ព័ត៍មានទាន់​ហេតុការណ៏
Search

​អន្តរជាតិ​មិនគួរ​បិទ​ភ្នែក ​ការបន្លំ​សន្លឹកឆ្នោត​នៅ​អាមេរិក ហើយ​ជ្រៀតជ្រែក​ការបោះឆ្នោត ​នៅ​កម្ពុជា​ឡើយ​

យោងតាម​សេចក្តីរាយការណ៍​ របស់​សារព័ត៌មាន ឌឹ ហ្គា​ឌា​ន (The Guardian) របស់​អង់គ្លេស ចេញផ្សាយ​នៅ​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៧ នៅពេលដែល​លោក គ្រី​ស កូ​ប៊ែ​ច (Kris Kobach) បាន​ឈរឈ្មោះ​ជា​បេក្ខជន​ មកពី​គណបក្ស​សាធារណរដ្ឋ​ ប្រចាំ​រដ្ឋ​ខាន់​សាស (Kansas) នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១០ លោក​បាន​រកឃើញថា​ មាន​ភស្តុតាង​ជាច្រើន ​ដែល​បញ្ជាក់ថា ​ជនជាតិ​អាម​រិ​កាំ​ង​រាប់ពាន់នាក់​ នៅក្នុង​រដ្ឋ​ខាន់​សាស បាន​លួច​បន្លំ​យកឈ្មោះ​មនុស្ស​ផ្សេង​មក​បោះ​ឆ្នោត ដែលជា​ល្បិច​មួយ​ដែល​គេ​ហៅថា «​ការបោះឆ្នោត​ខ្មោច​» (ghost voting)​។​​

​ប្រាំពី​ឆ្នាំ​ក្រោយមក នៅពេលដែល​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ជាប់ឆ្នោត​ជា​ប្រធានាធិបតី ហើយ​លោក គ្រី​ស កូ​ប៊ែ​ច ក្លាយជា​អភិបាលរដ្ឋ ខាន់​សាស នោះ សមាជិក​គណបក្ស​សាធារណរដ្ឋ​រូបនេះ នៅតែ​អះអាងថា​ មានការ​បន្លំ​សន្លឹកឆ្នោត​ពី​ ​៣​លាន​ ទៅ​ ៥​លាន​សន្លឹក ដែល​និស្សិត​បាន​លួច​បោះឆ្នោត​ពីរដង ហើយ​អ្នក​គ្មាន​សញ្ជាតិ​អាមេរិក បាន​លួច​បោះឆ្នោត​គាំទ្រ ​អ្នកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton)​។

​ទន្ទឹមនឹងនោះ គណបក្ស​ប្រជាធិបតេយ្យ​ របស់​អ្នកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ក៏បាន​ចោទប្រកាន់ថា ​សហព័ន្ធរុស្ស៊ី​​ ក៏បាន​ជ្រៀតជ្រែក​ចូលទៅក្នុង​ការបោះ​ឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៦​ផងដែរ ដើម្បី​បង្កើត​ «​អស្ថេរភាព​នយោបាយ​»​ នៅ​សហរដ្ឋអាមេរិក និង​បំផ្លាញ​យុទ្ធនាការ​បោះឆ្នោត ​របស់​ភរិយា​អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន​។​

​ទោះបីជា​មានការ​ចោទប្រកាន់​គ្នា ​ទៅវិញទៅមក​ រវាង​គណ​បក្សនយោបាយ​ធំៗ​ទាំងពី​រ របស់​សហរដ្ឋ​អាមេរិក​ក្តី លទ្ធផល​នៃ​ការបោះឆ្នោត​ ត្រូវបាន​គេ​ទទួលយក ហើយ​គេ​បានប្រកាស​ជ័យជម្នះ​ទៅ​លោក ដូ​ណា​ល់ ត្រាំ មកពី​គណបក្ស​សាធារណរដ្ឋ ដោយ​មិនមាន​ការទាមទារ​ ឱ្យមាន​ការរៀបចំ​ការបោះ​ឆ្នោត ​ឡើងវិញ​នោះឡើយ​។​​

ជាការ​ពិតណាស់ ក្នុងនាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​មូលធននិយម សហរដ្ឋអាមេរិក​ ប្រាកដជា​មិន​ទៅ​ឆោតល្ងង់​ដល់​ទៅ​ រៀបចំ​ការបោះឆ្នោត​ម្តង​ទៀតឡើយ ពីព្រោះ​សហរដ្ឋអាមេរិក ​បាន​ចំណាយ​ថវិកា​រហូតដល់ ​៦៥០០​លាន​ដុល្លារ ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី និង​ការបោះឆ្នោត​សភា នៅ​ឆ្នាំ​២០១៦​នេះ​។​

