ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ចិត្តខ្លាំង តូចចិត្ត​រឿង​ធានា​ខ្ចី​លុយ​អោយគេ​មិនបាន សុខចិត្ត​ក្ស័យ​ប្រាណ

កំពង់ចាម​ ៖ ​ស្ត្រី​ចិត្ត​ស្លុយ គិត​ខ្លី​មិន​ខ្លាច​ស្លាប់ សុខចិត្ត បញ្ចប់ជីវិត​ខ្លួនឯង ​ក៏​ព្រោះតែ​នឹក​តូចចិត្ត​រឿង​ធ្វើជា​អ្នក ធានា​ខ្ចីលុយ​អង្គការ​អោយ​អ្នក​ដទៃ​មិនបាន ​ក៏​​សម្រេចចិត្ត ​ធ្វើ​អត្តឃាត​ដោយ​ចងក​ បង្ក​​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​០៩ ខែសីហា​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១៩​និង​០០​ នៅ​ភូមិ​ទួល​បី​ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម។

ប្រភព​ព័ត៌មាន​ពី​ប៉ូលិស បាន​អោយ​ដឹង​ថា ​ជនរងគ្រោះ​​ឈ្មោះ ស៊ីម​ឡៃ ហៅ​សុខ​ខា ភេទ​ស្រី ​អាយុ​៤៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​យក​ក្រ​មា ចងក​ជាប់​រនុក​ផ្ទះ​បណ្តាលអោយ​ស្លាប់​តែម្តង​។​

ប្រភព​ព័ត៌មាន នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា ជនរងគ្រោះ កាល​នៅ​រស់ បាន​អះអាង​ធានា​ខ្ចី​លុយ​អង្គការ​ឲ្យ​គេ តែ​មិនបាន ទើប​តូចចិត្ត​ព្រោះ​សំដី​ហួស​ខ្លួនឯង ក៏​ធ្វើ​អត្តឃាត​តែម្តង​។​

ប៉ូលិស​បានអោយដឹងថា ចំពោះ​ករណីនេះ​យើង​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​លើ ទៅលើ​ដង​ខ្លួន​សព តែ​ពុំ​មាន​ស្លាកស្នាម​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។

ក្រោយពី​គណៈកម្មការ​យើង​ពិនិត្យ​រួច​បានប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​​ប្រពៃណី៕