ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​បង្ហោះ​សារ​ «​ម្រាមដៃ​ស្អាត​» ​លើ​បណ្តាញ​សង្គម​ មិនមែនជា​សេរីភាព ​បញ្ចេញមតិ​ឡើយ​

​កាសែត​កម្ពុ​ជាថ្មី សូម​ចូលរួម​អបអរសាទរ​ ចំពោះ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា ​ជំនុំជម្រះ​នៃ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការបោះឆ្នោត ដែល​បាន​បន្ថយ​ការផាកពិន័យ​ ដល់​អតីត​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត ​នៅ​ខេត្តបាត់ដំបង​នោះ​។​

​គួរ​បញ្ជាក់ថា អតីត​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ២​នាក់ បានទទួល​ការបន្ថយ​ ការផាកពិន័យ​ត្រឹម​ ៥​លាន​រៀល និង​លើកលែង​ផាកពិន័យ​ ២​នាក់ ចំណែក​បុគ្គល​ម្នាក់ទៀត​ នៅ​រក្សា​ការផាកពិន័យ​ ១០​លាន​រៀល​ដដែល បន្ទាប់ពី​បើកសវនាការ ​កាលពី​ថ្ងៃ​ទី​៨​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​លោក ស៊ិ​ក ប៊ុន​ហុក ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានធ្វើការ​ប្រកាសសេចក្តី​សម្រេច​នេះ បន្ទាប់ពី​ភាគី​ចុង​ចម្លើយ​ទាំង ​៥​នាក់ ​បាន​ប្តឹង​ជំទាស់​ នឹង​សេចក្តីសម្រេច​របស់​ប្រធាន​គណៈកម្មការ​ ​រៀបចំ​កា​របោះ​ឆ្នោត​ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៦​ខែកក្កដា ដែល​សម្រេច​ឲ្យ​ពួកគេ ​ម្នាក់ៗ​បង់​សំណង​ ១០​លាន​រៀល ក្រោយ​មាន​បណ្ដឹង​ពី​លោក ពី​វ ហូ​យ ជំទប់​ទី​២ ឃុំ​អន្លង់​វិល ស្រុក​សង្កែ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ពីបទ «​រារាំង​ពលរដ្ឋ​ មិន​ឱ្យទៅ​បោះឆ្នោត​» ​នោះ​។​

​កាសែត​កម្ពុ​ជាថ្មី ​យល់ឃើញថា សេចក្តីប្រកាស​របស់​ប្រធាន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ គឺជា​សេចក្តីសម្រេច​ដ៏​ត្រឹមត្រូវ ក្នុងការ​បន្ធូរបន្ថយ ​នូវ​ការផាកពិន័យ​ ចំពោះ​អតីត​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាញ់​ឃោសនា និង​ការ​ញុះញង់​របស់​អតីតមន្ត្រី​ គណបក្សប្រឆាំង​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​នោះ​។​

​ទោះបីជា​យ៉ាងណា កាសែត​កម្ពុ​ជាថ្មី ​យល់ឃើញថា​ ការ​បង្ហោះ​សារ​នៃ​យុទ្ធនាការ ​«​ម្រាមដៃ​ស្អាត​» ​ដែល​ «​រារាំង​ពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត​» ​នោះ មិនមែនជា​ការអនុវត្ត​ សេរីភាព​បញ្ចេញមតិ ដូច​មានចែង​នៅក្នុង​មាត្រា ​៣១ ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះឡើយ​។​

​ជាការ​ពិតណាស់ ទន្ទឹមគ្នា​នឹង​ការអនុវត្ត​សិទ្ធិ និង​សេរីភាព ប្រជាពលរដ្ឋ​ម្នាក់ៗ ​ក៏ត្រូវ​មានការ​ទទួល​ខុសត្រូវ​ផងដែរ ហើយ​ពួកគេ​ក៏​មិន​ត្រូវ ធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព​របស់​អ្នកដទៃ ដូច​មានចែង​នៅក្នុង​ ច្បាប់​គណបក្សនយោបាយ ច្បាប់បោះឆ្នោត និង​ច្បាប់​ដែល​ពាក់ព័ន្ធ​ដទៃទៀត​។​

​ម្យ៉ាងវិញទៀត ការ​បង្ហោះ​សារ ​នៃ​យុទ្ធនាការ​ «​ម្រាមដៃ​ស្អាត​» គឺជា​ទង្វើ​មួយ​ ដែល​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ របស់​ពួកគេ ក្នុងនាម​ជា​ពលរដ្ឋ​ល្អ ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​។​

