ព័ត៍មានទាន់​ហេតុការណ៏
Search

ទឹកជំនន់​នៅ​បារាំង ​៖ មនុស្ស​១,៦០០​នាក់​ត្រូវ​ជម្លៀស ​ខណៈ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បាត់​ខ្លួន​នៅ​ទីតាំង​បោះជំរំ

ក្រុមមន្ត្រី​បាន​និយាយថា ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ បាន​បង្ខំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចំនួន​១,៦០០​នាក់​ដែល​ភាគច្រើន​គឺជា​អ្នក​បោះជំរំ​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង​។​

ពួកគេ​បាន​និយាយថា បុរស​អាល្លឺម៉ង់​អាយុ​៧០​ឆ្នាំ​ម្នាក់​ដែល​កំពុង​ជួយ​មើល​ការខុសត្រូវ​លើ​កុមារ​នៅឯ​ជំរំ​រដូវក្តៅ​មួយ​គឺ​បាន​បាត់​ខ្លួន​។​

តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​គឺ Gard, Ardèche និង Drôme​។ អ្នក​ពន្លត់​អគ្គិភ័យ​និង​ប៉ូលិស​ជាង ៤០០​នាក់​ព្រមទាំង​ឧទ្ធម្ភាគចក្រ​៤​គ្រឿង​ផងដែរ​ត្រូវបាន​ដាក់ពង្រាយ​។​

ទឹកជំនន់​នេះ​បាន​កើតឡើង​បន្ទាប់ពី​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​បារាំង​និង​ភាគច្រើន​នៃ​ទ្វីបអឺរ៉ុប​ជួបប្រទះ​អាកាសធាតុ​ក្តៅ​មិនធម្មតា​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងមហាផ្ទៃ​បារាំង​បាន​និយាយថា នាយកដ្ឋាន​ចំនួន​៦​ត្រូវបាន​គេ​ដាក់​ក្នុង​ការប្រកាស​ភាពអាសន្ន​។​

នៅក្នុង​ជំរំ​រដូវក្តៅ​មួយ​ក្នុង​តំបន់ Saint-Julien-de-Peyrolas, កុមារ​ចំនួន​១១៩​នាក់​ត្រូវបាន​គេ​ជម្លៀសចេញ​។ អ្នក​បាត់​ខ្លួន​ជនជាតិ​អាល្លឺម៉ង់​គឺជា​អ្នកមើលការខុសត្រូវ​លើ​កុមារ​នៅ​ជំរំ​នោះ​។​

ភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា ខណៈដែល​ត្រូវបាន​ជាប់​ដោយសារតែ​ទឹក​ហូរ​យ៉ាង​លឿន​នោះ គាត់​បាន​ចូលក្នុង​រថយន្ត​របស់​គាត់​ប៉ុន្តែ​រថយន្ត​ត្រូវបាន​ទឹក​ហូរ​នាំយកទៅ​។​

អ្នក​មុជទឹក​ត្រូវបាន​ហៅ​ឲ្យ​ទៅ​កន្លែងកើតហេតុ​ខណៈ​ប្រតិបត្តិ​ការរុករក​កំពុង​បន្ត​។​
​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ជាច្រើន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ជាមួយ​របួសស្រាល​។​
​លោកស្រី Rachel Buchanan មកពី​ទីក្រុង Oxford ក្នុង​ចក្រភព​អង់គ្លេស​គឺ​កំពុង​បោះជំរំ​នៅ​ជិត​ទន្លេ​មួយ​ក្នុង​ទីក្រុង Ardèche នៅពេល​ទឹកជំនន់​វាយប្រហារ​។​

លោកស្រី​បាន​ប្រាប់ BBC ថា “​យើង​ដឹងថា​ព្យុះ​មួយ​កំពុង​កើតឡើង​ប៉ុន្តែ​មិនអាច​ជឿថា​ព្យុះ​អាក្រក់​ដូចនេះ​ទេ​។ កម្រិត​និង​ល្បឿន​នៃ​ទឹកទន្លេ​នាពេល​បច្ចុប្បន្ននេះ​គឺ​មិនធម្មតា​ឡើយ​។ យើង​បាន​ភ្ញាក់ពីដេក​ដោយមាន​ទឹក​លិច​ជើង​របស់​យើង​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684