ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កោត​សរសើរ ​ដល់​ក្រុមហ៊ុន​អង្ករ​កសិកម្ម​រុងរឿង​ចំកាត់ ដែល​បាន​ជួយ កសិករ​ ដើម្បី ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ចំណាកស្រុក

ភ្នំពេញ ​៖​ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​កោត​សរសើរ​និង​គាំទ្រ​ចំពោះ ក្រុមហ៊ុន​អង្ករ​កសិកម្ម​រុងរឿង​ចំកាត់ ដែល​បាន​វិនិយោគ​លើ​ដំណាំ​ស្រូវ និង​កែច្នៃ​អង្ក​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៤​ ចូលរួម លើកស្ទួយ​កម្រិតជីវភាព​ប្រជាកសិករ តាមរយៈ​បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ភាពក្រីក្រ និង​ការ​ធ្វើ​ចំណាកស្រុក។

លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បែបនេះ​​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង នៅក្នុង​ជំនួប​ជា លោក ជីវ អា​នុសន នាយក​ក្រុមហ៊ុន​អង្ករ​កសិកម្ម​រុងរឿង​ចំកាត់​និង​សហការី​ចូល​​​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​អំពី​គម្រោង​វិនិយោគទុន​ជាមួយ​សហគមន៍​អឺរ៉ុប​លើ​វិស័យ​កសិកម្ម​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អង្ករ​កសិកម្ម​រុងរឿង​ចំកាត់។

នៅក្នុង​ជំនួប​នោះ លោកនាយក​ក្រុមហ៊ុន​បាន​ជម្រាបជូន​លោក រដ្ឋមន្ត្រី​ថា​ រហូតមកទល់​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​វិនិយោគ​លើ​ដំណាំ​ស្រូវ និង​កែច្នៃ​អង្ក​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៤ គឺ​ខេត្ត​កំពង់ស្ពឺ​ កំពត តាកែវ និង​ខេត្តកណ្តាល​ ដោយ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​កសិករ​ជាង ២​ម៉ឺន​គ្រួសារ​ផលិត​ស្រូវ​ចំណី និង​ជាង ២​ពាន់​គ្រួសារ​ទៀត​ជា​អ្នក​ផលិត​ពូជ តាមរយៈ​ផ្តល់​ពូជ និង​បច្ចេកទេស រួច​ប្រមូល​ទិញ​ដើម្បី​ធ្វើការ​កែច្នៃ​រួច​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និង​អឺរ៉ុប។ អនាគត​ក្រុមហ៊ុន​មាន​គ្រោង​ពង្រីក​ផលិតកម្ម​បន្ថែម​នៅ​តាម​ខេត្ត​ទូទាំងប្រទេស ដោយ​ខ្ចី​ទុន​វិនិយោគ​ពី​សហគមន៍​អឺរ៉ុប។

ទាក់ទង​នឹង​គម្រោង​វិនិយោគ​ខាងលើ ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​នេះ ដោយហេតុថា​៖១-​ជួយ​ជំរុញ​ផលិតកម្ម​ពូជស្រូវ សុទ្ធ​ល្អ ឆ្លើយតប​តាម​តម្រូវ​ការ​ទីផ្សារ ២-​រួមគ្នា​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ផលិតកម្ម​ដំណាំ​ស្រូវ និង​ទី​៣-​ចូលរួម​លើកស្ទួយ​កម្រិតជីវភាព​ប្រជាកសិករ​ តាមរយៈ​បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ចំណាកស្រុក។

ជំហាន​បឋម លោក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម នាយដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ខេត្ត​គោលដៅ ដើម្បី​ពិនិត្យ និង​សិក្សា​វាយតម្លៃ​ទៅលើ​គោលការណ៍​ច្បាប់ និង​បច្ចេកទេស​ឲ្យ​បាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ជាមុនសិន​។ ទោះជា​យ៉ាងណា ក្រសួង​នៅតែ​គាំទ្រ​ចំពោះ​គម្រោង​ដែល​ក្រុមហ៊ុន​បានលើកឡើង​ខាងលើ និង​រង់ចាំ​ផ្តល់​កិច្ចសហការ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114