​គួរបញ្ជាក់​ផងដែរ​ថា លោក ស៊ិ​ក ប៊ុន​ហុក បាន​និយាយថា​ ក្រុមប្រឹក្សា​ជំនុំជម្រះ ​បាន​តម្កល់​សេចក្ដីសម្រេច ​របស់​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត ​ខេត្តបាត់ដំបង ប៉ុន្ដែ​ត្រូវ​កែប្រែ​ចំណុច ៣ ដោយ​សម្រេច​ផាកពិន័យ​ ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ក្នុង​ម្នាក់ៗ ដោយ​មិនទាន់​គិត ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ឈ្មោះ ថោង សារឿន និង គ្រុយ គឹម​សាំង ហើយ​លើកលែង​ការផាកពិន័យ​ឈ្មោះ ពៅ តាំង និង ម៉ាង ឈុន និង​ឈ្មោះ ជា ជីវ ត្រូវ​ទទួល​ការផាកពិន័យ​ ចំនួន ​១០​លាន​រៀល​ដដែល​។​

​ទន្ទឹមនឹងនេះ លោក សួន ចំរើន តំណាងឱ្យ​ជន​ត្រូវ​ចោទ​ទាំង​៥​នាក់ បាន​និយាយថា​ ការសម្រេច​ឱ្យ​ពួកគាត់​បង់លុយ ​ដ៏​ច្រើន​លើសលប់​ ធ្វើ​ឲ្យ​ពលរដ្ឋ​ដែលជា​អ្នកក្រីក្រ​ទាំងនេះ​គ្មាន​លទ្ធភាព ហើយ​លោក​បាន​ទ​ទួ​ច​ឱ្យ ​អង្គជំនុំជម្រះ​គួរ​ទម្លាក់​បទ​ចោទ​ទាំងស្រុង​។​

«​វា​គ្រាន់តែ​ជា​រឿង​តូច​មួយ ហើយ​បែរជា​មក​ដាក់បន្ទុក​ ម​កលើ​ពលរដ្ឋ​ក្រីក្រ​ឱ្យ​រកលុយ ១០ លាន​រៀល​ មក​បង់​ឱ្យ​ខ្លួន​ទៀត តើ​ពួកគាត់ ​ទៅរក​លុយ​ហ្នឹង​ពី​ណា​មក​? លុយ​៥ ឬ​១០​លាន​រៀល វា​ច្រើនណាស់​សម្រាប់​ ពលរដ្ឋ​ក្រីក្រ​ដូច​ពួកគាត់ សូមជួយ​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​ផង​» លោក សួន ចំរើន បាន​ត្អូញត្អែរ​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ ចេញផ្សាយ​នៅ​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​បើ​ស្តាប់ទៅ វា​គួរឱ្យ​អាណិត​ប្រជាពលរដ្ឋ​ «​ក្រីក្រ​»​ទាំងនោះ​ណាស់​។ ប៉ុន្តែ កាសែត​កម្ពុ​ជាថ្មី​គិតថា​ ប្រជាពលរដ្ឋ​ទាំងនោះ​មិនគួរ​ក្រទាំង​គំនិត​នោះទេ ដោយ​បណ្តោយ​ខ្លួន ​ឱ្យ​ចាញ់​ការឃោសនា និង​ការ​ញុះញង់​របស់ ​អតីតមន្ត្រី​គណបក្សប្រឆាំង​ នៅក្រៅ​ប្រទេស​នោះ​។​

​តាមពិតទៅ គ្មានអ្វី​គួរឱ្យ​សង្ស័យ​នោះទេ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស តែងតែ​ធ្វើការ​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​ «​ម្រាមដៃ​ស្អាត​»​ ស្អី​គេ​នោះ ដោយ​មិនមាន​ការទទួលខុសត្រូវ​នោះឡើយ ពីព្រោះ​ពួកគេ​ដឹងថា​ ពួកគេ​នឹង​រួចខ្លួន ដោយ​ទុកឱ្យ​ប្រជា​ពល​ដ្ឋ ​នៅក្នុង​ប្រទេស​រងគ្រោះ និង​ «​ទទួលថ្មបាក់​»​ជំនួស​ពួកគេ​នោះ​។

​ដូច​លោក ហម មន្នី មេធាវី​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង ការលើក​ម្រាមដៃ​មួយ​ ដែល​មិន​ជ្រលក់​ទឹក​ថ្នាំ​នៅពេល​បោះឆ្នោត គឺជា​សញ្ញា​នៃ​យុទ្ធនាការ «​ម្រាមដៃ​ស្អាត​» ព្រម​គ្នា​នឹង​សកម្មភាព​មួយទៀត «​ដេក​ផ្ទះ​ឈ្នះ​ឯង​» ដែល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​សមាជិក​ខ្លួន​ធ្វើពហិការ​ មិន​ទៅ​ចូលរួម​បោះឆ្នោត​ផងដែរ​។​

​ទន្ទឹមគ្នា​នឹង​ការបន្ធូរបន្ថយ ​ការផាកពិន័យ​ដោយ​លោក ស៊ិ​ក ប៊ុន​ហុក ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការបោះឆ្នោត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ កាសែត​កម្ពុ​ជាថ្មី​ សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដទៃទៀត​ កុំឱ្យ​ចាញ់​ការឃោសនា និង​ការ​ញុះញង់​របស់​អតីត មន្ត្រី​គណបក្សប្រឆាំង​តទៅទៀត​៕ (បទ​វិចារណកថា​ ដោយ កាសែត​កម្ពុ​ជាថ្មី​)​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684