​ផ្ទុយទៅវិញ នៅ​ចម្ងាយ​ប្រមាណ​ជា​ ១៤០០០​គីឡូម៉ែត្រ​ ពី​សហរដ្ឋអាមេរិក នៅ​ប្រទេស​កម្ពុជា​ឯណេះ​វិញ គណកម្មាធិការ​រៀបចំ​ការបោះឆ្នោត​កម្ពុជា​ ក៏បាន​រៀបចំ​ការបោះឆ្នោត​ ជ្រើស​ជ្រើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ កន្លងមក​នេះដែរ​។​​

ប៉ុន្តែ អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ ទាំង​មុនពេល និង​ក្រោយពេល​បោះឆ្នោត ទាំង​សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត បាន​ព្រួត​គ្នា​វាយប្រហារ និង​រិះគន់​ទៅលើ​ដំណើរការ​បោះឆ្នោត ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ថែមទាំង​ទាមទារ​ឱ្យ​ប្រទេស​កម្ពុជា​ក្រីក្រ​នេះ ​រៀបចំ​ការបោះឆ្នោត​នេះ​ឡើងវិញ​ទៀតផង​។​

​​អ្វីដែល​គួរឱ្យ​អស់សំណើច​នោះ បណ្តា​ប្រទេស​នៅក្នុង​សហគមន៍​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​ ដែល​បាន​រិះគន់​ការបោះឆ្នោត​ នៅក្នុង​ប្រទេស​កម្ពុជា​នោះ មិនបាន​រិះគន់​ការបន្លំ​សន្លឹកឆ្នោត និង​ភាពមិនប្រក្រតី​ នៃ​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក  កាលពី​ឆ្នាំ​២០១៦​នោះឡើយ ហើយ​ពួកគេ​ក៏​មិនបាន​ទាមទារ​ឱ្យ ​សហរដ្ឋអាមេរិក​រៀបចំ​ការបោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី​នៅពេលនោះ​ឡើងវិញ​ដែរ​។​​

​ជាការ​ពិតណាស់ ដូច​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​ នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់លោក ប្រតិកម្ម​នានា​របស់​ប្រទេស ​សហគមន៍​អន្តរជាតិ​ទាំងនោះ គឺជា «​វប្បធម៌​លូកដៃ ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​» ដោយ​មិន​គិតថា​ កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ​មាន​អធិបតេយ្យ និង​មិន​គិតពី​ការគោរព​ អនុវត្តតាម​ធម្មនុញ្ញ ​អង្គការសហប្រជាជាតិ ដែល​ហាម​មិនឱ្យ​ បណ្តា​ប្រទេស​នានា​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង ​បណ្តា​ប្រទេស​ផ្សេង​ជា​សមាជិក​នោះឡើយ​។

«​តាម​ការលើកឡើង ​រប​ស់ជន​បរទេស​ខ្លះ ​ហាក់ដូចជា​ឈឺឆ្អាល​នឹង​រឿង​កម្ពុជា​ណាស់ ឈឺឆ្អាល​រឿង​កម្ពុ​ជា ជាង​ប្រជាជន​កម្ពុជា​ទៅទៀត​។ ពួកគេ​ធ្វើខ្លួន​ស្នេហា​ខ្មែរ​ជាង​ខ្មែរ​។ ប៉ុន្តែ​ការនិយាយ​ថា ​ស្នេហា​ខ្មែរ​ជាង​ខ្មែរ វា​គ្រាន់តែ​ជា​លេស ដើម្បី​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ របស់កម្ពុជា​ដោយ​រំលោភ​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា​តែប៉ុណ្ណោះ​។ អាកប្បកិរិយា​ របស់​ជ​ន​បរទេស​បែបនេះ ​បង្ហាញឱ្យឃើញ​នូវ​គំនិត​ចក្រ​ព​តិ្ត​និយម ​នៅតែ​ស្ថិតនៅក្នុង​ខួរក្បាល និង​វប្បធម៌​ចង់​ឈ្លានពាន​គេឯង​តែប៉ុណ្ណោះ​។​» លោក សុខ ឥសាន​បាន​សរសេរ ​នៅក្នុង​តេ​ឡេ​ក្រាម​របស់លោក​។​​

