ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​តែងតាំង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថ្មី នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ

នៅសល់តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) នឹង​ប្រកាស​បង្ហាញមុខ​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ថ្មី ជា​ផ្លូវការ​ហើយ​ដើម្បី​ត្រៀម​ដឹកនាំ​ក្រុម​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយចំនួន​ មុន​ប្រកួត​ផ្លូវការ​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF Suzuki Cup ឆ្នាំ​២០១៨ ចុងឆ្នាំ​នេះ។

យោងតាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ថា ​៖ «​សហព័ន្ធ​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​តែងតាំង​គ្រូ​ជម្រើសជាតិ​ថ្មី​នៅ​ថ្ងៃ​ច័ន្ទ ទី​១២ សីហា ២០១៨ នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ ក្នុង​រាជធានី​ភ្នំពេញ​»​។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ណាត់​ប្រទេស​ចំនួន​៤ រូ​ម​មាន​ម៉ាឡេស៊ី សិង្ហ​បុរី និង​ម៉ុង​ហ្គោ​លី ខណៈ​ប្រទេស​១​ទៀត​យើង​កំពុង​ច​ចារ​គ្នា​សិន ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់ដុំ​។ ការប្រកួត​ទាំងនេះ​គឺធ្វើឡើង​ដើម្បី​ត្រៀម AFF Suzuki Cup ចុងឆ្នាំ ហើយ​ការប្រកួត​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​។​

បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​បែងចែក​ប្រកួត​ជម្រុះ​ជា​២​វគ្គ​ដោយ​ក្នុងនោះ​មាន​វគ្គ​ជម្រុះ​បឋម​និង​វគ្គ​ជម្រុះ​តាម​ពូ​ល​មុន​ស្វែង​រកឃើញ​ក្រុម​ខ្លាំង​ឡើងទៅ​ដណ្តើម​ជើងឯក​។ ប្រកួត​វគ្គ​ជម្រុះ​ដំបូង​ក្រុមទី​ម័​រ​ខាងកើត ត្រូវ​ប៉ះ​ប្រ៊ុយណេ ចំនួន​២​ជើង​គឺ​ប្តូរ​ទឹកដី​គ្នា​ដោយនៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ធ្វើឡើង​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត ហើយ​ជើង​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១៨ ធ្វើឡើង​នៅ​ប្រទេស​ប្រ៊ុយណេ​។ ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​នេះ​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ជា​បន្ត​ជាមួយ​ក្រុម​៩​ផ្សេងទៀត​។​

​ក្រុម​ដែល​ចាំ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​បាន​ចាប់ឆ្នោត​រួចរាល់​គឺ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​អាចជា​ប្រ៊ុយណេ ឬ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។​

​សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ​នឹង​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ខណៈ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម នៅ​ទីក្រុង​ហាណូយ​៕​​