ព័ត៍មានទាន់​ហេតុការណ៏
Search

“វិស្វកម្ម​ឧស្សាហកម្ម​” គឺជា ជំនាញ​សិក្សា​ថ្មី ​សម្រាប់​សិស្ស​ទើប​ចប់​វិទ្យាល័យ​

​កាលពី​ឆ្នាំ​ទៅនេះ កម្ពុជា​ត្រូវបាន​ចាត់ថ្នាក់​ ជា​ប្រទេស​មាន​ជីវភាព​មធ្យម​កំរិត​ទាប ដោយ​ធនាគារពិភពលោក​។ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ក៏បាន​ប៉ាន​ប្រមាណ​ដែរ​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស ​មាន​ជីវភាព​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣២​ខាងមុខ​។ ដោយសារតែ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ប្រកបដោយ​សន្ទុះ ដែល​ជំរុញ​ឲ្យ​មាន​តម្រូវការ​ខ្លាំង ​លើ​ជំនាញ​ផ្សេងៗ​ក្នុង​វិស័យ​ផលិតកម្ម សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បានចាប់ផ្ដើម​ធ្វើការ​បណ្ដុះ​បណ្ដាល ​ជំនាញ​សិក្សា​ថ្មី​ ចំនួន២​ កាលពី​ឆ្នាំមុន សម្រាប់​សិស្ស​ទើប​ចប់​វិទ្យាល័យ គឺ​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម (Industrial Engineering) និង​ជំនាញ ភ័ស្តុភារ និង​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade and Logistics)​។​

​យោងតាម វិទ្យាស្ថាន​វិស្វករ​ឧស្សាហកម្ម (Institute of Industrial Engineers) ដែលមាន​ទីតាំងនៅ​ប្រទេស​អូស្ត្រាលី ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម (Industrial Engineering) គឺជា​មែកធាង​មួយ​នៃ​ជំនាញ​វិស្វកម្ម​។ ជំនាញ​សិក្សា​មួយ​នេះ ផ្ដោតទៅលើ ការបង្កើន​ប្រសិទ្ធភាព នៅក្នុង​សង្វាក់​ផលិតកម្ម​ របស់​រោងចក្រ​សហគ្រាស ប្រព័ន្ធគ្រប់គ្រង និង ប្រតិបត្តិការ​ នៅតាម​បណ្ដា​ក្រុមហ៊ុន​ធំៗ​។ វិស្វករ ផ្នែក​ឧស្សាហកម្ម ផ្ដោតលើ​ការកាត់បន្ថយ​ ការចំណាយ​ខ្ជះខ្ជាយ​លើ​ពេលវេលា ហិរញ្ញវត្ថុ ធនធាន និង ថាមពល ជាដើម​។​

​លោក Bayram Annanurov ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់ ​វិស្វកម្ម​ឧស្សាហកម្ម នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បាន​ប្រាប់​ឲ្យ​ដឹងថា ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម មិន​ដូចជា​ជំនាញ​វិស្វកម្ម​ផ្សេងៗ​ទៀត តួយ៉ាង ជំនាញ​វិស្វកម្ម​សំណង់​នោះទេ ត្បិត​អី ជំនាញ​មួយ​នេះ ផ្ដោត​សំខាន់​លើ​សង្វាក់​ផលិតកម្ម និង ដំណើរការ​របស់​ក្រុមហ៊ុន សហគ្រាស​។ លោក Bayram បាន​លើក​ជា​ឧទាហរណ៍​ដោយ​សាមញ្ញ​ថា  វិស្វករ​ផ្នែក​ឧស្សាហកម្ម អាចជួយ​ឲ្យ​រោងចក្រ​ផលិត​ឡាន បង្កើន​លទ្ធភាព​ផលិត ពី​ចំនួន​ ១០០ ទៅ ១៥០​គ្រឿង ដោយ​មិនចាំបាច់​បង្កើន ​ការចំណាយ​លើ​ធនធាន​សម្រាប់​ផលិត ដូចជា​ពេលវេលា ហិរញ្ញវត្ថុ និង​កម្លាំង​ពលកម្ម​ជាដើម​។​

​កញ្ញា ​មុយ​ឡេង និស្សិត​ឆ្នាំ​ទីមួយ ​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម បាន​ថ្លែង​ឲ្យ​ដឹងថា ជំនាញ​សិក្សា​មួយ​នេះ​ មាន​ភាពស្រដៀងគ្នា​ទៅនឹង​ជំនាញ​គ្រប់គ្រង​ជំនួញ​ដែរ ប៉ុន្តែ​និស្សិត​សិក្សា​ជំនាញ​មួយ​នេះ ផ្ដោត​ការសិក្សា​ខ្លាំង​ទៅលើ សង្វាក់​ផលិតកម្ម​ របស់​ជំនួញ ជាជាង ផ្នែក​លក់ ឬ ផ្សព្វផ្សាយ​ទីផ្សារ​។​

