ព័ត៍មានទាន់​ហេតុការណ៏
Search

តោះ​មក​មើល​លក្ខណៈ​អស្ចារ្យ របស់ Galaxy Note 9 ដែល​សម្ពោធ​កាលពី​យប់មិញ​

ភ្នំពេញ​៖ អ្នក​ប្រាកដជា​បានដឹង ពី​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ គឺ Samsung Galaxy Note 9 របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​សាម​សុង ដែល​បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ កាលពី​យប់មិញ​នេះ នៅ​ទីក្រុង​ញ៉ូ​យ៉​ក ត្រូវ​នឹង​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​។​​

បន្ទាប់ពី​ព្រឹត្តិការ​ណ៏ ដ៏​គួរ​ឲ្យ​រំភើប​និង​ជាទី​មោទនៈ របស់​ក្រុមហ៊ុន​សាម​សុង ដែល​ត្រូវ​បានដាក់​បង្ហាញជូន ដល់​ពិភពលោក​ពី​ទីក្រុង​ញ៉ូ​យ៉​ក នៅ​ថ្ងៃទី​១០ ខែសីហា​នេះ​ផងដែរ ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក ប្រចាំ​ប្រទេស​កម្ពុជា បាន​អ​ញ្ចើ​ញ​អ្នកសារព័ត៌មាន​ជួបជុំគ្នា ទស្សនា​ការផ្សាយ​ផ្ទាល់​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ធ្វើជា​សាក្សី​នៃ​ការបង្ហាញ​ជាស​កល នៃ​ការបើក​កំណត់ត្រា​ថ្មី នៃ​អច្ឆរិយ​ភាព​របស់​អធិរាជ​ស្មា​ត​ហ្វូ​ន Samsung Galaxy Note 9 ដែល​ពិភពលោក​កំពុង​ទន្ទឹងរង់ចាំ​នេះ​។​

Samsung Galaxy Note 9 រក្សា​រូបរាង​រចនា​ដ៏​ទំនើប​ប្រណីត និង​ស្រស់ស្អាត​បំផុត ជាមួយ​អេក្រង់​ស្ទើរ​គ្មាន​គែម និង​កោង​នៅ​គែម​ទាំងសងខាង លាត​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក ផ្តល់នូវ​ភាព​ផ្ដេក​ធំ​ទូលាយ និង​ភាព​បញ្ឈរ​ខ្ពស់ ខណៈដែល​ពណ៌​របស់​វា ត្រូវបាន​បើក​បង្ហាញ លើ​អេក្រង់​ធំ​បំផុត​នៃ​ប្រភេទ phablet និង​ធ្វើ​ឲ្យ​រូបភាព ហាក់ដូចជា​លោត​ផុស​លើ​អេក្រង់ នៅក្នុង​ដៃ​របស់​អ្នក​តែម្តង​។ ចំពោះ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Galaxy Note 9 មាន​សមត្ថភាព​បង្ហាញ​រូបភាព ក្រោម​ពន្លឺ​ថ្ងៃ​បាន​ប្រសើរ និង​ច្បាស់​ល្អ​ជាង​មុន ដែល​មានន័យថា ផ្ទាំង​អេក្រង់​មាន​ពន្លឺ​ភ្លឺ​ជាង​មុន​។

Samsung Galaxy Note 9 មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ទំហំ 12 មេ​ហ្គា​ភិ​ច​ស៊ែ​ល ជាមួយនឹង​កម្រិត Aperture F1.5 មាន​សមត្ថភាព​ថតរូប បាន​កាន់តែ​ស្អាត ប្រកបដោយ​គុណភាព​ខ្ពស់ ទោះ​ក្នុងស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ រួម​នឹង​មុខងារ​ថតរូប​ពិសេស ដូចជា Live Focus និង Bokeh Effects ហើយ​មួយ​គ្រាប់​ទៀត គឺមាន​ទំហំ 12 មេ​ហ្គា​ភិ​ច​សែ​ល (F2.4) សម្រាប់​ថត Portrait និង​មាន​សមត្ថភាព​ទប់​លំនឹង បាន​កាន់តែ​ប្រសើរ​ជាង​មុន​។ កាមេរ៉ា​ក្រោយ នេះ ត្រូវបាន​ក្រុមហ៊ុន​រចនា​បែប​ថ្មី ដែលមាន​រាង​ផ្ដេក​នៅ​ចំ​កណ្ដាល និង​មាន LED Flash សម្រាប់​ជំនួយ​ដល់​ការថត​ពេលយប់ និង​កន្លែង​ដែលមាន​ពន្លឺ​ទាប​រួម​ជាមួយនឹង ការ​រំកិល​ទ្រនាប់​ស្កេ​ន មក​ដាក់​នៅ​ខាងក្រោម បង្គំ​កាមេរ៉ា​ភ្លោះ​វិញ ដើម្បី​ជៀសវាង​ការ​ប៉ះ​កាមេរ៉ា ពេល​ចង់​ស្កេ​ន​ម្រាមដៃ​។

