ព័ត៍មានទាន់​ហេតុការណ៏
Search

ការតវ៉ា​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ​គួរ​បញ្ចប់​ នៅពេល​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ ត្រូវ​បានប្រកាស​

យោងតាម​សេចក្តីប្រកាស ​តាម​គេហទំព័រ​របស់​សេត​វិមាន​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា លោក ដូ​ណា​ល់ ត្រាំ ( Donald Trump ) ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាស​តែងតាំង​លោក ផា​ទ្រី​ក ម៉ឺ​ហ្វ៊ី ( Patrick Murphy ) ដែលជា​អ្នកការទូត​ជើងចាស់​ម្នាក់ ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ ប្រចាំ​ប្រទេស​កម្ពុជា​ ជំនួស​លោក វីល្លាម ហេ​ដ ( William A. Heidt ) ដែល​ត្រូវ​ចប់​អាណត្តិ​នោះ​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ លោក ផា​ទ្រី​ក ម៉ឺ​ហ្វ៊ី គឺជា​ឧបការី​ការបរទេស​រង​ចម្បង​ស្តីទី (Acting Principal Deputy Assistant Secretary) ប្រចាំ​ការិយាល័យ​ កិច្ចការ​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​ របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។ ទន្ទឹមនឹងនេះ លោក ផា​ទ្រី​ក ម៉ឺ​ហ្វ៊ី ធ្លាប់បាន​បម្រើ​ការងារ ​អស់​រយៈពេល​ជាង​ ២៥​ឆ្នាំ ​ក្នុង​កិច្ចការ​ការទូត​ជាន់ខ្ពស់ ដូចជា​ក្នុងតួនាទី​បច្ចុប្បន្ន​ជា​ឧបការី​ការបរទេស​រង ដែល​លោក​បានធ្វើការ​ចាប់តាំងពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨​។​

​ជាមួយគ្នានេះដែរ លោក ផា​ទ្រី​ក ម៉ឺ​ហ្វ៊ី ក៏​ធ្លាប់មាន​តួនាទី ​ជា​អនុប្រធាន​បេសកកម្ម និង​ភារធារី​ស្តីទី​ស្ថានទូត​អាមេរិក​ ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៦​។ ចាប់ពី​ឆ្នាំ​២០១២ ដល់​២០១៣ លោក​ជា​អ្នកតំណាង​ស្តីទី​ពិសេស និង​ជា​អ្នកសម្របសម្រួល​គោលនយោបាយ ​នៃ​ស្ថានទូត​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោយពេល​ដែល​លោក​ ​បាន​បម្រើការ​ជា​អនុប្រធាន​បេសកកម្ម​​ នៅ​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​ឡេ​សូ​តូ ក្នុង​ទ្វីបអាហ្វ្រិក​។​​

ទោះបីជា​យ៉ាងណាក្តី អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ បានបញ្ជាក់​ថា​ លោក​មិនទាន់​ដឹង​កាលកំណត់​ក្នុងការ​ប្រកាស​តែងតាំង​ផ្លូវការ​នៅឡើយ ដោយសារ​ការតែងតាំង​នេះ ​ត្រូវ​រង់ចាំ​សម្រេច​យល់ព្រម​ដោយ​ព្រឹទ្ធសភា​សិន​។​​

កាសែត​កម្ពុ​ជាថ្មី សូម​ស្វាគមន៍​ចំពោះ​ការប្រកាស​តែងតាំង​លោក ផា​ទ្រី​ក ម៉ឺ​ហ្វ៊ី ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​សង្ឃឹមថា ​លោក​នឹង​អាច​ស្តារ​នូវ​ស្ថានការណ៍ ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​ឱ្យ​ល្អប្រសើរ​ឡើងវិញ​។​​

គួររំឭកថា សហរដ្ឋអាមេរិក និង​លោក ផា​ទ្រី​ក ម៉ឺ​ហ្វ៊ី ខ្លួនឯង​ផ្ទាល់ ធ្លាប់បាន​រិះគន់​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​ កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ ក្រោយពេល​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវបាន​រំលាយចោល​ទាក់ទង​នឹង​ការប៉ុនប៉ង ​ធ្វើ​«​បដិវត្តន៍​ពណ៌​» ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​។

ប៉ុន្តែ ចំណុច​ល្អ​នៃ​ការតែងតាំង​អគ្គរដ្ឋទូត​ថ្មី​ មកកាន់​ប្រទេស​កម្ពុជា ក្នុងអំឡុង​ពេលដែល​ក​ម្ពុ​ជា​ ត្រៀម​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ ក្រោយពី​ការបោះឆ្នោត​នាពេល​ថ្មី​នេះ អាចជា​សញ្ញា​ល្អ​នៃ​ការធ្វើ ឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ការទូត ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​នោះ​។​

​ដូច​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើង ការតែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​ អាច​បញ្ជាក់ថា​សហរដ្ឋអាមេរិក​ ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៦​នេះ ហើយ​លោក​សង្ឃឹមថា ​ប្រទេស​ទាំងពីរ​នឹងមាន​ទំនាក់ទំនង​ កាន់តែ​រឹងមាំ​។

