ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​ប៊ែ​ល​ធី ២០១២​នាក់ ចូលរួម​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស លើក​ទី​១០

ភ្នំពេញ​ ៖​ សាលា ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​កម្មវិធី “​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស (English Speaking Contest Program)” វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី​១០ សម្រាប់​សិស្ស​ភាសា​អង់គ្លេស Level3 Level6 Level9 និង Level12 នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទី​៩(​សាខា​ស្ទឹងមានជ័យ​) ដែល​មាន​បេក្ខជន វគ្គ​ផ្តាច់ព្រ័ត្រ ចំនួន​២៤​នាក់ មកពី ១៤​សាខា ក្រោម​អធិបតីភាព​ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា តំណាង​លោក​បណ្ឌិត លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប កាលពី​រសៀល​ថ្ងៃទី​១០ ខែ សីហា ឆ្នាំ​២០១៨។

លោក ចាន់ ទី​តា ប្រធានការិយាល័យ ESL បានអោយដឹងថា ​៖ បច្ចុប្បន្ននេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​២១ សាខា ក្នុងនោះ ១៩ សាខា កំពុងដំណើរការ និង​០២​សាខា កំពុង​សាងសង់ ដែលមាន​សិស្ស​កំពុង​សិក្សា ៣៦.៦០៨​នាក់។ កម្មវិធីសិក្សា​ផ្នែក​ភាសា​អង់គ្លេស​ទូទៅ ត្រូវ​បានរៀបចំ​សម្រិតសម្រាំង​តាម​ស្តង់ដារ​អន្តរជាតិ ហើយ​សៀវភៅ​សិក្សា​ត្រូវបាន​សហការ​គាំទ្រ​ដោយ​ក្រុមហ៊ុន McGraw-HILL Education នៅ​សហរដ្ឋអាមេរិក​។ ក្នុងនោះដែរ សាលា​ក៏បាន​បន្ថែម​កម្មវិធីសិក្សា​ដូចជាៈ ចម្រៀង រឿងនិទាន និង​ទស្សនៈ​វាគ្មិន​ល្បីៗ ដល់​សិស្ស​គ្រប់​កម្រិត​ចាប់ពី Preschool 1 ដល់ Level 12 ។ នៅពេល​បញ្ចប់ Level 12 សិស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ការនិយាយ ការ​ស្តាប់ ការអាន និង​ការសរសេរ ជាពិសេស ទទួលបាន​ពិន្ទុ TOEFL ឬ​IELTS យ៉ាងតិច 6.5​ឡើង ដែល​អាចដាក់​ពាក្យសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ប្អូនៗ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ គោរព​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​បានល្អ មាន​វិន័យ​ល្អ និង​សីលធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គម រហូត​ទទួលបាន​ជយលាភី​នាពេលនេះ​។ លោក​អគ្គនាយករង ក៏បាន​បន្ថែមទៀតថា កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ពង្រឹងគុណភាព ក្នុងការ​និយាយ​ផ្នែក​ភាសា​អង់គ្លេស​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ព្រមទាំង​ផ្តល់ឱកាស​ឲ្យ​សិស្សានុសិស្ស​ដើម្បី​បង្ហាញ​នូវ​សមត្ថភាព ឆ្លាត​វៃ និង​ស្វែងរក​អ្នក​ដែល​ពូកែ​បំផុត ឲ្យ​ស្របតាម​បាវចនា​ប៊ែ​ល​ធី “​គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌​”​។

លោក​អគ្គនាយករង ក៏បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​ខិតខំ​រៀនសូត្រ ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់​ផ្នែក​ភាសា​អង់គ្លេស ហើយ​អាច​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នានា នៅក្នុង​និង​ក្រៅប្រទេស ដែល​អាចមាន​សមត្ថភាព​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​ជាតិ និង​អន្តរជាតិ និង​ក្លាយជា​អ្នកដឹកនាំ​ល្អ និង​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​។ លោក​អគ្គនាយករង ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អាណាព្យាបាល​សិស្ស​ទាំងអស់ ដែល​តែងតែ​គាំទ្រ​សាលា ប៊ែ​ល​ធី អន្តរជាតិ ហើយ​ក្នុងឱកាស​ប​វេន​សកាល​ថ្មី ចូលរៀន​ថ្ងៃទី ០៣ កញ្ញា ២០១៨​នេះ សាលា​នឹង​ផ្តល់ជូន​នូវ​កម្មវិធី​ពិសេស ដូចជា ថ្នាក់​ចំណេះ​ទូទៅ បង់ថ្លៃ​សិក្សា រយៈពេល ១​ឆ្នាំ ផ្តល់ជូន ឯកសណ្ឋាន ២​កំ​ប្លេ (​ផុតកំណត់​ថ្ងៃទី ០១ កញ្ញា ២០១៨) និង ថ្នាក់​ភាសា​អង់គ្លេស បង់ថ្លៃ​សិក្សា ១​វគ្គ ផ្តល់ជូន សៀវភៅ​គូ​ល័​រ​ច្បាប់ដើម ១​ឈុត (​ផុតកំណត់​ថ្ងៃទី ០៨ កញ្ញា ២០១៨) ផងដែរ​។​

ជាទី​បញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប ក៏បាន​ប្រគល់​មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និង​រង្វាន់​លើកទឹកចិត្ត ជូន​ដល់​សិស្ស ជ័យលាភី កម្រិត​ទី​៣ ទី​៦ ទី​៩ និង​ទី​១២ ចំនួន ១២​នាក់​ផងដែរ ៕