ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​នគរបាល​ម្នាក់​ និង​បក្សពួក​រង​នូវ​ការ​ចោទ​ប្រកាន់​ថា ​ដក​កាំភ្លើង​អាមេ​គំរាម​រក​បាញ់​យុវជន​ ម្នាក់​ក្នុង​ជម្លោះ​ពាក្យ​សម្តី

ភ្នំពេញ ​៖​ បុរស​ម្នាក់​ ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​នគរបាល​រួម​នឹង​បក្សពួក​ បាន​រង​នូវ​ការ​ចោទ ប្រកាន់​ថា បាន​ដក​កាំភ្លើង​អាមេ​គំរាម​រក​បាញ់​បុរស​ម្នាក់​ក្នុង​ជម្លោះ​ពាក្យ​សម្តី។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​ប្រមាណ​១១​យប់ ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​លេខ​២៧៨ ខាង​ក្រោយ​អតីត​រោងកុន​គិរី​រម្យ ក្នុង​ខណ្ឌចំការមន នាំ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​នោះ។

បុរស ​ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​នគរបាល​ ហើយ​ដក​កាំភ្លើង​អា​មេ​គំរាម​រក​បាញ់​ជន​ស៊ីវិល​នេះ ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ឈ្មោះ លន់ ស៊ីវ​ធេង។ មុន​ឈាន​ដល់​ជម្លោះ​ពាក្យ​សម្តី និង​ដក​កាំភ្លើង​គំរាម​រក​បាញ់​គ្នា​គេ​មិន​ដឹង​ថា ភាគី​ទាំង​ពីរ​មាន ជម្លោះ អ្វី​នឹង​គ្នា​នោះ​ទេ។ ប៉ុន្តែ​បើ​យោង​តាម​វីដេអូ​​​ឃ្លីប​ ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម គឺ​មន្ត្រី​នគរបាល​រូប​នោះ​ហៅ​ជនរងគ្រោះ ឲ្យ​ឈប់ តែ ជនរងគ្រោះ​មិន​ព្រម ឈប់​នៅ​កន្លែង​ស្ងាត់ ធ្វើ​ឲ្យ​មន្ត្រី​នគរបាល​រូបនោះ​ខឹង រហូត​តាម នៅ ខាងក្រោយ​អតីត​រោងកុន​គិរី​រម្យ ក្នុង​ខណ្ឌចំការមន ខ​ណៈ​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចូលទៅ​កន្លែង​មាន​មនុស្សម្នា​ច្រើន ហើយក៏​ត្រូវ​មន្ត្រីនគរបាល​និង​បក្សពួក​មក​ទាន់ រករឿង​ និង​ដក​កាំភ្លើង​រក​បាញ់​តែម្តង។

បើ​តាម​បុរស ​ដែល​ត្រូវ​បាន​គេ​ដក​កាំភ្លើង​គំរាម​បាញ់​នេះ បាន​អះអាង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ និង​មិត្តភក្តិ​ បាន​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​ស្ងាត់​មួយ ស្រាប់តែ​ក្រុម​បុរស​អះអាង​ខ្លួន​ថា​ ជា​នគរបាល​នេះ ​បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ ហើយ​ស្រែក​ថា​ចោរៗ ហើយ​ជិះ​តាម​ពួកគេ​រហូត។

បុរស ​ដែល​ត្រូវ​គេ​ដក​កាំភ្លើង​គំរាម​បាញ់​នាំ​ឲ្យ​ព្រលឹង​រត់​ចេញពី​ខ្លួន​នេះ បាន​បន្តថា បន្ទាប់ពី​ឃើញ​ដូច​នោះ​ពួកគេ​ភ័យ ហើយក៏​ជិះ​ម៉ូតូ​រត់​មក​រក​កន្លែង​មនុស្ស​ច្រើន ដើម្បី​ការពារ​ខ្លួន​តែម្តង។ បើ​តាមរយៈ​វីដេអូ ​ដែល​ប្រជាពលរដ្ឋ​ថត​បាន​នេះ បន្ទាប់ពី​បាន​ប៉ះ​ពាក់​សម្តី និង​ដក​កាំភ្លើង​អា​មេ​គំរាម​បាញ់​គេ​ហើយ បុរស​អះអាង​ជា​មន្ត្រី​នគរបាល និង​បក្ខពួក​ ក៏បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ។

ប្រជាពលរដ្ឋ​ ដែល​បានឃើញ​សកម្មភាព​ដ៏​ព្រៃផ្សៃ​របស់​បុរស​អះអាង​ខ្លួន​ជា​មន្ត្រី​នគរបាល​នេះ បាន​នាំគ្នា​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​សកម្មភាព​នេះ ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​កងកម្លាំង​នគរបាល​ជាតិ មេត្តា​ស្រាវជ្រាវ​រករឿង​ហេតុ​ពិត ហើយក៏​សង្ឃឹមថា នឹង​ដាក់​វិន័យ​ទៅលើ​បុរស​អះអាង​ជា​មន្ត្រី​នគរបាល​នេះ​ តាម​វិន័យ​របស់​នគរបាល​ជាតិ។ ជុំវិញ​ករណីនេះ​យើង​មិនអាច​សុំ​ការ​ពន្យល់​ ឬបំភ្លឺ​ពី មន្ត្រី​នគរបាល​រូបនោះ​បានទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684