ព័ត៍មានទាន់​ហេតុការណ៏
Search

យុគ យក្ស​គី​ល​ អាច​យកឈ្នះ​បារាំង​JULIEN​ បាន​ឬ​អត់​?

យុគ យក្ស​គី​ល អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បារាំង Julien នៅលើ​សង្វៀន​Boostrong On Fire របស់​SEATV នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១២ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ។

យក្ស​គី​ល អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា​និង​អ្នក​ប្រដាល់​បារាំង​Julien ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។

ជា​លើក​ទី​៦​ហើយ​នៅ​ដើមឆ្នាំ​២០១៨​នេះ បន្ទាប់ពី​រូបគេ​វិល​មកកាន់​សង្វៀន​វិញ ហើយ​ត្រូវគេ​ផ្តល់​ឪ​កាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​បរទេស​នេះ។ កាលពី​ជួប​ប្រកួត​លើក​ទី​១​ជាមួយ​ថៃ (២៨​មករា ២០១៨) យក្ស​គី​ល​វាយ​ចាញ់​Phiem Sayam ត្រឹម​ពិន្ទុ ,​លើក​ទី​២ ជួប​ជាមួយ​រុស្សី Arthur Shushinsky ថ្ងៃទី​២៤​មីនា​២០១៨ គេ​វាយ​ចាញ់​ដោយ​ពិន្ទុ​ទៀត លើក​ទី​៣​ថ្ងៃទី​០៨​មេសា​២០១៨ គេ​វាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ Ou Ronou លើក​ទី​៤ ថ្ងៃទី​១៣​ឧសភា​២០១៨ វាយ​ឈ្នះ​អ្នក​ប្រដាល់​អ៊ីស្រាអែល Eden Alpert ក្នុង​ទឹក​ទី​២ និង​លើក​ទី​៥ ថ្ងៃទី​១៦​មិថុនា​២០១៨ វាយ​ចាញ់​អ្នក​ប្រដាល់​ប្រេ​ស៊ី​ល​Victor Houto ដោយ​ពិន្ទុ។

យុគ យក្ស​គី​ល ជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់​ហែល​ឆ្លងកាត់​ប្រកួត​ជាមួយ​បរទេស ពិសេស​ជាមួយ​ថៃ ច្រើនលើក​ណាស់​មកហើយ កាលពី​គេ​នៅមាន​ឈ្មោះ​បោះ​សម្លេង ។ តែ​ពេលនេះ គេ​មិន​ដូច​ពីមុន​នោះទេ ដោយសារ​គេ​ចាស់ ឡើង​ទម្ងន់ គួបផ្សំ​គេ​ស្ទើរ​កម្ពស់​ផង ធ្វើអោយ​ការប្រកួត​ជាមួយ​បរទេស ពិបាក​សង្ឃឹម​ឈ្នះ។

យ៉ាងណា ប៉ះ​ជាមួយ​អ្នក​ប្រដាល់​បារាំង​Julien ដែល​ទើប​ប្រកួត​បាន​៣៧​លើក ឈ្នះ​៣០​លើក ចាញ់​០៧ ប្រហែលជា​មិន​ពិបាក​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​លើក​នេះ យក្ស​គី​ល ប្រហែលជា​ប្រឈម​ការលំបាក​រឿង​ចាញ់​កម្ពស់ ព្រោះ​អ្នក​ប្រដាល់​បារាំង​មក​លើក​នេះ មាន​កម្ពស់​ខ្ពស់​ជាងគេ​បន្តិច គឺ​១,៧៣​ម៉ែត្រ ខ​ណះ​ដែល​ខ្លួនគេ​កម្ពស់​១,៦៨​ម៉ែត្រ។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​សង្ឃឹមថា​យក្ស​គី​ល​នឹង​យកឈ្នះ​អ្នក​ប្រដាល់​បារាំង​Julien បាន​មិន​ខាន​។​យក្ស​គី​ល​មាន​កំនត់ត្រា​ប្រកួត​ចំនួន​១០២​លើក ឈ្នះ​៧១​លើក ចាញ់​៣០​លើក​និង​ស្មើ​០១​លើក។

Julien គេ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEATV​នេះ​ម្តង​ពីរដង​ហើយ​កន្លងមក ។ យ៉ាងណា អ្នក​ប្រដាល់​បារាំង​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ ។ យ៉ាងណា ប៉ះ​ជាមួយ យុគ​យក្ស​គី​ល Julien ក៏​មិនជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា​យក្ស​គី​ល​គេ​វាយ​បុក​ខ្លាំង កណ្តាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ ។ តែ​យ៉ាងណា យក្ស​គី​ល ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើ​យុគ យក្ស​គី​ល អាច​យកឈ្នះ​អ្នក​ប្រដាល់​បារាំង​Julien​នេះ បាន​ឬ​អត់ ?។​

ចំពោះ សារឿន ច័ន្ទ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត ជាមួយ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​ ​

ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ជួបគ្នា​ចំនួន​បី​លើក​ហើយ​កាលពី​៥-៦​ឆ្នាំមុន ដោយ​សារឿន​ច័ន្ទ វាយ​ចាញ់​ពិន្ទុ​សុខ សុវណ្ណ ទាំងបី​លើក ។ សារឿន ច័ន្ទ វាយ​ចាញ់​សុវណ្ណ ដោយសារតែ​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្សោយ​ជាង​ប៉ុណ្ណោះ ឯ​បច្ចេកទេស​មិនជា​ស៊ីសង​គ្នា​ប៉ុន្មាន​ឡើយ ។​ ​សុខ សុវណ្ណ គេ​មាន​កណ្តាប់ដៃ​ល្អ ស្នៀត​ជើង​ទាត់​ខ្លាំង ហើយ​ស៊ូ​ក្នុងការ​ប្រកួត​ថែមទៀត​។ គេ​ប្រកួត​ចុងក្រោយ វាយ​ឈ្នះ​នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​យុវជន​វាល​ស្បូវ​ដោយ​ពិន្ទុ ។​ ​សារឿន ច័ន្ទ គេ​ក៏មាន​ស្នៀត​ទាត់​ល្អ​ដែរ​។​ជាមួយនេះ សារឿន ច័ន្ទ នៅមាន​កណ្តាប់ដៃ​ខ្លាំង រហ័ស​និង​លឿន​ផងដែរ ។ គេ​ប្រកួត​ចុងក្រោយ គឺ​វាយ​ចាញ់​ថៃ​Phich Ngen Thong ក្នុង​ទឹក​ទី​៤ ។​ចាំមើល តើ​សារឿន ច័ន្ទ គេ​អាច​យកឈ្នះ សុខ សុវណ្ណ បាន​ឬ​អត់​? ។​

ចំណែក វ៉ាន់ វឿន អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684