«​ការបង្ហាញ​នូវ​សមាសភាព​ នៃ​មន្ត្រី​ការងារ​ទូត​របស់​សហ​រដ្ឋ​អាមេរិក ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ បង្ហា​ញ​ពី​ការ​រឹតបន្តឹង​ទំនាក់ទំនង​ល្អ និង​សហប្រតិបត្តិការ​តទៅ​មុខ​ទៀត​។ បើសិនជា​គេ​មិន​ពេញ​ចិត្ត នឹង​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​នេះ គេ​មិន​ដាក់​ទូត​គេ​មក​ទេ គឺ​គេ​ទម្លាក់​ចុះមក​ភារធារី​។ ដូច្នេះ​បានសេចក្តីថា ដាក់​ទូត​ហ្នឹង​មក​គេ​ទទួលស្គាល់​។​» លោក ផៃ ស៊ី​ផាន ត្រូវបាន​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ ​ស្រង់​សម្តី កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​​

ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស ជាពិសេស​នៅ​សហរដ្ឋអាមេរិក ដែល​កំពុង​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង នឹង​ការបោះឆ្នោត​នៅ​កម្ពុជា គួរតែបញ្ឈប់​ការតវ៉ា​របស់ខ្លួន ដោយសារ​ប្រទេស​នានា ​ចាប់ផ្តើម​ទទួលស្គាល់​ការបោះឆ្នោត និង​រាជរដ្ឋាភិបាល​ថ្មី​ជា​បណ្តើរៗ​ហើយ​នោះ​។​

​គួរ​បញ្ជាក់ថា មេ​ដឹក​នាំអតីត​បក្សប្រឆាំង​ សាខា​សហរដ្ឋអាមេរិក បាន​អះអាងថា ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ នឹង​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម មុខ​ស្នាក់ការ​កណ្តាល របស់​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ញូវយ៉ក ក្នុងខណៈ​ពេលដែល ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ប្រជុំ​នៅ​ទីនោះ​។​

លោក ផាន ប្រាក់ ដែល​អះអាងថា ជា​តំណាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​ប្រាប់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី​១០​ខែសីហា​ថា គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បីឱ្យ​ពិភពលោក​ដឹងថា​ ប្រទេស​កម្ពុជា​សព្វថ្ងៃ​ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​ការរំលាយ​អ​តី​បក្សប្រឆាំង «​ការបោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ ការរំលោភ​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញមតិ និង សេរីភាព​សារព័ត៌មាន​»​ជាដើម​។​

ប៉ុន្តែ ដូច​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​វិញ​នោះ ការបោះឆ្នោត​បង្ហាញថា​ ក​ម្ពុ​ជា​កំពុង​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ ហើយ​ថា​អន្តរជាតិ ​ក៏​មិនអាច​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ​របស់​កម្ពុជា​បានដែរ​។​

«​គេ​ចោទ​ ​តាំងពីដើម​មកម្ល៉េះ​។ ​ចោទ​ក្រោយពី​ពួក​ប្រឆាំង​ហ្នឹង ខ្ទាត​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ខ្ទាត​ចេញពី​មាតុភូមិ​កម្ពុជា​ដោយ​ទង្វើ​ល្មើសច្បាប់ ខុសច្បាប់​ដោយ​ខ្លួនឯង​។ អញ្ចឹង​វា​មិនជា​រឿង​ចម្លែក​អី​ទេ ការ​ចោទ​យ៉ាងណា​ ជា​រឿង​គាត់ ហើយ​ការធ្វើ​បាតុកម្ម​យ៉ាងណា​ ស​ម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ស្វាគមន៍​ហើយ​ ឱ្យ​បងប្អូន​ខ្មែរ​ធ្វើទៅ​។​» លោក សុខ ឥសាន បាន​និយាយ​។​​

ជាការ​ពិតណាស់ ដូច​កាសែត​កម្ពុ​ជាថ្មី ​បាន​សរសេរ​នៅក្នុង​បទ​វិចារណកថា​កន្លងមក នៅក្រោយ​ការបោះឆ្នោត​ គ្រប់​អាណត្តិ​ទាំងអស់ ចាប់តាំងពី​ឆ្នាំ​១៩៩៣​ មក វា​តែងតែមាន​ការរិះគន់​ពី​អន្តរជាតិ​មួយចំនួន ហើយ​ការធ្វើ​បាតុកម្ម​តែងតែមាន​។ ប៉ុន្តែ មិនយូរ​មិនឆាប់ រាជរដ្ឋាភិបាល​កម្ពុជា​ តែងតែ​រក​ដំណោះស្រាយ​ទម្លុះ​ភាពទ័លច្រក​បាន​។​

​ព្រោះ​ហេតុដូច្នេះ កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា​​ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​នោះ គួរ​បញ្ឈប់​ការប្រឆាំង​តវ៉ា​របស់ខ្លួន ហើយ​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា ក្នុងការ​បង្កើត​រាជរ​ដ្ឋា​ភិ​បាល​ថ្មី​៕ (បទ​វិចារណកថា​ ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684