ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ មិនមាន​តួនាទី​អ្វី​ មក​រិះគន់​ការបោះឆ្នោត​ នៅ​កម្ពុជា​ឡើយ​

កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ ដោយបាន​រៀបចំ​ការបោះ​ឆ្នោត អាណត្តិ​ទី​៦ ប្រកបដោយ​ជោគជ័យ និង​ដោយ​គ្មាន​អំពើហិង្សា​កើតឡើង ខុសពី​ការបោះឆ្នោត​នៅ​អាណត្តិ​មុនៗ ដែល​រួមរឹត​ដោយ​ការប្រឆាំង​តវ៉ា​ យ៉ាង​អនាធិបតេយ្យ​នៅតាម​ដងផ្លូវ រហូតដល់​មាន​គណបក្សនយោបាយ​ ដែល​បោះជំរំ​តវ៉ា​នៅខាងមុខ​អតីត​រដ្ឋសភា​ទៀតផង​។​​

ទោះបីជា​យ៉ាងណា មាន​ប្រទេស​មួយចំនួន តាមរយៈ​ក្រសួងការបរទេស​រប​ស់​ពួកគេ បានចេញ​សេចក្តីថ្លែងការណ៍​ វាយប្រហារ និង​រិះគន់​ ចំពោះ​ដំណើរការ​បោះឆ្នោត​ចុងក្រោយ​ នៅក្នុង​ប្រទេស​កម្ពុជា​នេះ ទន្ទឹមគ្នា​នឹង​ក្រុម​អ្នកសង្កេតការណ៍​ជាច្រើន​ ដែល​បាន​កោតសរសើរ និង​វាយតម្លៃ​ជា​វិជ្ជមាន ​ចំពោះ​ដំណើរការ​បោះឆ្នោត​។​​

ទន្ទឹមនឹងនេះ អ្វីដែល​ចម្លែក​បំផុត​នោះ នាពេល​ថ្មីៗ​នេះ មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ម្នាក់ ​បែរជា​លូក​មាត់​លូ​កក​បញ្ចេញ​នូវ​ប្រតិកម្ម​រិះគន់ ​ទៅលើ​ដំណើរការ​នៃ​ការបោះឆ្នោត ​ដែល​ត្រូវបាន​រៀបចំឡើង​ កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះដែរ​។​

​គួរ​បញ្ជាក់ថា យោងតាម​សេចក្តី​រាយកា​រណ៍​​ របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (​វី​អូ​អេ​) មន្ត្រី​យោធា​អាមេរិក​ឈ្មោះ រែ​ន​ដល ជី ស្ត្រា​យ​វឺ​រ៍ (Randall G. Schriver) ដែលជា​ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​និយាយ​ទៅកាន់​ពិធី​មួយ កាលពីពេល​ថ្មីៗ​នេះ ដោយបាន​រិះគន់​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​។

«​នៅឯ​ប្រទេស​កម្ពុជា យើង​មាន​ក្ដីបារម្ភ​អំពី​និន្នាកា​រវិ​វត្ត​ចុងក្រោយ​។ ក្រោយ​ការបោះឆ្នោត​ក្លែងក្លាយ​ ​នៅ​ប្រទេស​កម្ពុជា​កាលពី​សប្ដាហ៍​មុន សេត​វិមាន​បាន​បញ្ចេញ​នូវ​ការ​ខកបំណង ​ជាទីបំផុត​របស់ខ្លួន ហើយ​បាន​ព្រមាន​ថា វិធាន​ការដែល​បានរៀបចំ​រួច​នានា​ នឹងត្រូវ​យកមកអនុវត្ត ដើម្បី​ឆ្លើយតប​នឹង​ការរៀបចំ​ការបោះឆ្នោត​ខាងលើ​។​» លោក រែ​ន​ដល ជី ស្ត្រា​យ​វឺ​រ៍ បាន​និយាយ ដោយ​ចម្លង​យកពាក្យ «​ការបោះឆ្នោត​ក្លែងក្លាយ​» តាម​ក្រុម​អតីតមន្ត្រី​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស​។​​

មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក​រូបនេះ ​បាន​និយាយ​បន្ថែមថា​៖ «​ព្រម​ពេល​ជាមួយគ្នានេះ កម្ពុជា​ក៏​គួរតែ​ដោះលែង​លោក កឹម សុខា មេដឹកនាំ​គណបក្សជំទាស់​ជាបន្ទាន់​។ ការឃុំ​ឃាំង​ដ៏​ខុសឆ្គង​លើ​លោក កឹម សុខា ដោយ​លោក ហ៊ុន សែន បាន​នឹង​កំពុង​បង្ក​នូវ​ភាព​តានតឹង ​ក្នុង​អារម្មណ៍​ជា​ពន់ពេក​ដល់​លោក កឹម សុខា និង​បណ្ដាលឱ្យ​ស្ថានភាព​សុខភាព​របស់លោក ​មាន​សភាព​ចុះ​ទ្រុឌទ្រោម​។​»

វិទ្យុ​វី​អូ​អេ បាន​រាយការណ៍​ថា ការរិះគន់​របស់លោក រែ​ន​ដល ជី ស្ត្រា​យ​វឺ​រ៍ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក គឺជា​សំឡេង​ដំបូង​ដែល​គេ​បានឮ​ ចេញពី​ខាងក្នុង​មន្ទីរ​បញ្ច​កោណ ឆ្លើយតប​នឹង​ការវិវត្ត​នយោបាយ​នៅ​ប្រទេស​កម្ពុជា ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា ​បានឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​នោះ​។​​

ក្នុងការ​ថ្លែង​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក ​នៅឯ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង លោក រែ​ន​ដល ជី ស្ត្រា​យ​វឺ​រ៍ ក៏បាន​និយាយ​ចំៗ​ផងដែរ អំពី​យុទ្ធសាស្ត្រ​របស់​អាមេរិក​ នៅក្នុង​តំបន់​អាស៊ី​ចុង​បូព៌ា តាមរយៈ​ខ្លឹមសារ​នៃ​បរិ​តំបន់ ​«​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» ទប់​ទល់នឹង​ការរីក​ត្រដែត​ឡើង ​នៃ​«​អនុត្តរភាព​»​​ របស់​ប្រទេស​ចិន ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ ​នៃ​រដ្ឋអំណាច​កម្ពុជា​។​

គួរបញ្ជាក់​ផងដែរ​ថា លោក រែ​ន​ដល ជី ស្ត្រា​យ​វឺ​រ៍ ធ្លាប់មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ ជាមួយនឹង​កោះ​តៃវ៉ាន់ ចាប់តាំងពី​សម័យ​ដំបូង​ ដែល​លោក​ចូលធ្វើការ​នៅ​មន្ទីរ​បញ្ច​កោណ​ដំបូង ​ក្នុង​ទសវត្សរ៍​១៩៩០ ដែល​លោក​ រែ​ន​ដល ជី ស្ត្រា​យ​វឺ​រ៍ ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់ ​ទ​ទួល​បន្ទុក​សារគមនាគមន៍​ការងារ​សឹក ​ជាមួយនឹង​ភាគី​កងទ័ព​រំដោះប្រជាជន​ចិន និង​កងកម្លាំង​របស់​កោះ​តៃវ៉ាន់​។​

ជាការ​ពិតណាស់ ការរិះគន់​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក​រូបនេះ មិន​គ្រាន់តែ​ជាការ​ជ្រៀតជ្រែក​ ចូលទៅក្នុង​ដំណើរការ​បោះឆ្នោត និង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ការប្រើប្រាស់​តួនាទី​ ដោយ​ខុសឆ្គង​ក្នុងការ​វាយតម្លៃ​ទៅលើ​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុងនាម​លោក រែ​ន​ដល ជី ស្ត្រា​យ​វឺ​រ៍ ជា​មន្ត្រី​យោធា​នោះ​។​