​​បើទោះជា​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម ហាក់ដូច​ជាថ្មី​សម្រាប់​សិស្ស​និស្សិត​កម្ពុជា វា​ជា​ជំនាញ​ដែល​និស្សិត​ជាច្រើន ​ធ្លាប់បាន​សិក្សា​នៅតាម​សាកលវិទ្យាល័យ​នានា​ ជុំវិញ​ពិភពលោក ជាពិសេស នៅ​សហរដ្ឋអាមេរិក ដូចជា សាកលវិទ្យាល័យ California-Berkeley, សាកលវិទ្យាល័យ Stanford, សាកលវិទ្យាល័យ​របស់​រដ្ឋ Pennsylvania និង វិទ្យាស្ថាន​បច្ចេកវិទ្យា MIT ជាដើម​។​

​​លោក​ស៊ូ​វ​ហុក សិស្ស​និទ្ទេស​ A​ ឆ្នាំ​២០១៧ ដែល​បានជ្រើសរើស​ជំនាញ​សិក្សា​មួយ​នេះ​ ក្រោយ​បញ្ចប់​វិទ្យាល័យ បាន​ថ្លែង​ឲ្យ​ដឹងថា ខ្លួន​បានជ្រើសរើស​យកមុខ​វិជ្ជា​នេះ ដោយសារ​ទទួលបាន​ដំបូន្មាន ​ពី​និយោជក​ម្នាក់​។ និយោជក​រូបនោះ​ថ្លែងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​លូតលាស់​ឆ្ពោះទៅរក​ការរីកចម្រើន ​ក្នុង​វិស័យ​បច្ចេកវិទ្យា​។ ហេតុ​ដូច្នេះហើយ តម្រូវការ​ទីផ្សារការងារ​ក្នុងស្រុក ចំពោះ​និស្សិត​ ដែល​ចប់​ពី​សាកលវិទ្យាល័យ ជាមួយនឹង​ចំណេះ​ជំនាញ​ច្បាស់លាស់ តួយ៉ាង​ដូចជា និស្សិត​ដែល​បញ្ចប់​ពី​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នឹងមាន​ការកើនឡើង​ខ្ពស់​។ យោងតាម​របាយការណ៍ ពី​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ មុខវិជ្ជា​វិស្វកម្ម​ឧស្សាហកម្ម ជា​មុខវិជ្ជា​លំដាប់​លេខ​២ ក្នុងចំណោម​មុខវិជ្ជា​វិស្វកម្ម​ផ្សេងៗ​ទៀត ដែលមាន​តម្រូវការ​ខ្ពស់ ក្នុង​ទីផ្សារការងារ​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​។​

​រូបភាព​៖ និស្សិត​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម ក្នុង​ទស្សនកិច្ច​សិក្សា នៅ​ប្រទេស​ម៉ាឡេស៊ី​។​ ​

​និស្សិត​ដែល​បញ្ចប់​ការសិក្សា ​ពី​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម អាច​ទទួលបាន​ការងា​រ ​ពី​វិស័យ​មួយចំនួន​ដែល​នឹង​រីកចម្រើន ​នាពេល​អនាគត ដូចជា វិស័យ​កែច្នៃ​ចំណីអាហារ អេ​ឡិ​ក​ត្រូ​និ​ច យានយន្ត និង ភ័ស្តុភារ​។ នៅពេល​បច្ចុប្បន្ន និស្សិត​ដែល​បានបញ្ចប់​ការសិក្សា អាច​រំពឹង​ទទួលបាន​ការងារ​ នៅតាម​ស្ថាប័ន​ក្នុង​វិស័យ​ ដែល​កំពុង​លូតលាស់ ដូចជា​ធនាគារ មន្ទីរពេទ្យ​ទំនើប សណ្ឋាគារ អាកាស​យាន្ត​ដ្ឋា​ន រោងចក្រ​សហគ្រាស និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម​។​

​​លោក​សូរិយា និស្សិត​អនុបណ្ឌិត ជំនាញ​វិស្វកម្ម​ឧ​ស្សហកម្ម នៅ​សាកលវិទ្យាល័យ​ម​ហិ​ដុល ប្រទេស​ថៃ​បាន​ថ្លែងថា តម្រូវការ​បុគ្គលិក ​ដែលមាន​ជំនាញ​វិស្វកម្ម​ឧ​ស្សហកម្ម នឹងមាន​ការកើនឡើង ក្នុងប្រទេស ត្បិត​វិស័យ​ធំៗ ដូចជា វិស័យ​សេវាកម្ម មានការ​ប្រកួតប្រជែង​ខ្លាំង​។ បុគ្គលិក​ដែលមាន​ជំនាញ​ វិស្វកម្ម​ឧស្សាហកម្ម អាចជួយ​កាត់បន្ថយ​ការចំណាយ​ របស់​ក្រុមហ៊ុន ដែល​អាចធ្វើអោយ​ក្រុមហ៊ុន​ទាំងនោះ មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ជាងគូប្រកួត​។ លោក​សូរិយា​បន្តថា និយោជក ដែល​ចង់​ចាប់ផ្ដើម​អាជីវកម្ម​ធំៗ កំពុង​ពឹងពាក់​អ្នកជំនាញ​ ផ្នែក​វិស្វកម្ម​ឧស្សាហកម្ម មកពី​បរទេស តួយ៉ាង​សឹង្ហ​បុរី ដោយសារតែ​ពុំមាន​អ្នកជំនាញ​ខ្មែរ​ច្រើន ពាក់ព័ន្ធ​នឹង​វិស័យ​វិស្វកម្ម​ឧស្សាហ​កម្មនេះ​។​

