ព័ត៍មានទាន់​ហេតុការណ៏
Search

​ការប្រៀបធៀប​ស្ថានការណ៍​កម្ពុជា​ ទៅនឹង​សម័យ​ «​សង្គ្រាមត្រជាក់​» ​មិន​ត្រឹមត្រូវ​ឡើយ​

​យោងតាម​សព្ទ​វចនាធិប្បាយ វី​ឃី​ភី​ឌា បន្ទាប់ពី​សង្គ្រាមលោកលើកទី​២​ បាន​បញ្ចប់ទៅ ភាព​តានតឹង​ផ្នែក​នយោបាយ​ភូមិសាស្ត្រ បាន​រុញច្រាន​ពិភពលោក​ចូលទៅក្នុង​សង្គ្រាមត្រជាក់​ រវាង​ប្លុក​ខាងកើត ដែលមាន​សហភាពសូវៀត និង​រដ្ឋ​ជា​រណប​នានា ជាមួយនឹង​ប្លុក​ខាងលិច ដែលមាន​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​ ក្នុង​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិច​ខាងជើង ឬ​អង្គការ​ណា​តូ (NATO)​។

​អ្នកប្រវត្តិសាស្ត្រ បាន​ឯកភាព​ថា ​សម័យ​សង្គ្រាមត្រជាក់​ បាន​អូសបន្លាយចាប់តាំងពី​ឆ្នាំ​១៩៤៧​ នៅពេលដែល​សហរដ្ឋអាមេរិក​ បានប្រកាស​ផ្តល់ជំនួយ​ ដល់​ប្រជាជាតិ​ដែល​ទទួលរង​ ការគំរាមកំហែង​ដោយ​សហភាពសូវៀត រហូតដល់​ឆ្នាំ​១៩៩១ នៅពេលដែល​របប​កុម្មុយនីស្ត​ បាន​ដួលរលំនៅ​អឺរ៉ុប​ខាងកើត​។​​

​សង្គ្រាមត្រជាក់ បានធ្វើឱ្យ​សម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​សហភាពសូវៀត ប្រឆាំងនឹង​ពួក​ហ្វា​ស៊ី​ស​អាល្លឺម៉ង់ ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី​២ ត្រូវ​ប្រេះឆា​។ សហភាពសូវៀត គឺជា​រដ្ឋ​ប្រកាន់យក​លទ្ធិ​ម៉ាក្ស​លេនីន ដឹកនាំ​ដោយ​បក្ស​កុម្មុយនីស្ត ដែល​គ្រប់គ្រង​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់​។ បក្ស​កុម្មុយនីស្ត​នេះ ក៏​គ្រប់គ្រង​ទៅលើ​ប្លុក​ខាងកើត​ផងដែរ ដោយ​ផ្តល់​មូលនិធិ​ដល់​បក្ស​កុម្មុយនីស្ត​ដទៃទៀត​។​​

​ទន្ទឹមនឹងនេះ ក៏មាន​ប្លុក​អ​ព្យា​ក្រិ​ត្យ​មួយ ហៅថា​ «​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​» ដែល​ប្រទេស​កម្ពុជា ​ធ្លាប់ជា​សមាជិក​ក្នុងសម័យ​សង្គមរាស្ត្រនិយម​ដែរនោះ​។ ប្លុក​អ​ព្យា​ក្រិ​ត្យ​នេះ បាន​ព្យាយាម​បង្កើត​ទំនាក់ទំនង​ល្អ ជា​មួយ​ភាគី​ទាំងសងខាង ទាំង​ប្លុក​ខាងលិច និង​ប្លុក​ខាងកើត​។ ប៉ុន្តែ ប្រទេស​កម្ពុជា​ ត្រូវ​បង្ខំ​ខ្លួន​ចូលក្នុង​ប្លុក​ខាងកើត ក្នុង​សម័ស​ង្គ្រា​ម​ត្រជាក់ បន្ទាប់ពី​ប្រទេស​កម្ពុជា​ ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម រហូតដល់​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។​

​អស់​រយៈពេល​ ២៧​ឆ្នាំ ​ក្រោយពី​សង្គ្រាមត្រជាក់​បាន​បញ្ចប់ទៅ និង​ក្រោយពេល​ប្រទេស​កម្ពុជា ​ទើបតែ​បានបញ្ចប់​ការបោះឆ្នោត​សកល ​អាណត្តិ​ទី​៦​នាពេល​ថ្មីៗ​នេះ មាន​អ្នកវិភាគ​នយោបាយ​សម័យ​ថ្មី ​បាន​វិភាគ​ថា ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន អាច​អូសទាញ​ប្រទេស​កម្ពុជា​ ចូលទៅក្នុង​វិបត្តិ​សង្គ្រាមត្រជាក់​ជាថ្មី​។​

​យោងតាម​សេចក្តីរាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី ផ្សាយ​នៅ​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៨​នេះ «​អ្នកជំនាញ​នយោបាយ​ការបរទេស​» បាន​ព្រមាន​ថា វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត ដែល​ត្រូវបាន​សហគមន៍ជាតិ និង​អន្តរជាតិ ចាត់ទុកថា​ជាការ​បោះឆ្នោត «​ក្លែងក្លាយ​» កំពុងតែ​អូសទាញ​កម្ពុជា ឱ្យ​ធ្លាក់​ផុង​ជ្រៅ ​ទៅក្នុង​វិបត្តិ​សង្គ្រាមត្រជាក់​សារជាថ្មី​។

​ពួកគេ​បាន​និយាយថា ប្រសិនបើ​វិបត្តិ​នេះ នៅតែ​បន្ត​អូសបន្លាយ នោះ​អាច​នឹង​ធ្វើឱ្យ​កម្ពុជា​ ជួប​គ្រោះមហន្តរាយ​កាន់តែខ្លាំង  ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​ មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ រវាង​ខ្មែរ និង​ខ្មែរ ឱ្យបាន​ឆាប់រហ័ស​នោះទេ​។

