ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹត្តិការណ៍​Asia Cross Country Rally2018 កម្ពុជា​ដាក់​ក្តី​រំពឹង​ខ្ពស់​លើ​ប្រភេទ​រថយន្ត​ប្រើ​សាំង

កម្ពុជា​រំពឹង​ខ្ពស់ ​ក្នុងការ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​លើ​ប្រភេទ​រថយន្ត​ប្រើ​សាំង សម្រាប់​ការ​ប្រជែង​ក្នុង Asia Cross Country Rally2018​។​

លោក ហ៊ូ សិទ្ធិគុណ ប្រធាន​ក្លឹប​កា​រ៉ា អះអាងថា ក្រុម​រថយន្ត​កម្ពុជា ដែល​ទៅ​ចូលរួម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍ Asia Cross Country Rally2018 ដែលជា​ការរៀបចំ​រួមគ្នា​រវាង ក្រុមហ៊ុន ជប៉ុន ថៃ និង​កម្ពុជា ចាប់ផ្តើម​ពីថ្ងៃ ទី​១៣ ដល់​ថ្ងៃ ១៨ ខែ សីហា​ឆ្នាំ ២០១៨ ក្រុម​រថយន្ត​កម្ពុជា​ដាក់​ក្តី​រំពឹង​ខ្ពស់​លើ​ប្រភេទ​រថយន្ត​ប្រើប្រាស់​ថាមពល​សាំង​ថា​នឹង​អាច​ប្រជែង​ជាប់​ចំណាត់ថ្នាក់​មួយ​ល្អប្រសើរ​ពី​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ក​ម្រឹត​អាស៊ី​មួយ​នេះ។

លោក ហ៊ូ សិទ្ធិគុណ បាន​ថ្លែង បង្ហាញ​ជំនឿ​ចិត្ត​ដូច្នេះ ក្នុង​សន្និសីទ​សារ​ព័ត៌មាន កាលពី​ល្ងាច ថ្ងៃ​ទី​៩ ខែ សីហា នៅ​ភោជនីយដ្ឋាន​ម៉ូតូ​កាហ្វេ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ លោក ថា ព្រឹត្តិការណ៍​មួយ​នេះ ក្រុម​រថយន្ត និង​ក្រុម​ម៉ូតូ​កម្ពុ​ជា​មាន​បទពិសោធន៍​ចូលរួម​ពេញលេញ​បាន​២​លើក​រួចមកហើយ គឺ​នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ហើយ​ឆ្នាំ​២០១៨​ដែល​ជា​លើក​ទី​៣​នេះ កម្ពុ​ជា​សង្ឃឹម​ជឿជាក់ថា នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​ឆ្នាំមុនៗ។

ប្រធាន​ក្លឹប​កា​រ៉ា​រូប​នេះ បញ្ជាក់​ទៀត​ថា ព្រឹត្តិការណ៍ Asia Cross Country Rally2018 ដែល​ធ្វើ​នៅ​លើ​ទឹកដី​ព្រះរាជាណាចក្រ​ថៃ និង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រទេស​ចូលរួម​ប្រជែង​ចំនួន​៩​ប្រទេស ដូចជា ថៃ កម្ពុជា ជប៉ុន ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី ព្រុយ​ណេ តៃវ៉ាន់ និង​ប្រទេស​អូ​ស្រា្ត​លី សរុប​យានយន្ត​មាន​ចូល​រួម​ទាំង​ប្រតិភូ​ចំនួន​១២៧​គ្រឿង ក្នុងនោះ​រថយន្ត​ប្រណាំង​២៥​គ្រឿង និង​ម៉ូតូ​ប្រណាំង​ចំនួន​២៩​គ្រឿង​។ ការប្រកួត​មាន​រយៈពេល​៦​ថ្ងៃ ដោយ​ធ្វើការ​ប្រកួតប្រណាំង​ឆ្លងកាត់​ស្រុក ខេត្ត ក្រុង​នៃ​ប្រទេស​ទាំង​២។

ព្រឹត្តិការណ៍ Asia Cross Country Rally2018 គឺជា​កម្មវិធី​ប្រកួត​លើក​ទី​២៣​សម្រាប់​ការប្រកួត​ក្នុង​តំបន់​អាស៊ី ហើយ​ការប្រកួត​នេះ កម្ពុជា​បាន​បញ្ជូន​ក្រុម​រថយន្ត និង​ម៉ូតូ​ចំនួន​២​ក្រុម ក្នុង​ក្រុម​កា​រ៉ា​រថយន្ត​ប្រណាំង​៣​គ្រឿង ក្រុម​ដា​រ៉ា​បាយ​ស៊ក​បញ្ជូន​ម៉ូតូ​ប្រណាំង​ចំនួន​៤​គ្រឿង​។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asia Cross Country Rally២០១៨​មាន​ចែក​រថយន្ត ជា​៣​ប្រភេទ មានដូចជា ប្រភេទ​រថយន្ត​កែច្នៃ រថយន្ត​ប្រើ​សាំង និង​ប្រភេទ​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684