ទន្ទឹមនឹងនេះ គ្រាន់តែ​ឮ​លោក រែ​ន​ដល ជី ស្ត្រា​យ​វឺ​រ៍ ប្រើពាក្យ​ចម្លង​ពី​គេ​ថា «​ការបោះឆ្នោត​ក្លែងក្លាយ​»​នោះ ក៏​យើង​ដឹង​ដែរ​ថា​មន្ត្រី​យោធា​អាមេរិក​រូបនេះ ​គ្រាន់តែ​និយាយ​តាម​អតីតមន្ត្រី​គណបក្សប្រឆាំង ​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ ដោយ​មិនបាន​សិក្សា​អំពី​សភាពការណ៍​ពិត ​នៅក្នុង​ប្រទេស​កម្ពុជា​នោះឡើយ​។​

តាមពិតទៅ ក្នុងនាម​ជាម​ន្ត្រី​យោធា​អាមេរិក លោក រែ​ន​ដល ជី ស្ត្រា​យ​វឺ​រ៍ គួរតែ​ផ្តោត​ការយកចិត្តទុកដាក់​ ក្នុង​ការពារ​ប្រជាពលរដ្ឋ​អាមេរិក ជាពិសេស​កុំឱ្យ​មានការ​វាយប្រហារ​ ដោយ​យោធា​ពី​ខាងក្រៅ ជាពិសេស​ដោយ​ពួក​ភេរវកម្ម ដូចជា​ក្រុម​ពួក​អាល់​កៃ​ដា​ ដែល​បាន​ប្លន់​យន្តហោះ ហើយ​បើក​បុក​អាគារ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ទីក្រុង​ញូយ៉ក កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០០១​នោះ​។​

ម្យ៉ាងវិញទៀត ដូច​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​វី​អូ​អេ ការលើកឡើង​របស់​ម​ន្ត្រី​យោធា​អាមេរិក​រូបនេះ គឺ​មិនមាន​អ្វី​ក្រៅ​តែ​អំពី​ការចង់​បង្ហាញ​ ពី​ម​ហិ​ច្ឆិ​តា​ភូមិសាស្ត្រ​នយោបាយ របស់​អាមេរិក​ទប់​ទល់នឹង​ប្រទេស​ចិន​តែប៉ុណ្ណោះ​។​

«​ការលើកឡើង​របស់​ឧបការី​រូបនេះ មិន​ត្រឹមតែ​មិនមាន​មូលដ្ឋាន​សុចរិត ច្បាស់លាស់​នោះ​ទេ ​ក៏ប៉ុន្តែ ហាក់បីដូចជា​ស្ថិតនៅក្នុង​ភាព​ស្លន់ស្លោ ខ្លាច ​ដោយ​យល់ឃើញថា​កម្ពុជា ស្និទ្ធ​ជាមួយ​ចិន ហើយ​យក​សហរដ្ឋអាមេរិក​ជាស​ត្រូវ​។​» លោក ផៃ ស៊ី​ផាន បាន​សរសេរ​ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​។​

ដូច​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី ​បាន​គូសបញ្ជាក់ ប្រទេស​កម្ពុជា​កំពុង​រក្សា​ស្ថានភាព​នយោបាយ​រួម មិនអោយ​ធ្លាក់​ចូលទៅក្នុង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​នោះឡើ់យ ហើយ​កម្ពុជា​សូម​ «​សម្ដែង​ការសោកស្ដាយ​ ចំពោះ​ការយល់ច្រឡំ​របស់​ឧបការី​រូបនេះ (​ដែល​)​ចង់​ទាញ ឬ​លាប​[​ពណ៌​]​កម្ពុជា​អោយ​ធ្លាក់ខ្លួន​ក្នុង ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន ក្នុងការ​តតាំង​ប្រឆាំង​ជាមួយ​ចិន​។​»

នៅ​ចុងបញ្ចប់ កាសែត​កម្ពុ​ជាថ្មី​សូម​លើកទឹកចិត្ត​មន្ត្រី​យោធា​សហរដ្ឋអាមេរិក ក៏ដូចជា​ស្ថាប័ន​នានា​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃទៀត កុំឱ្យ​ប្រើ​តួនាទី​ខុសឆ្គង​តទៅទៀត ក្នុងការ​រិះគន់​ដំណើរការ​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​។ ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា បើ​មន្ត្រី​យោធា​អាមេរិក​និយាយ​មិនត្រូវ​ទេនោះ ពួកគេ​ក៏​មិនត្រូវ​និយាយ​ដែរ​៕ (បទ​វិចារណកថា​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684