ព័ត៍មានទាន់​ហេតុការណ៏
Search

ផល សោ​ភ័​ណ្ឌ ជួប Famechhai ឯ​វៀត ប៊ុន​ឌឿ​ន ជួប Rithaira នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​គេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Famechhai ChahanPhran នា​យប់​ថ្ងៃអាទិត្យ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ នៅក្នុង​កម្មវិធី​ប្រដាល់​ខា​រ៉ា​បាវ​របស់​បាយ័ន​នៅ​សង្វៀន​ស្ទឹងមានជ័យ។

Famechhai កាលពីពេល​កន្លងមក ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ ដែល​ក្នុង​នោះ គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ឃីម ឌី​ម៉ា ចាន់ ស៊ី​ណាត ឃីម បូរ៉ា​….​ជាដើម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៥​លើក ចាញ់​១១​លើក ស្មើ​០១​លើក ។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ មាន​កម្ពស់​ប្រហាក់ប្រហែល​សោ​ភ័​ណ្ឌ​ដែរ គឺ​១,៧០​ម៉ែត្រ ហើយ​សោ​ភ័​ណ្ឌ​១,៦៨​ម៉ែត្រ ។ តែ​យ៉ាងណា Famechhai មិនដឹងថា អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ផល សោ​ភ័​ណ្ឌ បាន​ឬ​អត់​នោះទេ​?។

ផល​សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ដែល​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នាពេល​កន្លងមក ដោយ​វាយ​ចាញ់​តិចតួច​បំផុត ដែល​ការជួប​ថៃ​ចុងក្រោយ​គេ​នោះ ផល សោ​ភ័​ណ្ឌ វាយ​ឈ្នះ​Fanemith ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​២២​មិថុនា​២០១៨​កន្លងទៅនេះ។

និយាយ​ជារួម ក្នុងការ​ប្រកួត​ចំនួន​១២៩​លើក ផល សោ​ភ័​ណ្ឌ​វាយ​ឈ្នះ​១១៣​លើក​ហើយ ដោយ​ចាញ់​តែ​១៤​លើក​និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​លើ​រេញ​ចំនួន​៤០​លើក ។ យ៉ាងណា សម្រាប់​ការជួប Famechhai លើក​នេះ គេ​នៅតែមាន​ជំនឿ​ទុកចិត្ត​លើ​ផល សោ​ភ័​ណ្ឌ​ថា នឹង​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​នេះ​បាន​មិន​ខាន ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​ប្រកួត​ជាមួយ​ចាន់ ស៊ី​ណាត និង​ឃីម បូរ៉ា កន្លងមក​គឺ​មិនជា​ខ្លាំង​ជាង​សោ​ភ័​ណ្ឌ​នោះទេ។

ចំពោះ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Rithaira Klamuengpetch ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦១ គីឡូក្រាម ។​
Rithaira នេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក ។ បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​រូបនេះ បាន​ប្រាប់​អោយដឹងថា Rithaira​នេះ គេ​ជា​អ្នក​ប្រដាល់​ដែល​ចាស់វស្សា​នៅ​ស្រុកថៃ ហើយ​ជា​ជើង​ខ្លាំង​ម្នាក់ ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​នេះ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​វាយ​ខ្លាំង​និង​ល្អ។

អ្នក​ប្រដាល់ Rithaira​នេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៥២​លើក ឈ្នះ​៤៧​លើក ចាញ់​១៥​លើក និង មិនដែល​ស្មើ​ទេ ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ​វៀត ប៊ុន​ឌឿ​ន បាន​នោះឡើយ ព្រោះថា​ប៊ុន​ឌឿ​ន​ពេលនេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ប៉ុន្មាន​នាក់​កន្លងមកនេះ។

វៀត ប៊ុន​ឌឿ​ន ជា​អ្នក​ប្រដាល់​ជើងចាស់ ដែលមាន​ចិត្ត​អំណត់​ខ្ពស់ វាយ​មិន​ឆេវឆាវ ហើយ​កណ្តាប់ដៃ និង​ជើង​ទាត់ គឺជា​ស្នៀត​ប្រចាំត្រកូល​របស់គេ ។ ប៊ុន​ឌឿ​ន​មាន​ប្រវត្តិ​ប្រកួត​៧៣​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៨​លើក ចាញ់​១៣​លើក និង ស្មើ​០២​លើក ។​

សម្រាប់​ការប្រកួត​លើក​នេះ វៀត ប៊ុន​ឌឿ​ន មិនដឹងថា​អាច​យកឈ្នះ​Rithaira​នេះ​បាន​ឬ​អត់​នោះទេ​? ។ ដូច្នេះ ចាំមើល រវាង​Rithaira និង វៀត ប៊ុន​ឌឿ​ន តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួប​ប្រកួត​គ្នា​នេះ ? ។​

សូមបញ្ជាក់ថា វៀត ប៊ុន​ឌឿ​ន គេ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចុង​ក្រោយនេះ គេ​បាន​ផ្តួល​Phayak Khamin អោយ​សន្លប់​ក្នុង​ទឹក​ទី​១។

ចំពោះ អ្នក​ប្រដាល់ ចាន់ ចំរើន ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ម៉ន សា​ម៉េ​ត ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ។

ចាន់ ចំរើន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ចំរើន​នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​សា​ម៉េ​ត និង​ចាញ់​កណ្តាប់ដៃ និង​ជើង​ទាត់​របស់​សា​ម៉េ​ត ។ ចាំមើល តើ​ចាន់ ចំរើន អាច​យកឈ្នះ​ម៉ន សា​ម៉េ​ត បាន​ឬ​អត់ ?​សម្រាប់​ការជួបគ្នា​លើក​ទី​១​នេះ៕ ​