ព័ត៍មានទាន់​ហេតុការណ៏
Search

ពលករ​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ ត្រូវ​ទាហាន​ឈុត​ខ្មៅ​ចាប់ខ្លួន​៥​នាក់

បាត់ដំបង​ ៖​ ពលករ​ខ្មែរ​ចំនួន​៥​នាក់ នៅក្នុង​ចំណោម​ពលករ​រាប់​រយ​នាក់ ដែល​បាន​ឆ្លងដែន​ចូល​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ( ចូល​ព្រឹក វិល​ល្ងាច ) ត្រូវ​បាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ដេញ​ស្ទាក់​និង​ចាប់​ខ្លួន​បាន ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​ស្ថានីយ​តម្រួត​ខេត្ត​ច័ន្ទ​បុរី ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់ បន្ទាប់ពី​ពួកគេ​ទាំងអស់គ្នា​បាន​ចូល​ទៅ​បាញ់ថ្នាំ​លើ​ព្រៃឈើ​ក្នុង​តំបន់ហាមឃាត់។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ មាន​ពលករ​ខ្មែរ​មិនតិចជាង​៣០០​នាក់​ឡើយ បាន​ចូលទៅ​ទិញ​សំបុត្រ​ឆ្លងដែន ដែលមាន​តម្លៃ ១០០០ រៀល នៅ​ចំណុច​ច្រករបៀង បឹង​ឆ្នាំង ហៅ​ច្រក​ព្រះពុទ្ធ ស្ថិតក្នុង​ទឹកដី​ស្រុក​កំរៀង ខេត្តបាត់ដំបង ក្នុង​គោលបំណង​ចូលទៅ​ធ្វើ​ការអោយ​ជនជាតិ​ថៃ ដោយសារ​តែមាន​ថៅកែ​ថៃ​មក​ចាំ​ទទួល​ និង​ដឹក​យកទៅ​ធ្វើការ​ផងដែរ។​

នៅពេល​នោះ​ដែរ ថៅកែ​ថៃ​បាន​យក​ពលករ​ខ្មែរ​ទាំង​អស់​នោះ ចូល​ទៅ​កាន់​ខេត្ត​ច័ន្ទ​បុរី​ ព្រមទាំង​បាន​នាំ​ឆ្លងកាត់​ភ្នំ​ អោយ​ទៅ​បាញ់ថ្នាំ​សម្លាប់​ស្មៅ​នៅ​លើ​ខ្សែ​បន្ទាប់​ព្រំដែន ខេត្ត ច័ន្ទ​បុរី និង ខេត្ត​ត្រាត ដោយ​ថៅកែ​បាន​ដកខ្លួន​មក​សំងំសុខ​នៅក្នុង​ខេត្ត ច័ន្ទ​បុរី ធ្វើ​ព្រងើយ ​គឺ​នៅ​ពេល​នោះ​ហើយ ដែល​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ដេញ​ចាប់​ពួកគេ​តែម្តង ដោយសារ​តែ​តំបន់​នេះ​ គឺជា​ព្រៃ​ក្នុង​តំបន់ហាមឃាត់។

ក្រោយពី​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​ការ​ចាញ់បោក​ពួក​ថៅកែ​ថៃ​ ទើប​ពួកគេ​នាំគ្នា​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយឡែក​ពលករ​ចំនួន ៥ នាក់ ត្រូវ​បាន​ចាប់ខ្លួន ​ ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ ដើម្បី​សាកសួរ ដែល​បញ្ហា​នេះ​គឺ​សុទ្ធ​សឹង​ជា​ករណី​ខុសច្បាប់​ទាំងអស់ ទាំង​ការ​ឆ្លងដែន​ ក៏ដូចជា​ការ​ទន្ទ្រាន​ដី​តំបន់ហាមឃាត់​យ៉ាង​ដូច្នេះ​ដែរ ដែល​ច្រករបៀង​ខាង​លើ​នេះ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​ វរៈ ៥០៤ និង នគរបាល ការពារ​ព្រំដែន​គោក​លេខ ៨១៩។

លោក ប៉ាន់ សុធា មេបញ្ជាការ វរៈ ៥០៤ បាន​លើកឡើង​ថា ករណីនេះ លោក​បាន​ទាក់ទង​ទៅ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន កម្ពុជា ថៃ ហើយ ដោយ​លោក​បាន​ចាត់តាំង​រង​របស់​លោក​អោយ​សហការ​ជាមួយ​ នគរបាល វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ដើម្បី​ចុះទៅ​កាន់​ទីតាំង​កើតហេតុ ក្នុងការ​សាកសួរ​ព័ត៌មាន និង​ស្នើសុំ​យក​ពលករ​ទាំងនោះ​មក​កម្ពុជា វិញ ដោយសារតែ​បញ្ហា​នេះ វា​គឺជា​កំហុស​របស់​ថៅកែ​ថៃ​តែប៉ុណ្ណោះ។

ដោយឡែក​លោក មេបញ្ជាការ ៨១៩ បាន​អះអាងថា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​ភាគី​ថៃ ដោយសារតែ​វា​មិន​មែន​ជា​កំហុស​របស់​ពលករ​ខ្មែរ​ ដូច្នេះ​ភាគី​ថៃ​ក៏បាន​ឯកភាព ដោយ​បាន​សន្យា​ថា នឹង​បញ្ជូន​មក​កម្ពុជា​វិញ ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684