​អ្នកវិភាគ​ទាំងនេះ បាន​លើកឡើងថា ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ រួមមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បានបញ្ជាក់​ច្បាស់ៗ​ថា ការបោះឆ្នោត​នេះ​ពុំមាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ ហើយ​ថា​លទ្ធផល​ នៃ​ការបោះឆ្នោត​នេះ​ មិនអាច​ទទួលយក​បានឡើយ​។ ដោយឡែក ក្រុម​ប្រទេស​កុម្មុយនីស្តនិយម រួមមាន ចិន និង​រុស្ស៊ី បានប្រកាស​ទទួលស្គាល់​ ការបោះឆ្នោត​នេះ​ថា មាន​ភាពសេរី ត្រឹមត្រូវ និង​អាច​យកជាការបាន​។ ​

ទោះបីជា​យ៉ាងណាក្តី កាសែត​កម្ពុ​ជាថ្មី ​យល់ឃើញថា​ ការវិភាគ​របស់ ​«​អ្នកជំនាញ​នយោបាយ​ការបរទេស​» ​ដែលថា​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា អាច​អូសទាញ​កម្ពុជា​ ចូលក្នុង​វិបត្តិ​សង្គ្រាមត្រជាក់​ជាថ្មី​នោះ ពិតជា​មិន​ត្រឹមត្រូវ​នោះឡើយ​។​

​តើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប សុខចិត្ត​ប្រឈមមុខ​ នឹង​ប្រទេស​មហាអំណាច​ចិន និង​រុស្ស៊ី ដោយ​បោះបង់​ទីផ្សារ​សេដ្ឋកិច្ច ​ដ៏​ធំ​នៅ​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ ដោយសារ​ពួកគេ​គាំទ្រ ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ងាក​មក​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​កម្ពុជា ឬ​យ៉ាងណា​?

​ទន្ទឹមនឹងនេះ ការដែល​គេ​រិះគន់ថា​ ការបោះឆ្នោត​សកល​នៅក្នុង​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​កន្លងមកនេះ ថា​ជាការ​បោះឆ្នោត​ «​ក្លែងក្លាយ​»​នោះ ក៏​មិនមែនជា​ការពិត​នោះឡើយ​។ ជាការ​ពិតណាស់ គ្មាន​ប្រទេស​ណាមួយ​ ចំណាយលុយ​ជាច្រើន​លាន​ដុល្លារ គ្រាន់តែ​ជាការ​លេងសើច​នោះឡើយ ហើយ​ប្រទេស​ជាច្រើន​ ក៏​មិនមែន​ជួយផ្តល់​ថវិកា និង​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត ​មក​ប្រទេស​កម្ពុជា​នោះឡើយ​។​

​តាមពិតទៅ ក្រុម​អ្នកធ្វើការងារ​ផ្នែក​ការបោះឆ្នោត អាច​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ ដែ​ហៅ​ជា​ភាសា​អង់គ្លេស​ថា (mock election) នោះ ដើម្បី​អប់រំ​ប្រជាពលរដ្ឋ និស្សិត ឬ​សិស្សានុសិស្ស អំពី​អ្វី​ទៅជា​ការបោះឆ្នោត និង​ថា​តើ​ការបោះឆ្នោត​ គេ​រៀបចំ​ដូចម្តេច​នោះ​។ ប៉ុន្តែ គេ​គ្រាន់តែ​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​បែបនេះ​ ក្នុងចំណោម​ប្រជាពលរដ្ឋ ឬ​មនុស្ស​មួយចំនួន​តូច ដោយ​ចំណាយ​ថវិកា​បន្តិចបន្តួច​តែប៉ុណ្ណោះ​។

​ការ​សែត​កម្ពុ​ជាថ្មី យល់ឃើញថា​ ក្រុមអ្នកវិភាគ​នយោបាយ ឬ​អ្នកសារព័ត៌មាន​ទាំងអស់ គួរ​ឈប់​ហៅ​ការបោះឆ្នោត​ នៅក្នុង​ប្រទេស​កម្ពុជា​កន្ល​ង​មកនេះ​ ថា​ជាការ​បោះឆ្នោត​«​ក្លែងក្លាយ​»​ទៀត​ទៅ​។ ក្រៅពីនេះ ក្រុមអ្នកវិភាគ​នយោបាយ ក៏​គួរ​ឈប់​លើកយក​បញ្ហា ​នៃ​សង្គ្រាមត្រជាក់​មក​ប្រៀបធៀប​ ជាមួយនឹង​ស្ថានភាព​នយោបាយ​ នៅ​ក្នុ​ងប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន​នេះដែរ​។​​

ជាការ​ពិតណាស់ គ្មានអ្វី​គួរឱ្យ​ឆ្ងល់​នោះទេ គ្មាន​ការបោះឆ្នោត​ណាមួយ​នៅ​កម្ពុជា ​ក្នុងពេល​៥​អាណត្តិ​កន្លងមកនេះ ដែល​មិនមាន​ការរិះគន់​ពី​អន្តរជាតិ និង​ការប្រឆាំង​តវ៉ា​ ពី​គណបក្ស​ដែល​ចាញ់ឆ្នោត​នោះឡើយ​។ ប៉ុន្តែ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​អាច​ទម្លាយ​ភាពទ័លច្រក​ ផ្នែក​នយោបាយ​ទាំងអស់នេះ ដូចជា​ក្រោយពេល​ភ្លៀង មេឃ​ស្រឡះ​ដូច្នេះ​ដែរ​៕ (បទ​វិចារណកថា​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684