Galaxy Note 9 មាន​បំពាក់​សេន​សឺ លើ​កាមេរ៉ា​ខាងមុខ និង​មានប្រើ​ប្រាស់ មុខងារ​ដោះ​សោ Face Recognition ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ កាន់​តែមាន​សុវត្ថិភាព និង​ទាន់សម័យ​ថែម​មួយកម្រិត​ទៀតផង​ដែរ​។ សម្រាប់​កាមេរ៉ា​មុខ​វិញ Samsung Galaxy Note 9 មានភ្ជាប់​កាមេរ៉ា​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល អម​ជាមួយនឹង​ភ្លើង LED Flash ដែល​ផ្តល់ជូន​អ្នកប្រើប្រាស់​ថតរូប Selfie បាន​យ៉ាង​ស្រស់ស្អាត​បំផុត​។​

បន្ថែម​ពីនេះ Galaxy Note 9 មាន​ទម្ងន់​ធ្ងន់​ជាង Galaxy Note មុនៗ បន្តិច ដោយមាន​ផ្ទុក​ថ្ម​ទំហំ​ដល់ ៤០០០ mAh និង​មាន​ថាមពល​រហូតដល់ ៤០០០mAh កាន់​ថ្ម​បាន ១ ថ្ងៃ សម្រាប់​ការប្រើប្រាស់​ធម្មតា និង​ចាក់​វីដេអូ​បាន ២៣ ទៅ ២៥ ម៉ោង ដែល​នេះ​ជា​ប្រយោជន៍​សំខាន់ ជួយ​ឲ្យ​អ្នក​រីករាយ​បានយូរ ដោយ​គ្មាន​ការរំខាន​។

ជាមួយ​ដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ មាន​សមត្ថភាព​កាន់តែ​ខ្ពស់ជាង​មុន និង​ដើរ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈី​ប Exynos 9810 ភ្ជាប់​ដោយ RAM ទំហំ 6 GB/​មេ​មូ​រី 128 GB ថែមទាំង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់​512GB ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ​។ ​

លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​ថៃ​សាម​សុង អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​ទំនុកចិត្ត និង​ជឿជាក់​យ៉ាងខ្លាំង​ក្លា​បំផុត ទៅលើ​ចំណែក​ទីផ្សារ ក្នុងប្រទេស​កម្ពុជា របស់​ទូរស័ព្ទដៃ​មួយ​នេះ ដែល​អាច​ដណ្តើម​យកបាន មិន​ខុសពី​ជំនាន់​មុនៗ របស់​ត្រកូល Galaxy នោះឡើយ​។ លោក​បាន​បន្ថែមថា Samsung Galaxy Note 9 ដែលជា​ស្មា​ត​ហ្វូ​ន​ក្នុង​ក្ដី​សុបិន របស់​អ្នកប្រើប្រាស់ បាន​នាំមក​នូវ​បទពិសោធ​ថ្មី​មួយកម្រិត​ទៀត ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ដែល​នឹងធ្វើ​ឲ្យ​យើង​ទទួលបាន​ការកម្សាន្ត ដ៏​ល្អឥតខ្ចោះ និង​ឥតរ​ង្គា​ស​ចិត្ត​ឡើយ​។ ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ ជា​ដៃគូ​ជាទី​ពេញចិត្ត​ដែល​នៅពេលដែល​អ្នក​បាន​កាន់​ហើយ មិន​ចង់​ដាក់ចុះ ហើយ​ជា​ស្មា​ត​ហ្វូ​ន ដែល​គួរ​មាន​ក្នុង​ដៃ របស់​អ្នក​ដែល​ចូលចិត្ត​ជីវិត​ស៊ី​វិ​ល័យ និង​ការកម្សាន្ត​ដោយ​ភាពងាយស្រួល​”​។

Samsung Galaxy Note 9 ក៏​ជា​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើប្រាស់ ស៊ីម​បាន​ពីរ​ផងដែរ​និង​មាន​បី​ពណ៌ សម្រាប់​ទីផ្សារ​កម្ពុជា​គឺ​៖ ពណ៌​ខ្មៅ​, ពណ៌​ខៀវ និង​ពណ៌​ទង់ដែង ដោយមាន​ភ្ជាប់​ជាមួយ​នូវ​ប៊ិច S-Pen ដែល​មានការ​លក្ខណៈ​វិវត្តន៍​ជាង​មុន អាច​ឲ្យ​អ្នក​គូស វាស​តាម​ចំណង់ ដែល​ចង់បាន និង​បង្កើតជា​រូប​ភាពរស់រវើក ដែល​យើង ហៅថា Live Message សម្រាប់​ផលិត​រូបភាព GIF ដោយ​ប្រើ​ប៊ិច​គូស​, អាច​កត់ត្រា​បាន​ភ្លាមៗ​នៅលើ Screen និង មុខងារ​បកប្រែ​ភាសា​អក្សរ នៅលើ​រូបភាព​បាន​ទៀតផង​។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ S-Pen​នេះ បំពាក់​នូវ Bluetooth ដែល​អាច​ឲ្យ S-Pen ជា Remote control សម្រាប់​បញ្ជា Slide , ជា​ឧ​បករ​ណ៏​បញ្ជា​សម្រាប់​ថតរូប Selfie និង​កែប្រែ​រូប​ជាដើម​។​​

ទូរស័ព្ទ​នេះ នឹងដាក់​ឲ្យ​ក​ម្ម៉​ង់​ទិញ​ទុក​មុន (Pre-Order) នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី 11 ដល់ 21 សីហា និង​អតិ​ថ​ជន អាច​ទទួលយក​ទូរស័ព្ទ នៅ​ថ្ងៃទី 22 ដល់ 24 សីហា ២០១៨៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684