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​២៩ ខែកក្កដា ២០១៨​។ ការបោះឆ្នោត​នេះ​មានការ​ចូលរួម​ដោយ​អ្នកសង្កេតការណ៍​ជាតិ​អន្តរជាតិ​ច្រើនជាង​មុន​ហើយ​ត្រូវ​កោតសរសើរ​ថា​ ធ្វើឡើង​ដោយ សេរី ត្រឹមត្រូវ​និង​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា​។ ប្រជាពលរដ្ឋ​កម្ពុជា​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​ប្រមាណ ៦.៩៤៦.១៦៤​នាក់ ស្មើនឹង​ប្រមាណ ៨២,៨៩​ភាគរយ ក្នុងចំណោម​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​៨.៣៨០.២១៧​នាក់​។ ក្នុងនោះ​សំឡេង​បានការ​មាន​ចំនួន ៦.៣៤៩.៣៨៩​នាក់ ហើយ​មិនបានការ​ចំនួន ៥៩៦.៧៧៥​នាក់​។

លទ្ធផល​បឋម​ស្តីពី​ការបោះឆ្នោត​នេះ​ បាន​បង្ហាញថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេង​ជាង​៤,៨​លាន​ដែល​ស្មើ​ជាង​៧៦​ភាគរយ​។ ទោះជា​លទ្ធផល​ផ្លូវការ​មិនទាន់​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ជា​ផ្លូវការ​តែ​គេ​បានធ្វើការ​សន្និដ្ឋាន​ជាមុន​ថា​ទំនងជា​មានតែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៦​នេះ​។​បើ​គ្មានអ្វី​ប្រែប្រួល​លទ្ធផល​ផ្លូវការ​ស្តីពី​ការបែងចែក​អាសនៈ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684