​រូបភាព​៖ មុខវិជ្ជា​សិក្សា និង ឳ​កាស​ការងារ តាមរយៈ​ការសិក្សា​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​។​

​លោក ជេ​ត្ថា និស្សិត​អាហារូបករណ៍​ ពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បាន​ប្រាប់ថា និស្សិត​ដែល​រៀន​ជំនាញ​សិក្សា​មួយ​នេះ នឹង​អាច​សិក្សា​មុខវិជ្ជា​សំខាន់ៗ​ដូចជា System Analysis, Supply Chain Management, Project Management, និង Operations Research និង​មុខវិជ្ជា​ផ្សេងៗ​ទៀត​ ដែល​ទាក់ទង​នឹង​ផ្នែក​ធុរកិច្ច ស្ថិតិ ប្រ​ព័​ន្ទ​ព័ត៌មានវិទ្យា និង​វិស្វកម្ម​ទូទៅ​។ ជេ​ត្ថា ​បញ្ជាក់ថា មុខវិជ្ជា​ឆ្នាំ​សិក្សា​មូលដ្ឋាន ដូចជា​មុខវិជ្ជា​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជាដើម ជា​មុខវិជ្ជា​លំបាក ដោយសារ​និស្សិត​មិនដែល​បាន​ស្គាល់ ឬ ស្វែងយល់​ជា​មូលដ្ឋាន​ពីមុខ​វិជ្ជា​ទាំងនោះ កាល​នៅ​វិទ្យាល័យ​។ និស្សិត​រូបនេះ លើកទឹកចិត្ត ឲ្យ​សិស្ស​ដែល​ទើប​ចប់​វិទ្យាល័យ ហើយ​ចង់​សិក្សា​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម ឲ្យ​ខំ​អាន​និង​ព្យាយាម អនុវត្ត​លំ​ហាត់​គណិតវិទ្យា​ ដែល​គ្រូ​បានដាក់​ឲ្យ​។ ដើម្បី​បំពាក់បំប៉ន​និស្សិត​ អោយ​ស្វែងយល់​កាន់តែច្បាស់​ ពី​វិស័យ​វិស្វកម្ម​ឧស្សាហ​កម្មនេះ និស្សិត​នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ដូចជា​ជេ​ត្ថា និង មិត្តភក្ដិ ក៏ត្រូវ​បានផ្ដល់​ឳ​កាស​អោយ​ចូលរួម​ ក្នុង​ទស្សនកិច្ច​សិក្សា នៅតាម​រោងចក្រ​សហគ្រាស របស់​ប្រទេស​ជឿនលឿន ដូចជា ម៉ាឡេស៊ី និង កូរ៉េ​ជាដើម​។​

​រូបភាព​៖ និស្សិត​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅក្រៅ​ប្រទេស​។​

​រូបភាព​៖ និស្សិត​វិស្វកម្ម​ឧ​ស្សហកម្ម កំពុង​សិក្សា​នៅក្នុង​Lab​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ ​

​គួរបញ្ជាក់​ផងដែរ​ថា សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ កំពុងបើក​ឲ្យ​មានការ​ចុះឈ្មោះ​ប្រឡង​អាហារូបករណ៍ ដែលជា​ប្រភេទ​អាហារូបករណ៍​បញ្ចុះ​ថ្លៃ​សិក្សា​ពី ​២៥% រហូតដល់ ​១០០% សម្រាប់​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម និង​ជំនាញ​ផ្សេងៗ​ទៀត ហើយ​ការប្រឡង​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​សៅរ៍ ទី​១ ខែកញ្ញា​ខាងមុខនេះ​។ សម្រាប់​សិស្ស​ចប់​វិទ្យាល័យ​នៅ​ឆ្នាំនេះ និង​សិស្ស​ដែល​បាន​ចប់​កាលពី​ឆ្នាំមុនៗ អាចទាក់ទង​ចុះឈ្មោះ​ប្រឡង ​អាហារូបករណ៍ តាមរយៈ​តំណ​ភ្ជាប់​វេបសាយ​៖ https://www.zamanu.edu.kh/scholarship_form/៕