ព័ត៍មានទាន់​ហេតុការណ៏
Search

«​កុំ​បាក់​ទឹកចិត្ត​» ​ជា​ទស្សនៈ​របស់​អ្នកចាំទី អ៊ុំ វិចិត្រ របស់​ក្រុម​ក្រសួងការពារជាតិ ក្នុងការ​អភិវឌ្ឍ​ខ្លួន

កីឡាករ អ៊ុំ វិចិត្រ អ្នកចាំទី​ដៃ​ទី​២​របស់​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) សមាជិក​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League) ដែល​ធ្លាប់​ញាំញី​ដោយសារ​របួស ស្ទើរតែ​បាត់បង់​អាជីព​របស់​ខ្លួន​ទៅ​ហើយ​នោះ​ បាន​បង្ហាញ​ពី​ទស្សនៈ​មួយចំនួន​រហូត​ធ្វើ​ឲ្យ​រូបគេ រីកចម្រើន​មកវិញ​រហូត​បង្ហាញមុខ​ស្ទើរ​តែ​គ្រប់​ប្រកួត​ឲ្យ​ក្រុម​របស់ខ្លួន​។

បងប្រុស​បង្កើត​របស់​កីឡាករ អ៊ុំ សេរី​រ័ត្ន រូប​នេះ​បាន​លើក​ឡើង​ថា «​ជា​កីឡាករ​គឺ​គ្មានអ្វី​ស្ថិតស្ថេរ​នោះ​ទេ ពេលខ្លះ​ទំរង់​លេង​ធ្លាក់ចុះ ហើយ​ពេលខ្លះ​ទំរង់​លេង​កាន់តែ​ល្អ​ប្រសើរ​។ អ្វី​ដែល​សំខាន់​នោះ​បើ​ទម្រង់​លេង​ធ្លាក់ចុះ​សូម​(កុំ​បាក់​ទឹកចិត្ត)​។ យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទាំង​បច្ចេកទេស​ជាពិសេស​គឺ​ស្មារតី ដើម្បី​ឲ្យ​លេង​របស់​យើង​ប្រសើរ​ឡើងវិញ ហើយ​បើសិន​ទម្រង់​លេង​យើង​ល្អ​ប្រសើរ​ហើយ​ចូរ​កុំ​ភ្លេចខ្លួន​ហើយ​គិតថា​ខ្លួនឯង​ល្អ​គ្រប់​ដប់ ព្រោះថា​ពេល​ដែល​អ្នក​គិតថា​ខ្លួនឯង​ល្អ​ជាងគេ​ហើយ អ្នក​អាច​នឹង​កាត់បន្ថយ​ឫ​បញ្ឈប់​ការអភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​បាន។ 👌🏻​ដូច្នេះ​ត្រូវ​ចងចាំ​និង​អនុវត្តន៍​អ្វីៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ទៅដល់​ភាពល្អប្រសើរ​»។

សូម​រំលឹក​ថា ​កីឡាករ អ៊ុំ វិចិត្រ មាន​ភាព​ល្បីល្បាញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ស្មើគ្នា​ជាមួយ​អ្នកចាំទី ស៊ូ យ៉ា​ទី របស់​បឹងកេត បច្ចុប្បន្ន​។ ប៉ុន្តែ​ជា​អកុសល​កីឡាករ​រូបនេះ​បាន​របួស​ស្រាំ​ឆ្អឹង​ម្រាមដៃ នៅ​ចុងឆ្នាំ​២០១៤ ពេល​ចូលរួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ នៅ​ដើមឆ្នាំ ២០១៥ ក្រោម​ការជួយជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្លិប​ក្រសួង​ការពារ​ផងដែរ​នោះ បាន​វះកាត់​ដៃ​ដែល​ឈឺ​របស់ អ៊ុំ វិចិត្រ បានសម្រេច​តែ​ត្រូវរបួស​នោះ​នៅតែ​មិនទាន់​ជា​ដាច់ស្រេច​នោះទេ។

កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ បាន​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ នៅ​ឆ្នាំ​២០១៨ ហើយ​បន្ត​លេង​ជាមួយ​ក្រុម​ ដែល​មាន​មូលដ្ឋាន​នៅ​កណ្តាល​រាជធានី​មួយ​នេះ​រហូតដល់​បច្ចុប្បន្ន​។ រូបគេ​ធ្លាប់​ជាប់​ឈ្មោះ​នៅក្នុង​ក្រុម​ជម្រើសជាតិ​តាំងពី​ឈុត U19 ដល់​ឈុត​ធំ​ផងដែរ​។ បច្ចុប្បន្ន​រូបគេ​កំពុង​ដើរតួ​ជា​កីឡាករ​ផង​និង​ជា​គ្រូបង្វឹក​អ្នកចាំទី​ផង​ក្រោយ​គ្រូបង្វឹក​អ្នកចាំទី លោក សួង ភារ​ម្យ ចាកចេញ​ហើយ​ទៅចូល​រួម​ជាមួយ​ក្រុម​វិសាខា​ កាលពី​ដើម​រដូវ​កាល​ ឆ្នាំ២០១៨ កន្លងទៅ​៕