ព័ត៌មានជាតិ
អ្នកនាំពាក្យអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះព័ត៌មានដែលបង្កឱ្យស្ថានភាពកាន់តែអាក្រក់
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានអំពាវនាវពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលបានធ្វើចលនាសតិអារម្មណ៍របស់ពលរដ្ឋ ធ្វើឱ្យស្ថានការណ៍កាន់តែច្របូលច្របល់។ លោកស្នើឱ្យពលរដ្ឋយកព័ត៌មានពីប្រភពដែលទុកចិត្តចេញពីប្រភពផ្លូវការពីក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានស្នើសុំឱ្យពលរដ្ឋតាមដានព័ត៌មានចេញពីក្រុមអ្នកនាំពាក្យ និងបណ្ដាញសង្គមផ្លូវការរបស់នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងគណៈកម្មការសម្របសម្រួលព័ត៌មាននិងសាធារណមតិរបស់រដ្ឋាភិបាលជាដើម។
ការអំពាវនាវនេះគឺបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមដែលមានឥទ្ធិពលមួយចំនួនកាលពីយប់ថ្ងៃទី៣ ខែសីហា បានបង្ហោះព័ត៌មានពីការផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃជាថ្មី ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពីពលរដ្ឋជាខ្លាំង រហូតដល់អ្នកនាំពាក្យក្រសួងការពារជាតិបានចេញសេចក្ដីប្រកាសព័ត៌មានមួយទាំងយប់ច្រានចោលព័ត៌មាននេះ ដោយថាសភាពការណ៍នៅជួរមុខមានភាពស្ងប់ស្ថាត់ ប៉ុន្ដែកងកម្លាំងកម្ពុជាស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

គួរឱ្យដឹងផងដែរថា កាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានព្រមានពីលទ្ធភាពវាយលុកពីប្រទេសថៃជាថ្មីលើកម្ពុជាបន្ទាប់ពីអាជ្ញាធរប្រទេសនេះបានណែនាំឱ្យពលរដ្ឋខ្លួនដែលនៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទចេញឱ្យអស់ត្រឹមយប់ថ្ងៃទី៣ ខែសីហា។
ក្រសួងការពារជាតិបញ្ជាក់ថា៖ «តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី»។
ក្រោយមានព័ត៌មាននេះអ្នកនាំពាក្យកងទ័ពជើងគោកថៃបានបដិសេធ និងថាថៃមិនមានបំណងក្នុងការវាយប្រហារកម្ពុជាជាថ្មីនោះទេ។
កម្ពុជា និងថៃបានសម្រេចបានបទឈប់បាញ់មួយកាលពីយប់ថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីមានការជួបចរចាគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃនៅប្រទេសម៉ាឡេស៊ី ដោយមានអាមេរិក និងចិនជាសាក្សី។ ក្រោយសម្រេចបានបទឈប់បាញ់នេះអ្នកអង្កេតការអនុព័ន្ធយោធាអាស៊ានអន្តរកាលមួយក៏ត្រូវបានបង្កើតឡើងដើម្បីពិនិត្យការអនុវត្តន៍បទឈប់បាញ់នេះផងដែរ។
ក្រុមការងារនេះបានចាប់ផ្ដើមការងាររបស់ខ្លួននៅកម្ពុជាកាលពីថ្ងៃទី៣ ខែសីហា ដឹកនាំដោយអនុព័ន្ទយោធាម៉ាឡេស៊ីលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM បានចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ បេសកកម្មនេះមានរយៈពេល២សប្តាហ៍៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