លោក​បាន​សរសេរ​បន្ត​ថា​៖ «​ម្យ៉ាងទៀត​ ជនបរទេស​នោះ ​ច្រើនតែ​ច្រណែន​នឹង​ នយោបាយ​ការបរទេស​កម្ពុជា ហើយ​ចង់​ដាក់​គំនាប​មកលើ​កម្ពុជា​ មិន​ឱ្យមាន​សិទ្ធិ​ធ្វើ​អ្វី​ តាម​សិទ្ធិ​ស្វ័យ​សម្រេច​របស់ខ្លួន​បាន ដោយសារតែ​ប្រកាន់​និន្នាការ​ មនោគមន៍វិជ្ជា​សកលលោក​។ ផ្ទុយទៅវិញ​ បើ​គេ​ពិត​ជាមាន​ចេតនា​ល្អ ​ចំពោះ​កម្ពុជា​ គេ​គួរតែ​បង្កើន​ការជួយឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ឱ្យ​ស្មើ ឬ​លើស​ភាគី​ដៃគូ​ម្ខាង​ទៀត ទើប​ត្រឹមត្រូវ មិនត្រូវ​រារាំង និង​ទប់ស្កាត់​ មិន​ចង់ឱ្យ​កម្ពុ​ជាមាន​ទំនាក់ទំនង​ ជាមួយ​បណ្តា​ប្រទេស​ក្រៅពី​ខ្លួន ដើម្បី​ចង់យក​កម្ពុជា​ ធ្វើជា​ចំណាប់ខ្មាំង​ផ្តាច់មុខ​ របស់ខ្លួន​នោះទេ​។​»

​ដូច​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​គូសបញ្ជាក់ ទង្វើ​របស់​ប្រទេស​ ដែល​ចេញ​សេចក្តីថ្លែងការណ៍​ ថ្កោលទោស​ប្រទេស​កម្ពុជា​នោះ «​មិន​ខុស​អី​នឹង​កូនក្មេង​ទាស់​គ្នា ហើយ​ហាម​មិនឱ្យ​អ្នកដទៃមាន​ទំនាក់ទំនង​ ជាមួយ​ដៃគូ​ទំនាស់​នោះឡើយ​។ ជនបរទេស​ មិនគួរ​ចេះ​ឈឺឆ្អាល​រឿង​កម្ពុជា​ទេ គិតតែ​ប្រទេស​ខ្លួនឯង​ទៅ​ មាន​សត្រូវ​ជុំ​ទិស ហើយ​ភេរវកម្ម​នៅជាប់​ខ្លួន​មិន​គិត ​បែរមក​ចេះ​គិត​រឿង​អ្នកដទៃ​ ដែល​កំពុងមាន​សន្តិភាព​ ស្ថិរភាព​នយោបាយ ប្រជាជន​កំពុង​សប្បាយរីករាយ ​ក្នុង​ជីវភាព​រស់នៅ​ ប្រកបដោយ​ក្តីសង្ឃឹម​នោះឡើយ​។​»

​កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា សហរដ្ឋអាមេរិក ក៏ដូចជា​បណ្តា​ប្រទេស​មួយចំនួនទៀត គួរ​ឈប់​ជ្រៀតជ្រែក ​ចូ​ល​ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​ របស់​ប្រទេស​កម្ពុជា ជាពិសេស​ពួកគេ​គួរ​បញ្ឈប់​ រាល់​ការវាយប្រហារ និង​ការរិះគន់​ទៅលើ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​ទុកឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ឈ្នះឆ្នោត​ ធ្វើ​ការរៀបចំ​រដ្ឋាភិបាល​ថ្មី ទៅតាម​ការគ្រោងទុក​​។​

​ជាការ​ពិតណាស់ ប្រសិនបើ ​«​សហគមន៍​អន្តរជាតិ​» និង​សហរដ្ឋអាមេរិក​ ដែលមាន​រឿងអាស្រូវ​ ទាក់ទង​នឹង​ការបោះឆ្នោត​កន្លងមក​នោះ នៅតែ​បន្ត​រិះគន់​ការបោះឆ្នោត ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ ពួកគេ​មិន​ខុសពី​ «​គីង្គក់​ដើរ​លក់​ថ្នាំ​ស្រែង​» ដូច​ពាក្យ​ទំនៀម​ខ្មែរ​ចម្អក​នោះឡើយ​៕ (បទ​វិចារណកថា​​ ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684